ក្រុងឡុងដ៍​: ក្រុម Nottingham Forest (Forest) នៅ Championship ក្រប​ខ័ណ្ឌកម្រិត​ទី២ របស់​ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ បាន​សម្រេច​បញ្ចប់​តួនាទី​គ្រូបង្វឹក​របស់លោក Sabri Lamouchi ក្រោយ​បរាជ័យ​ដល់ទៅ ៥ ​ប្រកួត​ជាប់​គ្នា ហើយ​បាន​តែង​តាំង​លោក Chris Hughton ជំនួស​វិញ​។​

បុរស​សញ្ជាតិ​បារាំង Lamouchi ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចាក​ចេញ ក្រោយ​មិន​អាច​ជួយ​ក្រុម​ឱ្យ​ឡើង​មក​កាន់​ក្រប​ខ័ណ្ឌ​កំពូល Premier League ដោយសារ​មាន​ទម្រង់​លេង​មិន​សូវ​ល្អ ដែល​បាន​ធ្វើ​ក្រុម​បាត់​ឱកាស​ប្រកួត​កាត់​ក្ដី (Play-off) ហើយ​ទម្រង់​ដ៏​យ៉ាប់​យឺន​ហ្នឹង បាន​បន្ត​មកដល់​រដូវកាល​ថ្មី​នេះ​ទៀត​។​

អតីត​អ្នក​ចាត់​ការ​ក្រុម Brighton លោក Hughton ត្រូវ​បាន​ប្រកាស​ឈ្មោះ​ភ្លាម​ៗ នៅ​ឯ​ទឹក​ដី​ City Ground ពោល​គឺ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ក្រោយក្រុម Forest បាន​អះអាង​ពី​ការ​ចាក​ចេញ​របស់​លោក​ Lamouchi​។

ក្លិប​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថា​៖ «ក្រុម Nottingham Forest មាន​ក្ដី​រីក​រាយ​ប្រកាស​ឱ្យ​ដឹង​ថា លោក Chris Hughton ត្រូវ​បាន​តែង​តាំង​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ក្រុម​»។

សេចក្ដី​ប្រកាស​នោះ បន្ត​ទៀត​ថា៖ «​លោក Hughton ចូល​រួម​ជាមួយ​ក្លិប​ប្រកប​ព្រម​​ដោយ​បទ​ពិសោធន៍​យ៉ាង​ក្រាស់​ក្រែល ដោយដឹក​នាំក្រុម Newcastle United និង Brighton ឱ្យ​ឡើង​ពី​ក្រប​​ខ័ណ្ឌ Championship និង​បន្ត​ទៅ​ជួយ​ក្រុម​ទាំង ២ នៅ Premier League ទៀត​»​។

លោក​ Hughton អត់​មាន​ដឹក​នាំ​ក្រុម​ណា​ឡើយ តាំង​ពី​ចែក​ផ្លូវ​ជាមួយ​ក្រុម Brighton ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៩​៕ AFP/VN

លោក Hughton សើច កំលុង​ពេល​ធ្វើ​សន្និសីទ​កាសែត មុន​ប្រកួត កាល​ដឹក​នាំ​ក្រុម Brighton​។