ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា​ហៅ​កាត់​ថា NPCC បាន​ចាប់​ដំណើរការ​ប្រកួត​ជ្រើសរើស​កីឡាករ កីឡាការិនី​ជនពិការ​នៅ​លើ​ប្រភេទ​កីឡា​ចំនួន​ ៤ ក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំង​ ១០ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ជ្រើសរើស​អ្នក​មាន​សមត្ថភាព​ត្រៀម​ដាក់​ឲ្យ​ហ្វឹកហាត់​ក្នុង​ការប្រមូលផ្តុំ​ក្រុម​ជម្រើស​ជាតិ​នៅ​ឆ្នាំ​ ២០១៩ ​នេះ​។

អគ្គលេខាធិការ NPCC លោក យី វាសនា បាន​អះអាង​ថា​ការរៀបចំ​ឲ្យ​មាន​ការប្រកួត​ជ្រើសរើស​អត្តពលិក​ជម្រើស​ជាតិ​ជនពិការ វា​ជា​រឿង​ដ៏ចាំបាច់ ដើម្បី​ជ្រើសរើស​បាន​អត្តពលិក​មាន​សមត្ថភាព​ដាក់​ឲ្យ​ហ្វឹកហ្វឺន​បន្ថែម​ត្រៀម​ប្រកួត​ដណ្តើម​មេដាយ​លើ​ឆាក​អន្តរជាតិ ពិសេស​ត្រៀម​ឆ្ពោះ​ទៅ​កាន់​ការធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​របស់​កម្ពុជា​នៅ​ឆ្នាំ​​ ២០២៣​។

លោក យី វាសនា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​៖ «​ប៉ារ៉ាឡាំពិក ស្ថិត​នៅ​ក្រោម​ស្តង់ដារ​សហព័ន្ធ​អន្តរជាតិ​ដែល​គេ​តម្រូវ​ឲ្យ​យើង​ជ្រើសរើស​អត្តពលិក​ដែល​មាន​គុណភាព​តាម​ស្តង់ដារ​អន្តរជាតិ អ៊ីចឹង​អ្នក​ដែល​មាន​សមត្ថភាព​នៅ​ក្រោម​ការកំណត់​នេះ​មិន​អាច​ចូលរួម​ប្រកួត​ជ្រើសរើស​បាន​ទេ​»​។

លោក​បន្ថែម​ថា​៖ «​បើ​យើង​មិន​ធ្វើការ​ប្រកួត​ជ្រើសរើស​បែប​នេះ គឺ​យើង​មិន​អាច​គោរព​ទៅ​តាម​គោលការណ៍​ជា​អន្តរជាតិ​បាន​ទេ ព្រោះ​ការជ្រើសរើស​នេះ​យើង​ត្រៀម​ប្រកួត​ក្នុង​ស្រុក​ផង និង​ក្រៅ​ប្រទេស​ផង ពិសេស​ការប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំ​ ២០២០ អ៊ីចឹង​វា​ជា​ការចាំបាច់​ក្នុង​ការជ្រើសរើស​អ្នក​មាន​សមត្ថភាព​យក​មក​បណ្តុះបណ្តាល ដើម្បី​សម្រិត​សម្រាំង​រក​អ្នក​ល្អៗ​ទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​បាន​។

លោក​បាន​បញ្ជាក់​ថា​៖ «​ការជ្រើសរើស​នេះ​វា​មាន​ការចាំបាច់​មួយ​ទៀត​ក្នុង​ការត្រៀម​លក្ខណៈ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ឆ្នាំ​ ២០២៣ ​ផង ដូច្នេះ​ការជ្រើសរើស​ក្នុង​កម្រិត​ជម្រើស​ជាតិ​នេះ​គឺ​យើង​ត្រូវ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ ដើម្បី​បង្កើន​ការយល់ដឹង និង​ការខិតខំ​ប្រឹងប្រែង​របស់​អត្តពលិក មិនមែន​រើស​តែ​ ១ ​ឆ្នាំ ហើយ​ដាក់​ជា​ជម្រើស​ជាតិ​រហូត​នោះ​ទេ ព្រោះ​បើ​យើង​ធ្វើ​បែប​នេះ​មនុស្ស​គ្មាន​ការតស៊ូ​ទេ​។ យើង​ត្រូវ​រៀបចំ​ឲ្យ​ប្អូនៗ​ក្មេង​ដទៃ​ទៀត​ដែល​មាន​លទ្ធភាព​អាច​ចុះ​ឈ្មោះ​ប្រកួតប្រជែង​ចូល​ជម្រើស​ជាតិ​ដែរ​»​។

គួរ​បញ្ជាក់​ថា​សហព័ន្ធ​កីឡា​ជនពិការ​ចំនួន​ ១០ ដែល​ដាក់​ឲ្យ​ប្រកួត​ប្រជែង​រក​អ្នក​មាន​សមត្ថភាព​ត្រៀម​ដាក់​ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​នេះ ហើយ​កាលពី​ម្សិលមិញ​នេះ​មាន​ការប្រកួត​នៅលើ​ប្រភេទ​កីឡា​បាល់បោះ​ជនពិការ​ភ្នែក លើក​ទម្ងន់​ជនពិការភ្នែក បាល់ទះ​អង្គុយ​ជនពិការ និង​ហែល​ទឹក​។ ចំណែក​សុក្រ​នេះ​មាន​ការប្រកួត​កីឡា​បាញ់​ធ្នូ​ជនពិការ វាយ​កូនឃ្លី​លើ​តុ​ជនពិការ និង​ប្រកួត​ហែល​ទឹក​បន្ត ហើយ​ពី​ថ្ងៃ​ទី​ ១៨ ដល់​ទី​ ២៥ ប្រកួត​កីឡា​អត្តពលកម្ម​កីឡា​បូស្យា បាល់បោះ​ជិះរទេះ​ជនពិការ និង​កីឡា​បាល់ទាត់​ចលករ​ខួរក្បាល​។

នៅ​ក្រោយ​ការប្រកួត​បាន​បញ្ចប់ គណៈកម្មការ​នឹង​ធ្វើការ​វាយតម្លៃ​ដើម្បី​រក​អ្នក​មាន​សមត្ថភាព​ត្រៀម​ដាក់​ហ្វឹកហាត់​នៅក្នុង​ក្រុម​ជម្រើស​ជាតិ​ជនពិការ​នៅ​ឆ្នាំ​នេះ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​ឲ្យ​ប្រមូលផ្តុំ​នូវ​កីឡាករ​ ២០ ​នាក់​ កីឡាការិនី​ ១០ ​នាក់ គ្រូបង្វឹក​ ១០ ​នាក់ និង​អនុរក្ស​ ២ ​នាក់​៕