ភ្នំពេញៈ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) បានបញ្ចប់ការប្រកួតជ្រើសរើសអត្តពលិកជនពិការ សម្រាប់ដាក់ចូលក្នុងក្រុមជម្រើសជាតិ ឆ្នាំ ២០១៨ ជាផ្លូវការហើយ បន្ទាប់ពីការប្រភេទកីឡាចុងក្រោយគឺ ហែលទឹក បានបញ្ចប់ការប្រកួត នៅអាងហែកទឹកនៃពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោក យី វាសនា អគ្គលេខាធិការ NPCC បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្រោយការប្រកួតថា៖ «ខ្ញុំអាចនិយាយបានថា នេះជាថ្ងៃចុងក្រោយ ដែលយើងរៀបចំការប្រកួតកីឡាហែលទឹក ជ្រើសរើសរកអត្តពលិក មានសមត្ថភាព ចូលជាជម្រើសរើសជាតិ ឆ្នាំ ២០១៨ ខណៈប្រភេទកីឡាអត្តពលកម្ម វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាញ់ធ្នូ បាញ់កាំភ្លើង បាល់ឱបជិះរទេះ និងបាល់បោះជិះរទេះ យើងបានធ្វើរួចរាល់ហើយ»។
យ៉ាងណាក៏ដោយ គណៈកម្មការនៅលើប្រភេទកីឡានីមួយៗ នៅមិនទាន់បានសម្រេច ឬបញ្ចេញបញ្ជីឈ្មោះបេក្ខភាព ដែលត្រូវដាក់ឲ្យចូលហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិកីឡាជនពិការ ក្នុងឆ្នាំនេះនៅឡើយទេ ដោយត្រូវពេលវេលាពិភាក្សាបន្ថែមទៀត ដើម្បីធ្វើឲ្យការជ្រើសរើសនេះ មានតម្លាភាព និងយុត្តិធម៌។
ប៉ុន្តែសម្រាប់ប្រភេទកីឡាបាញ់កាំភ្លើង ត្រូវបានលោក យី វាសនា ប្រាប់ថា មិនមានការជ្រើសរើសអត្តពលិក ដាក់ក្នុងក្រុមជម្រើសជាតិ នៅឆ្នាំ ២០១៨ នេះទេ ព្រោះមានអ្នកចូលរួមប្រកួតតិចពេក ជាពិសេសប្រភេទកីឡានេះ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងធ្វើឲ្យមានលក្ខណៈស្តង់ដារអន្តរជាតិ ជាមុនសិន។
គួរបញ្ជាក់ថា ក្រុមកីឡាជនពិការ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យមានការប្រមូលផ្តុំជាក្រុមជម្រើសជាតិ ជាលើកដំបូង ដោយក្នុងនោះក្រសួងអប់រំ បានកំណត់ឲ្យមានកីឡាករ ១៧ នាក់ កីឡាការិនី ៥ នាក់ គ្រូបង្វឹក៨ នាក់ និងអនុរក្ស ២ នាក់ សរុប ៣២ នាក់។
យ៉ាងណាមិញ សម្រាប់ការប្រកួតប្រភេទកីឡាហែលទឹកចុង កាលពីព្រឹកមិញនេះ មានអ្នកចូលរួមប្រកួតប្រជែងចំនួន ២៣ នាក់ គឺលើសពីឆ្នាំ ២០១៧ ដែលមានត្រឹម ១៤ នាក់ ហើយនៅក្នុងនោះកីឡាករពិការជើង យូ សុជា ដែលត្រូវចូលរោងការ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ក៏បានចូលរួមប្រកួតប្រជែងនឹងគេដែរ។
វត្តមានរបស់ យូ សុជា ក្នុងការប្រកួតកីឡាហែលទឹកនេះ ត្រូវបានលេចឮទៅដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា តាមរយៈលោក យី វាសនា ហើយក្រោយពីបានទទួលដំណឹងនេះភ្លាម លោក ហ៊ុន សែន និងលោកស្រី ប៊ុនរ៉ានី ហ៊ុន សែន បានចូលរួមចងដៃពិធីការរបស់ យូ សុជា ចំនួន ១ លានរៀល ដែលថវិកានេះ ត្រូវបានលោក យី វាសនា ប្រគល់ឲ្យ យូ សុជា ភ្លាមៗតែម្តង។
ជាមួយគ្នានេះ លោក យី វាសនា បានបន្ថែមថា៖ «បើទោះបីជា បងប្អួនជនពិការទាំងអស់ មិនបានជាប់ជម្រើសជាតិពេញសិទ្ធិ ក្រោយពីការសម្រេចរបស់គណៈកម្មការ ក៏យើងនឹងដាក់ពួកគាត់ ជាអត្តពលិកត្រៀមជម្រើសជាតិ ផងដែរ ដើម្បីលើកទឹកចិត្តដល់ពួកគាត់»។
លោកបានបន្ថែមទៀតថា៖«ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវឲ្យអាណាព្យាបាល និងប្អូនៗទាំងអស់ ដែលចូលចិត្តលេងកីឡា សូមមកចុះឈ្មោះនៅ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជារបស់យើង ដើម្បីយើងមានលទ្ធភាពរៀបចំឲ្យមានការហ្វឹកហាត់ ជាបន្តបន្ទាប់ ព្រោះបើចង់ជាប់ជម្រើសជាតិ ត្រូវការហ្វឹកហាត់យ៉ាងតិចពី ១ ឆ្នាំ ទៅជាង ១ ឆ្នាំ ដើម្បីអាចបានកម្រិតចូលជម្រើសជាតិ បាន»៕