ញូវយ៉ក៖ កីឡាការិនីវាយកូនបាល់ (តិន្នីស) អាជីពសញ្ជាតិជប៉ុន Naomi Osaka បានឆ្លងវគ្គ ៤ នាក់ចុងក្រោយហើយ កាលពីថ្ងៃអង្គារ ក្នុងកម្មវិធី US Open នាក្រុងញូវយ៉ក សហរដ្ឋអាមេរិក ខណៈ Alexander Zverev របស់អាល្លឺម៉ង់ក៏កក់កៅអីក្នុងវគ្គផ្ដាច់ព្រ័ត្រនេះដែរ សម្រាប់ផ្នែកបុរស។
Osaka ដែលមានចំណាត់ថ្នាក់ទី ៤ ក្នុងព្រឹត្តិការណ៍នេះ ទម្លាក់កីឡាការិនីម្ចាស់ស្រុក Shelby Rogers ជាមួយនឹងជ័យជម្នះ ២-០ សិត ឡើងទៅជួបកីឡាការិនីម្ចាស់ផ្ទះ ១ រូបផ្សេងទៀត Jennifer Brady ដើម្បីប្រជែងគ្នាទៅលេងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃសៅរ៍។
កីឡាការិនីវ័យ ២២ ឆ្នាំ Osaka ត្រូវការពេលតែ ១:២០ ម៉ោងប៉ុណ្ណោះ សម្រាប់ការប្រកួតនាកីឡដ្ឋាន Arthur Ashe ដែលរៀបចំដោយគ្មានទស្សនិកជន ដើម្បីយកឈ្នះគូប្រកួតវ័យ ២៧ ឆ្នាំ ក្នុងលទ្ធផល ៦-៣ និង ៦-៤ ហើយកីឡាការិនីលេខ ៩ ពិភពលោកបានប្រាប់ថា ជ័យជម្នះរបស់នាងនេះ គឺទូទាត់សម្រាប់បរាជ័យពីមុនចំនួន ៣ លើក ក្រោមថ្វីដៃរបស់កីឡាការិនីទី ៩៣ ពិភពលោក Rogers។
Osaka ដែលធ្លាប់លើកពាន US Open ក្នុងឆ្នាំ ២០១៨ និយាយថា៖ «និយាយដោយត្រង់ខ្ញុំពិតជាមានអារម្មណ៍ថា នាងល្អជាង ដោយសារខ្ញុំមិនដែលឈ្នះនាងសោះ។ ការចងចាំទាំងអស់ហ្នឹងស្ថិតក្នុងអារម្មណ៍របស់ខ្ញុំរហូត ដូច្នេះបន្ថែមពីលើការចង់ឈ្នះ ខ្ញុំក៏គិតលើរឿងសងសឹកតិចតួចដែរ»។
រីឯកីឡាការិនី Brady ដែលជាគូប្រជែងរបស់ Osaka នៅវគ្គបន្ទាប់ នេះគឺជាលើកដំបូងរបស់នាងហើយក្នុងការបង្ហាញវត្តមាននៅ Grand Slam ក្នុងវគ្គ ១/២ ក្រោយប្រើពេល ១:៩ ម៉ោង ដើម្បីយកឈ្នះកីឡាការិនីកាហ្សាក់ស្ថាន Yulia Putintseva ក្នុងពិន្ទុ ៦-៣ និង ៦-២។
កីឡាការិនី Brady វ័យ ២៥ ឆ្នាំ និយាយថា៖ «និយាយដោយស្មោះ ខ្ញុំមានអារម្មណ៍អន្ទះអន្ទែងណាស់។ ខ្ញុំព្យាយាមគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងធ្វើចិត្តឲ្យត្រជាក់ ដើម្បីផ្ដោតអារម្មណ៍លើការប្រកួតនៅចំពោះមុខ»។
ចំណែកឯផ្នែកបុរស កីឡាករ Zverev វ័យ ២៣ ឆ្នាំ ប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រកួត ដែលខ្លួនចាញ់នៅសិតដំបូង រហូតវាយបកយកឈ្នះកីឡាករក្រូអាស៊ី Borna Coric បានវិញ ក្នុងលទ្ធផល ៣-១ សិត គឺ ១-៦ ៧-៦ ៧-៦ និង ៦-៣ ដោយប្រើពេលដល់ទៅ ៣:២៥ ម៉ោង។
កីឡាករ Zverev ដែលបានឡើងទៅវគ្គ ១/២ ពាន Grand Slam ២ ដងបន្តបន្ទាប់គ្នា នៅឆ្នាំនេះ និយាយថា៖ «ខ្ញុំប្រាប់ខ្លួនឯងថា ខ្ញុំចាញ់ ៦-១ និងត្រូវនាំមុខ ៤-២ ដូច្នេះ ខ្ញុំគ្មានអ្វីត្រូវចាញ់ទៀតទេពេលនេះ។ ខ្ញុំមានអារម្មណ៍ ដូចខ្ញុំនៅអាចធ្វើរឿងមួយចំនួនឲ្យប្រសើរជាងនេះ ហើយវានឹងផ្ដល់ឲ្យខ្ញុំនូវទំនុកចិត្ត»។
កីឡាករលេខ ៧ ពិភពលោកនឹងទៅប្រឈមជាមួយកីឡាករអេស្ប៉ាញ Pablo Carreno Busta ដែលឈ្នះស្វ័យប្រវត្តិនៅវគ្គ ១៦ នាក់ ដោយសារកីឡាករស៊ែប៊ី Novak Djokovic បង្កកំហុសអចេតនាត្រូវដកសិទ្ធិ ដោយការវាយកូនបាល់ចោល តែទៅចំអាជ្ញាកណ្ដាលខ្សែបន្ទាត់ស្រី ខណៈក្នុងវគ្គ ៨ នាក់នេះ កីឡាករលេខ ២៧ ពិភពលោកបានផ្ដួលកីឡាករ Denis Shapovalov របស់កាណាដា ជាមួយនឹងលទ្ធផល ៣-៦ ៧-៦ ៧-៦ ០-៦ និង ៦-៣៕ AFP/VN