សហរដ្ឋអាមេរិកៈ កីឡាការិនី​វាយ​កូនបាល់​ជាប់​លេខ​ ១ ​ពិភពលោក Naomi Osaka បាន​ប្រកួត​ឈ្នះ​ ៣ ​សិត​កាលពី​ថ្ងៃ​ពុធ​នៅ​ក្របខ័ណ្ឌ ATP និង WTA Cincinnati ខណៈ​កីឡាការិនី​អូស្ត្រាលី Ashleigh Barty ឈ្នះ​កីឡាការិនី Maria Sharapova​។

កីឡាការិនី​ជប៉ុន Osaka ជា​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ US Open និង​ Australian Open បាន​ចំណាយ​ពេលវេលា​ជាង​ ២ ​ម៉ោង​ដើម្បី​ឈ្នះ​កីឡាការិនី Aliaksandra Sasnovich ក្នុង​លទ្ធផល ៧-៦(៧/៣), ២-៦, ៦-២​។

តារា​វាយ​កូន​បាល់​ជប៉ុន​រូបនេះ​នឹង​ត្រូវ​ជួប​សម្រាប់​ការប្រកួត​ជុំ​ទី​ ៣ ​ជាមួយ​កីឡាការិនី​តៃវ៉ាន់ Hsieh Su-Wei ដែល​បាន​ឈ្នះ​កីឡាការិនី​អាមេរិក Jennifer Brady ក្នុង​លទ្ធផល ៧-៦ (១១/៩) និង ៦-៣​។

ទីបំផុត​កីឡាការិនី Osaka បាន​ឈ្នះ​​ ១ ​ប្រកួត​ក្នុងការ​ប្រកួត​កម្ដៅ​សាច់ដុំ​នៅ​ក្របខ័ណ្ឌ US Open ក្រោយពី​បាន​ចាញ់​ជុំ​ទី​ ១ ​កាលពី​ឆ្នាំមុន​។

កីឡាការិនី Osaka បាន​និយាយ​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ព្យាយាម​ប្រកួត​ធម្មតា​ប៉ុណ្ណោះ ហើយ​ក្នុង​សិត​ទី​ ២ ខ្ញុំ​បាន​ពង្រឹង​ការប្រកួត​របស់​ខ្ញុំ​រហូត​បាន​ជ័យជម្នះ​តែម្ដង​»​។

កីឡាការិនី​រូបនេះ​បាន​បន្ថែម​ថា​៖ «​ឥឡូវ​ខ្ញុំ​គ្រាន់តែ​ចង់​សប្បាយរីករាយ ហើយ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​រំពឹង​ទុក​រួច​មក​ហើយ​»​។

ទន្ទឹម​នេះ​ដែរ​កីឡាការិនី​ឆ្នើម​របស់​អូស្ត្រាលី Barty អាយុ​ ២៣ ​ឆ្នាំ​បាន​ឈ្នះ​ការប្រកួត​ជាមួយ​អតីត​កីឡាការិនី​ជាប់​លេខ​​ ១ ​ពិភពលោក​ក្នុង​រយៈពេល​តែ​ជាង​ ៩០ ​​នាទី​ប៉ុណ្ណោះ​។

ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Roland Garros រូបនេះ​បានឈ្នះ​ម្ចាស់​ជើងឯក Grand Slam ៥ ​ជំនាន់ Sharapova ដែល​បាន​ឈ្នះ Cincinnativ នៅ​ឆ្នាំ​ ២០១១ ហើយ​នេះ​ជា​ជ័យជម្នះ​លើក​ទី​ ២ ​របស់ Barty នៅ​រដូវកាល​នេះ​ក្រោយពី​បាន​ឈ្នះ Australian Open​។

នេះ​ជា​ជ័យជម្នះ​លើក​ទី​ ៤០ ​របស់​កីឡាការិនី Barty នៅ​ឆ្នាំ​ ២០១៩ ​នេះ ហើយ​រូបនាង​នឹង​ត្រូវ​ឡើង​ទៅ​ជួប​កីឡាការិនី​អេស្តូនី Anett Kontaveit ដែល​បាន​ឈ្នះ​កីឡាការិនី​ប៉ូឡូញ Iga Swiater ៦៤ ៧៦ (៧/២)​។

កីឡាការិនី Barty បាន​និយាយ​ថា​៖ «​នេះ​ពិតជា​មិនមែន​ជា​វគ្គ​ឈឺចាប់​ដូច​កាលពី​សប្ដាហ៍​មុន​នោះ​ទេ ហើយ​ខ្ញុំ​បានដឹងថា ខ្ញុំ​មានឱកាស​តិចតួច​ណាស់​ក្នុងការ​បាន​ឡើង​ទៅ​ការប្រកួត​នៅ​ទីក្រុង​តូរ៉ុនតូ ប៉ុន្តែ​នៅទីនេះ​គឺ​គ្មាន​ការព្រួយបារម្ភ​នោះទេ​»​។

កីឡាការិនី Barty បាន​ឈ្នះ​ ១៨ ​លើក​ក្នុងនោះ​ឈ្នះ​កីឡាការិនី Sharapova ចំនួន​​ ៤ ​លើក​ដោយសារ​កីឡាការិនី​រុស្ស៊ី​រូបនេះ​បាន​ធ្វើឲ្យ​មាន​កំហុស​ ៣១ ​លើក​៕ SN