ក្រុង​ប៉ារីស៖ ក្លិប Paris Saint-Germain បាន​បើក​ឆាក​ការ​ប្រកួត​ Champions League ​ឈ្នះ​​ក្រុម Real Madrid ៣-០ ​ពី​ថ្ងៃ​ពុធ​ ខណៈ​ក្រុម Atletico តាម​ស្មើ​ក្រុម Juventus ២-២។​

ទោះ​ជា​គ្មាន​វត្តមាន​កីឡាករ Neymar, Kylian Mbappe និង​ Edinson Cavani យ៉ាង​ណា​ក្ដី​ ​ប៉ុន្តែ​ក្រុម PSG នៅ​តែ​អាច​ឈ្នះ​នៅ​ថ្ងៃ​​បើក​ឆាក​ក្របខ័ណ្ឌ​អឺរ៉ុប​ដោយ​កីឡាករ Angel Di Maria រក​បាន ​២ ​គ្រាប់​ និង ​១ ​គ្រាប់​ទៀត ​ជា​របស់​​កីឡាករ​ Thomas Meunier សម្រាប់​ក្រុម​ PSG។​

ទន្ទឹម​នេះ​ដែរ​ ក្រុម Juventus បាន​នាំ​មុខ ​២ ​គ្រាប់ ​​ទៅ​លើ​គូ​ប្រកួត​ខ្លួន​នៅ​ដើម​តង់​ទី ២ ​ទៅ​ហើយ ​ប៉ុន្តែ​នៅ​ចុង​តង់​នេះ​ស្រាប់​តែ​ក្រុម Atletico រក​បាន ​២ ​គ្រាប់​វិញ​ធ្វើ​ឲ្យ​ក្រុម​ទាំង ​២ ​​នេះ​ស្មើ​គ្នា ២-២​។​​​​

លោក Maurizio Sarri គ្រូ​បង្វឹក​ក្លិប Juventus ​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ យើង​លេង​បាន​ល្អ ​ប៉ុន្តែ​យើង​មាន​រសជាតិ​ជូរ​​​ក្នុង​មាត់​ឥឡូវ​នេះ​ព្រោះ​យើង​​​គិត​​​ថា ​ការ​ប្រកួត​​នេះ​ស្ថិត​ក្នុង​ដៃ​របស់​យើង​​​ទៅ​ហើយ​»៕ AFP/SN