ក្រុង​ប៉ារីស៖ គ្រូ​បង្វឹក​ក្លិប Paris Saint-Germain (PSG) លោក Thomas Tuchel បាន​ទទួល​ស្គាល់​ថា ការ​ធ្វើ​​ពិធី​​ខួប​​កំណើត​ថ្មីៗ​របស់​កីឡាករ ​Neymar គឺ​ជា «ការ​រំខាន​»​ នៅ​ចំ​ពេល​សំខាន់​មួយ​ ក្នុង​រដូវកាល​នេះ​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​របស់​​ប្រេស៊ីល​រូប​នេះ​បាន​ជួយ​ឲ្យ​​​ក្លិប​នាំ​មុខ​គេ​ក្នុង​ក្របខ័ណ្ឌ​ Ligue 1 ដោយ​​ទទួល​បាន​ជ័យជម្នះ​ ៥-០ ​លើ​ក្លិប​ Montpellier ដែល​នៅ​សល់​គ្នា​ត្រឹម​ ​៩ ​​នាក់ ​កាល​ពី​ថ្ងៃ​សៅរ៍។ ចំណែក​ខ្សែ​ប្រយុទ្ធ Kylian​ Mbappe ក៏​បាន​បង្ហាញ​ទង្វើ ​នាំ​ឲ្យ​គ្រូ​បង្វឹក​រូប​នេះ​ខក​ចិត្ត​ខ្លាំង​​ផង​ដែរ​។

ខ្សែ​ប្រយុទ្ធ Neymar ​ដែល​លាប​សក់​ពណ៌​ផ្កា​ឈូក​​នោះ​ បាន​រង​របួស​ និង​ខឹង​​សម្បា ចំពោះ​​មន្រ្តី​រៀប​ចំ​ការ​​ប្រកួត​ ​ខណៈ​កីឡាករ​​ Pablo ​Sarabia,​ Angel Di Maria, ​Kylian​ Mbappe ​និង​ Layvin Kurzawa​ សុទ្ធ​តែ​រក​បាន​ម្នាក់​ ​១ ​គ្រាប់​ ចំណែក ​១ ​គ្រាប់​ទៀត​ជា​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ Daniel Congres​ ​នៃ​ក្លិប​ Montpellier ហើយ​ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ PSG ​នាំ​មុខ​គេ ១៣ ពិន្ទុ​ដាច់ និង​​​ឈរ​នៅ​លើ​កំពូល​តារាង​ Ligue 1។​

កាល​ពី​ថ្ងៃ​អាទិត្យ​ ខ្សែប្រយុទ្ធ​ Neymar ​គ្រោង​នឹង​ធ្វើ​ពិធី​ជប់​លៀង​សម្រាប់​ថ្ងៃ​ខួប​កំណើត​លើក​ទី ​២៨ ​របស់​ខ្លួន​នៅ​ក្លិប​រាត្រី​ ​១ ​កន្លែង ​បើ​ទោះ​ជា​ក្រុម​របស់​​គេ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Nantes នៅ​ថ្ងៃ​អង្គារ​ក៏​ដោយ​។​

លោក Tuchel បាន​និយាយ​ថា៖ «​វា​ជា​ការ​រំខាន​មួយ គឺ​​​ពិត​ជា​រំខាន​។​ ខ្ញុំ​តែងតែ​ចង់​ការពារ​កូន​ក្រុម​របស់​ខ្ញុំ​ ហើយ​ប្រសិន​បើ​មាន​រឿង​ពិបាក​នឹង​ជជែក​គ្នា​នោះ​ ខ្ញុំ​ចូល​ចិត្ត​និយាយ​នឹង​ពួក​គេ​ដោយ​ត្រង់ៗ​តែ​ម្ដង​។​ ​មាន​ការ​រំខាន​ជា​ច្រើន​ ហើយ​ពួក​គេ​ផ្ដល់​ការ​ចាប់​អារម្មណ៍​ដែល​យើង​មិន​ចាំបាច់​ទាល់​តែ​សោះ ​ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ចង់​ជជែក​គ្នា​​ពី​បញ្ហា​នេះ ​ព្រោះ​ពេល​នោះ​រឿង​នេះ​បាន​ក្លាយ​ជា​បញ្ហា​សំខាន់​»។​

កីឡាករ Neymar បាន​កម្ដៅ​សាច់​ដុំ​ ដោយ​ពាក់​អាវ​មាន​សរសេរ​ឈ្មោះ Kobe Bryant និង​លេខ ​២៤​​ របស់​តារា​បាល់​បោះ​ ដែល​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​ កាល​ពី​ចុង​សប្ដាហ៍​មុន​។​ នៅ​ពេល​ Neymar រក​មិន​បាន​គ្រាប់​បាល់​ ​ដោយ​គ្រាន់​តែ​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន​គ្រាប់​បាល់​នោះ​ រូប​គេ​បាន​បង្ហាញ​ទម្រង់​លេង​ដូច​ធម្មតា ​​ប៉ុន្តែ​បាន​រង​របួស​នៅ​ចុង​ម៉ោង​តង់​ទី ​១ ​ដែល​ត្រូវ​ការ​សម្រាក​ព្យាបាល​​រយៈពេល​យូរ ​​នៅ​ពេល​រូប​គេ​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ Arnaud Souquet ​របស់​​ក្លិប Montpellier។​

ជាមួយ​គ្នា​នេះ គ្រូ​បង្គោល​លោក Tuchel ក៏​បាន​បង្ខំ​ចិត្ត​ឆ្លើយ​សំណួរ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ប្រតិកម្ម​តប​ដោយ​កំរោល​របស់​ខ្សែ​ប្រយុទ្ធ Mbapee ដែល​បាន​កើត​ឡើង​នៅ​តង់​ទី ​២ ​ខណៈ​ដែល​កីឡាករ​ Edinson Cavani បាន​ចូល​បង្ហាញ​ខ្លួន​​ជា​លើក​ដំបូង ​តាំង​ពី​ផែនការ​ទៅ​ចូលរួម​នឹង​ក្លិប​ Atletico Madrid កាល​ពី​ខែ​មករា​ បាន​បរាជ័យ​។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​វា​មើល​ទៅ​មិន​ល្អ​ទេ​ ក្នុង​នាម​​យើង​ជា​កីឡាករ​លេង​នៅ​​ក្លិប​ល្អ​​មួយ​បែប​នេះ​»។​​​ ក្រុម​នេះ​ គឺ​ជា​ក្រុម​ដែល​មាន​​វិជ្ជាជីវៈ​ និង​ត្រូវ​បាន​ចាប់​អារម្មណ៍​ចំពោះ​​ពួក​គេ​​រៀង​រាល់​ថ្ងៃ​ ​ប៉ុន្តែ​ការ​បង្ហាញ​ទង្វើ​បែប​នេះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​យ៉ាង​ខ្លាំង ​ព្រោះ​វា​មិន​សម​ទាល់​តែ​សោះ»។​

លោក Tuchel បន្ត​ថា៖ «​ខ្ញុំ​បាន​ពន្យល់​ប្រាប់​ Mbapee ពី​មូលហេតុ​ដែល​គាត់​ចូល​លេង​រួច​ហើយ​។ ខ្ញុំ​តែងតែ​ធ្វើ​ការ​សម្រេច​ចិត្ត​សម្រាប់​រដូវ​កាល​លេង​កីឡា​នេះ​ ហើយ​នេះ​ជា​កីឡា​បាល់ទាត់​ គឺ​មិន​មែន​វាយ​កូន​បាល់​នោះ​ទេ​ ហើយ​អ្នក​ត្រូវ​គោរព​គ្រប់​គ្នា​»៕ AFP/SN