ក្រុងញូវយ៉ក: កីឡាករ Jose Ramirez បានឈ្នះខ្សែក្រវាត់ពិភពលោកដែលនៅទំនេររបស់ស្ថាប័នក្រុមប្រឹក្សាកីឡាប្រដាល់ពិភពលោក (WBC) ទម្ងន់ ៦៣,៥ គីឡូក្រាម កាលពីថ្ងៃសៅរ៍ ក្រោយពីឈ្នះពិន្ទុជាឯកច្ឆន្ទលើកីឡាករអាមេរិកដូចគ្នា Amir Imam ក្នុងការប្រកួតចំនួន ១២ ទឹកពេញ។
Ramirez ដែលជាកីឡាករប្រដាល់អូឡាំពិកម្នាក់កាលពីឆ្នាំ ២០១២ នោះ បានរក្សាការមិនស្គាល់ចាញ់របស់ខ្លួន តាមរយៈការធ្វើឲ្យកំណត់ត្រាឈ្នះរបស់គេកើនដល់ ២២ មិនដែលចាញ់ ក្នុងនោះផ្តួលដៃគូឲ្យសន្លប់ ១៦ លើក ខណៈដែលរូបគេបានឈ្នះខ្សែក្រវាត់ពិភពលោក WBC ដែលត្រូវបានបោះបង់ដោយកីឡាករ Terence Crawford នៅពេលដែលរូបគេបានដំឡើងទម្ងន់ ៦៦,៨ គីឡូក្រាម។
កីឡាករ Ramirez ដែលបានឈ្នះពិន្ទុ ១១៥-១១៣ ១១៧-១១១ និង១២០-១០៨ ក្នុងការប្រកួតដ៏គួរឲ្យទាក់ទាញនៅលើសង្វៀន Madison Square Garden ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនោះ បានឲ្យដឹងថា៖ «វាជាសុបិនមួយដែលក្លាយជាការពិត»។ ប៉ុន្តែ Ramirez បានធ្វើការគ្រប់គ្រងស្ទើរតែទាំងស្រុងក្នុងការប្រកួតប៉ុន្មានទឹកចុងក្រោយ តាមរយៈការវាយទៅលើ Imam ចំគោលដៅយ៉ាងល្អក្នុងទឹកទី ១។
ភ្នែកស្តាំរបស់ Imam មានសភាពហើមយ៉ាងខ្លាំងក្នុងទឹកទី ១១ ហើយ Ramirez បានដាក់សម្ពាធយ៉ាងខ្លាំងក្នុងទឹកទី ១២ បើទោះបីរូបគេមិនបានវាយដៃគូឲ្យសន្លប់ក៏ដោយ។
Ramirez បានបញ្ជាក់ថា៖ «អ្នកអាចបង្ហាញក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ប៉ុន្មានទឹកចុងក្រោយនេះថា ខ្ញុំកំពុងតែជួបពេលវេលាដ៏អស្ចារ្យ។ Amir Imam គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយរូបគេបានត្រៀមលក្ខណៈយ៉ាងល្អ និងបានបង្កើតឲ្យមានការប្រកួតដ៏អស្ចារ្យមួយ»។
ការប្រកួតនេះ បានតម្រូវឲ្យលោក Don King ដែលជាអ្នករៀបចំការប្រកួត និងលោក Bob Arum ត្រូវធ្វើការប្រឈមមុខដាក់គ្នាជាថ្មី។
លោក Arum ប្រធានអង្គភាពរៀបចំការប្រកួត Top- Rank គឺជាអ្នកគ្រប់គ្រងរបស់ Ramirez ស្របពេលដែលលោក King ជាអ្នករៀបចំការប្រកួតរបស់ Imam វ័យ ២៧ ឆ្នាំ ដែលនៅតែរក្សាកំណត់ត្រាឈ្នះ ១២ លើកដដែល ប៉ុន្តែ ចាញ់ ២ លើក។
វាជាការប្រកួតជាលើកទី ១ ដែលកីឡាកររបស់លោក Arum និងលោក King បានប៉ះគ្នា ចាប់តាំងពីឆ្នាំ ២០១១ ដែលនៅពេលនោះ កីឡាករព័រតូរីកូ Miguel Cotto បានការពារខ្សែក្រវាត់ WBA របស់ខ្លួនយ៉ាងជោគជ័យ ក្រោយពីផ្តួលកីឡាករនីហ្គារ៉ាគ័រ Ricardo Mayorga ឲ្យសន្លប់ក្នុងទឹកទី ១២៕