ក្រុងម៉ា្រឌីដ៖ ក្រុមអធិរាជស Real Madrid ទម្លាក់គូប្រជែងស្លាប់រស់ គឺក្រុមអ្នកមានបុណ្យ Barcelona មកលេខ ២ ក្នុងតារាងពិន្ទុក្របខ័ណ្ឌ La Liga ក្រោយប្រកួតឈ្នះក្រុមម្ចាស់ផ្ទះ Real Sociedad ២-១ កាលពីថ្ងៃអាទិត្យ ខណៈខ្សែការពារ Sergio Ramos ត្រូវដូរចេញ ក្រោយស៊ុតបាល់គ្រាប់ដំបូងឲ្យក្រុមនាំមុខ។
ការប្រកួតនេះ វគ្គទី១ ក្រុមទាំង ២ មិនអាចធ្វើអ្វីគ្នាបានទេ លុះដល់តង់ទី២ នាទីទី ៥០ ទើបកីឡាករ Ramos មានឱកាសស៊ុតបាល់ប៉េណាល់ទីសម្រេចជួយឲ្យក្រុមភ្ញៀវនាំមុខ ១-០ មុននឹងខ្លួនឯងត្រូវប្ដូរចេញដោយសារមានរបួស តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថា នេះជាស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនភ្លាត់ ២០ គ្រាប់ជាប់ៗគ្នារបស់កីឡាកអេស្ប៉ាញវ័យ ៣៤ ឆ្នាំរូបនេះ។
ក្រោយមកនាទីទី ៧០ ខ្សែប្រយុទ្ធ Karim Benzema បានបន្ថែមគម្លាតនាំមុខឲ្យក្រុមអធិរាជស ១ គ្រាប់ទៀត ដោយការស៊ុតបាល់ក្នុងតំបន់គ្រោះថ្នាក់បានយ៉ាងល្អ តែខ្វះ ៧ នាទីចប់ការប្រកួត ក្រុម Real Sociedad ដែលកំពុងប្រជែងយកតំណែងក្រុមនៅទីកំពូលទាំង៤ (Top 4) ចាប់ផ្ដើមមានសង្ឃឹមវិញខ្លះៗ ក្រោយខ្សែបម្រើ Mikel Merino ស៊ុតបំប៉ោងសំណាញ់ទីបន្ថយការនាំមុខមកត្រឹម ១ គ្រាប់។ លទ្ធផល ២-១ បានបន្តរហូតដល់ចប់ការប្រកួត។
គ្រូបង្វឹកលោក Zinedine Zidane ពោលសរសើរកីឡាករ Ramos ដែលបានក្លាយជាខ្សែការពាររកគ្រាប់បាល់បានច្រើនជាងគេរហូតដល់ ៦៨ គ្រាប់ ក្នុងក្របខ័ណ្ឌ La Liga ពោលគឺបានបំបែកកំណត់ត្រារបស់លោក Ronald Koeman ដោយថ្លែងថា៖ «គេគឺជាខ្សែការពារល្អបំផុតក្នុងលោក។ អ្វីដែលគេធ្វើ និងសម្រេចបាន ជាច្រើនឆ្នាំមកនេះ គឺអស្ចារ្យមែនទែន។ ពេលនេះ យើងបារម្ភពីរបួសរបស់គេ តែសង្ឃឹមថា នឹងមិនធ្ងន់ធ្ងរទៅចុះ»។
ក្រោយដណ្ដើមបាន ៣ ពិន្ទុនេះ ក្រុម Real មាន ៦៥ ពិន្ទុ ស្មើគ្នាជាមួយក្រុម Barca ដែលលេងស្មើក្រុម Sevilla 0-0 តែដោយសារ La Liga របស់អេស្ប៉ាញប្រើរូបមន្តនៃប្រវត្តិជួបគ្នា (Head-to-Head) មិនមែនគ្រាប់សល់ពីការស៊ុតបញ្ចូលទី ដូច្នេះ Real ឈរលេខ ១ ត្រឹមសប្ដាហ៍ទី ៣០៕ AFP/VN