ក្រុងសៅប៉ូឡូៈ កីឡាករវ័យក្មេង Takefusa Kubo ជាសមាជិកថ្មីរបស់ក្លិប Real Madrid បានប្រាប់ក្រុមអ្នកកាសែតនៅព្រឹត្តិការណ៍ Copa America ពីសប្ដាហ៍មុនថា វាជាកិត្តិយសណាស់ដែលត្រូវបានគេដាក់រហស្សនាមថា «Messi នៅជប៉ុន» នោះ។
Real ដែលជាក្លិបធំបំផុតនៅអេស្ប៉ាញបានប្រកាសថា កីឡាករវ័យ ១៨ ឆ្នាំរូបនេះបានចាកចេញពីក្លិប FC Tokyo មកចូលរួមក្លិបជាម្ចាស់ជើងឯកអឺរ៉ុប ១៣ លើកសម្រាប់ក្រុម B របស់ពួកគេនៅរដូវកាលក្រោយនេះ។
កីឡាករ Kubo និយាយក្នុងទីក្រុងសៅប៉ូឡូប្រទេសប្រេស៊ីលថា៖ «ការដាក់ងារជា Messi នៅជប៉ុននេះគឺជាកិត្តិយសមួយដែលធ្វើឲ្យខ្ញុំមានមោទនភាព ប៉ុន្តែខ្ញុំមិនទាន់ឈានដល់កម្រិតដូចគាត់នៅឡើយទេ ហើយខ្ញុំចូលចិត្តពឹងលើសមត្ថភាព និងកម្លាំងរបស់ខ្ញុំ»។
Kubo ធ្លាប់បានសិក្សានៅសាលារបស់ក្លិប Barcelona នៅពេលគាត់មានអាយុទើប ១០ ឆ្នាំ ប៉ុន្តែបានចេញពីទីនោះនៅឆ្នាំ ២០១៥ ក្រោយពីក្លិបនេះត្រូវបានផ្ដន្ទាទោសពីថ្នាក់ដឹកនាំសហព័ន្ធបាល់ទាត់ FIFA ពីបទល្មើសច្បាប់ដោយចុះកុងត្រាទិញកីឡាករមិនទាន់គ្រប់អាយុចូលលេង។
ទេពកោសល្យរបស់គាត់ដែលលេងបានល្អដូចកីឡាករ Messi នៅអាហ្សង់ទីននោះបានធ្វើឲ្យគាត់មានអារម្មណ៍ដូចកាលនៅពីក្មេងដោយគាត់បានបង្ហាញថា នេះជាសមត្ថភាពផ្ទាល់របស់គាត់។
កីឡាករ Kubo បានបញ្ជាក់ថា៖ «មានកីឡាករមួយចំនួនដែលមានសមត្ថភាពលេងដូចខ្ញុំដែរ ប៉ុន្តែខ្ញុំគឺខ្ញុំ ហើយខ្ញុំគឺមិនមែនជាកីឡាករផ្សេងទៀតនោះទេ»។
ជុំវិញការចុះកុងត្រាជាមួយក្លិប Real នេះ គាត់មិនត្រូវបានគេអនុញ្ញាតឲ្យប្រាប់ប្រព័ន្ធផ្សព្វផ្សាយទេ ប៉ុន្តែបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ និងជប៉ុនបានរាយការណ៍ថាកីឡាករ Kubo បានចុះកុងត្រាជាមួយក្លិបនេះរយៈពេល ៦ ឆ្នាំក្នុងតម្លៃខ្លួន ២ លានអឺរ៉ូដែលស្មើនឹង ២,២៥ លានដុលា្លរអាមេរិកក្នុង ១ ឆ្នាំៗ៕ SN