ក្រុងសេវីឡា: កីឡាករឆ្នើមប្រចាំការប្រកួត Marco Asensio បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ហើយខ្សែប្រយុទ្ធ Cristiano Ronaldo ក៏រកបានគ្រាប់បាល់បញ្ចូលទីផងដែរ ខណៈដែលក្រុម Real Madrid បានរក្សាការបង្ហាញពីភាពខ្លាំងរបស់ខ្លួន តាមរយៈការដណ្តើមបានជ័យជម្នះ ៥-៣ នៅលើទឹកដីក្រុម Real Betis ក្នុងក្របខ័ណ្ឌ La Liga កាលពីថ្ងៃអាទិត្យ។
Real បានដេញតាមពីក្រោយ ២-១ នៅត្រឹមតង់ទី១ ក្នុងការប្រកួតដ៏រំភើបមួយនាកីឡដ្ឋាន Benito Villamarin ប៉ុន្តែ ពួកគេបានវាយបកវិញក្នុងតង់ទី២ ខណៈដែល Sergio Ramos, Asensio ដែលបានរកគ្រាប់បាល់បើកឆាក ក៏ដូចជា Ronaldo និង Karim Benzema សុទ្ធសឹងរកបានគ្រាប់បាល់បញ្ចូលទីដូចគ្នា។
ពួកគេបានសង្គ្រោះការវាយសម្រុកមួយពីក្រុម Betis ហើយក្រោយពីដណ្តើមបានជ័យជម្នះ ៣-១ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុង ជើងទី១របស់ពួកគេលើក្រុម Paris Saint-Germain កាលពីពាក់កណ្តាលសប្តាហ៍មុន ជ័យជម្នះនេះ បង្ហាញថា ក្រុមរបស់លោក Zinedine Zidane កំពុងតែវិលទៅរកភាពខ្លាំងវិញក្នុង La Liga។
Real នៅតែឈរលេខ៤ ដោយដេញតាមពីក្រោយក្រុម Barcelona ១៧ពិន្ទុ ប៉ុន្តែ ដេញតាមពីក្រោយក្រុមឈរលេខ៣ Valencia ត្រឹមតែ១ពិន្ទុ ខណៈនៅសល់១ប្រកួតក្នុងដៃ។
ជាមួយគ្នានេះនាថ្ងៃអាទិត្យដដែលនោះ ក្រុម Atletico Madrid បានផ្តួលក្រុម Athletic Bilbao ២-០ ដើម្បីរក្សាការដេញតាមពីក្រោយក្រុម Barca ចំនួន៧ពិន្ទុនៅលើតារាង La Liga៕ IS