ក្រុង​ប៉ារីស: ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក Real Madrid និង​ក្រុម Manchester City បានស្ថិត​ក្នុង​ចំណោម​ក្រុម​ទាំង​៧​ដែល​ឈាន​ទៅ​វគ្គ​ ១៦​ ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃ​អង្គារ ស្រប​ពេល​ដែល​គ្រាប់​បាល់​តាម​ស្មើ​របស់​ខ្សែ​ប្រយុទ្ធ Sergio Aguero នៅលើ​ទឹកដីក្រុម Lyon ក៏​បាន​ជួយ​ឲ្យ​ក្រុម Manchester City ទៅ​វគ្គ​បន្ត​ផងដែរ​។

Bayern Munich បាន​លត់​ក្រុម Benfica យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធ​ផល ៥-១ ដើម្បីកក់​កៅអី​របស់​ខ្លួន​ទៅ​វគ្គ​បន្ត និង​កាត់​បន្ថយ​សម្ពាធ​នៅលើ​​លោក​គ្រូបង្វឹក Niko Kovac​។

ខ្សែ​ប្រយុទ្ធ Arjen Robben ដែល​រក​បាន​២​គ្រាប់ បាន​ឲ្យ​ដឹង​ថា៖ «វា​ជា​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​ជឿជាក់​មួយ ហើយ​នោះ​​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​នៅពេលនេះ​»​។

ខ្សែ​ប​ម្រើ​ប្រយុទ្ធ​អន្តរ​ជាតិ​បែលហ្ស៊ិក Marouane Fellaini (ស្តាំ) របស់ Man United ស៊ុត​បាល់​ផុត​កីឡាករ​ក្រុម Young Boys​។ AFP

Roma ក៏​នឹង​ឈាន​ទៅ​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​ចុងក្រោយ​​ផងដែរ បើ​ទោះ​បី​ចាញ់​ក្រុម Real ២-០ ក៏ដោយ ស្រប​ពេល​ដែល​ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​ អឺ​រ៉ុប Ajax បាន​កត់ត្រា​ជ័យជម្នះ ២-០ ក្នុង​ការ​ប្រកួត​​ដែល​មាន​អំពើ​ហិង្សា​ជា​មួយនឹងក្រុម AEK Athens ដើម្បី​កក់​កៅអី​ទៅវគ្គ​បន្ត ក្រោយពី​ប៉ូលិស​កុប្ប​កម្ម​បាន​ប៉ះ​ទង្គិច​ជា​មួយ​នឹង​អ្នក​គាំទ្រ​ហូ​ឡង់​។

Man City និង Man United បាន​​ឈាន​ទៅ​វគ្គ​បន្ត​ទាំង​ការ​ភិត​ភ័យ ក្រោយ​ពី​ត្រូវ​ការ​គ្រាប់​បាល់​នៅជិត​បញ្ចប់​ការ​ប្រកួត​ដូច​គ្នា​​ដើម្បី​តាម​ស្មើ​ក្រុម Lyon ២-២ និង​យកឈ្នះ​លើ​ក្រុម Young Boys រៀង​ៗ​ខ្លួន និង​ដើម្បី​ទៅ​វគ្គ​បន្ត​៕ IS