ក្រុងឡុងដ៍៖ កីឡាករអង់គ្លេស Declan Rice បាននិយាយថា រូបគេព្រមទាំងក្រុមគ្រួសាររបស់ខ្លួនបានរងការគំរាមកំហែងនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រោយពីរូបគេបានសម្រេចចិត្តបង្ហាញខ្លួនក្នុងនាមជាជម្រើសជាតិអង់គ្លេសជាជាងជាជម្រើសជាតិសាធារណរដ្ឋអៀរឡង់។
ខ្សែបម្រើក្លិប West Ham អាយុ ២០ ឆ្នាំ ដែលលេងបាន ៣ លើកសម្រាប់ជម្រើសជាតិអៀរឡង់ ក្នុងការប្រកួតមិត្តភាពមួយចំនួននោះ អាចបានប្ដូរសម្ព័ន្ធភាពទៅចូលរួមនឹងក្រុមតោទាំង ៣ នៅដើមឆ្នាំនេះ។
កីឡាករ Rice ដែលលេងជាលើកទី ៤ ក្រោមការដឹកនាំរបស់លោក Gareth Southgate នៅក្នុងជ័យជម្នះទៅលើក្រុមជម្រើសជាតិប៊ុលហ្គារី ៤-០ ពីថ្ងៃសៅរ៍នោះ បានកើតនៅក្នុង ទីក្រុងឡុងដ៍ ប៉ុន្តែរូបគេបានបង្ហាញពីការផ្លាស់ប្ដូរបេះដូងរបស់ខ្លួនដែលនាំឲ្យមានការបៀតបៀនតាមបណ្ដាញសង្គមទៅលើរូបគេ និងក្រុមគ្រួសាររបស់គេផងដែរ។
កីឡាកររូបនេះបានប្រាប់ទូរទស្សន៍ ITV ថា៖ «ខ្ញុំបានទទួលរងការគំរាមកំហែងខ្លះៗព្រោះមានមនុស្សខ្លះនិយាយថា ពួកគេនឹងមករកខ្ញុំដល់ផ្ទះ»។
ខ្សែបម្រើរូបនេះបានបន្ថែមទៀតថា៖ «មានការគំរាមកំហែងខ្លះដែលមានចេតនាសំដៅមករកខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ»។
កីឡាករដដែលនេះបានបន្តទៀតថា៖ «នៅពេលខ្ញុំចុចលើប្រូហ្វាលរបស់ពួកគេ ស្រាប់តែប្រូហ្វាលទាំងនោះជាប្រូហ្វាលក្លែងក្លាយទៅវិញ ដូច្នេះហើយ ខ្ញុំមិនដឹងថា តើវាជាការពិត ឬយ៉ាងណានោះទេ»។
កីឡាករ Rice បានបន្តទៀតថា៖ «ខ្ញុំពិបាកចិត្តណាស់នៅពេលមានការបៀតបៀនបែបនេះ ហើយម្ដាយឪពុកខ្ញុំ គឺពួកគាត់ពិបាកចិត្ត និងព្រួយបារម្ភជាងខ្ញុំទៅទៀត»៕ SN