ក្រុងឡូសអេនជឺលេស៖ កីឡាករបាល់ទាត់អាមេរិកាំង (American Football) របស់ក្រុម Green Bay Packers នៅក្របខ័ណ្ឌ NFL គឺ Aaron Rodgers ដែលលេងក្នុងតំណែងក្វាធ័រប៊េក (Quarterback) បានប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនជិះចេញពីប្រទេស ប៉េរូ ពោលគឺចំណេញ ពេល ១៥ នាទី មុនព្រលានយន្តហោះត្រូវបិទ ដោយសារការរាលដាលវីរុសកូរ៉ូណា។
កាលពីចុងសប្ដាហ៍កន្លងទៅ កីឡាករ Rodgers បានរៀបរាប់រឿងរ៉ាវពាក់ព័ន្ធនឹងការភ័យខ្លាច ក៏ដូចជាពន្យល់នូវការចាកចេញយ៉ាងឆាប់រហ័សរបស់គាត់ជាមួយមនុស្ស ៣ នាក់ផ្សេងទៀត ពីប្រទេស អាមេរិកឡាទីន (South American) មួយនេះ។
កីឡាករវ័យ ៣៦ ឆ្នាំរូបនេះ បាននិយាយ នៅក្នុងកម្មវិធីមួយ ដែលមានឈ្មោះ Pat McAfee Podcast Show ថា៖ «វាពិតជាចលាចលមែនទែន នៅព្រលានយន្តហោះនោះ»។ កីឡាករ Rodgers បាននិយាយពីហេតុផលសំខាន់ដែលអាចពួកគេចាកចេញបានលឿនទាន់ពេល គឺដោយសារពួកគេមានយន្ដហោះផ្ទាល់ខ្លួន។
កីឡាករ Rodgers ដែលប្រកបអាជីពជាមួយក្រុម Green Bay Packers តាំងតែពីឆ្នាំ ២០០៥ រហូតដល់បច្ចុប្បន្នបាននិយាយបន្តថា៖ «ពេលពួកយើងទៅដល់ព្រលានយន្តហោះដូចជាម៉ោង ៧ ព្រឹក ពេលនោះមនុស្សណែនណាន់តាន់តាប់មែនទែន សូម្បីតែកម្រើកខ្លួនក៏ពិបាកដែរ។ ខ្ញុំកំពុងគិតថាវាមិនមានសុវត្ថិភាពឡើយ។ អ្នកពាក់ម៉ាស់មិនច្រើននោះទេ ដូច្នេះបរិយាកាសទីនោះ ពិតជាគួរឲ្យខ្លាចណាស់»។
កីឡាកររូបនេះបន្តទៀតថា៖ «តែមិនដឹងយ៉ាងម៉េច យើងអាចធ្វើឲ្យគ្រប់យ៉ាងបាន មុនពេលពួកគេបិទព្រលានយន្ដហោះ ដោយសារអាកាសធាតុពិតជាអាក្រក់ណាស់។ ពួកគេបានកំណត់ពេល ដើម្បីធ្វើការបិទព្រលានទាំងមូល ហើយយើងមានពេលប្រហែលជា ១៥ នាទី»។
កីឡាករ Rodgers បានធ្វើការប្រដូចសកម្មភាព នៅថ្ងៃទី ១៨ ខែមីនា នោះ ទៅនឹងខ្សែភាពយន្តរបស់ហូលីវូដ ដោយគេនិយាយថា៖ «វាដូចជាការយល់សប្ដិអាក្រក់មួយអ៊ីចឹង។ អ្នកទាំងអស់ធ្លាប់មើលភាពយន្តរឿង ''Argo'' ដែរឬទេ? ចុងបញ្ចប់នៃសាច់រឿង ពេលពួកគេប្រណាំងគ្នា នៅព្រលានយន្តហោះ»។
Rodgers បាននិយាយបន្ថែមទៀតថា៖ «អរគុណណាស់ ដែលអត់មានអ្នកណាតាមពួកយើង ឬក៏ចាប់ពួកយើង។ យើងមិនចាំបាច់និយាយភាសាហ្វាស៊ី (Farsi) ដើម្បីបានត្រលប់មកប្រទេសវិញ ប៉ុន្តែមានបញ្ហាមួយចំនួនដែលយើងបារម្ភ យើងនឹងមិនបានចេញទៅខាងក្រៅឡើយ»។
កីឡាករ Rodgers ដែលរស់នៅទីក្រុង Malibu ក្នុងរដ្ឋ California ក៏បានឲ្យដឹងដែរថា រូបគេ និងមិត្តស្រីរបស់ខ្លួន Danica Patrick ដែលជាអតីតអ្នកប្រណាំងឡានមានសុវត្ថិភាព និងសុខភាពល្អទាំង ២ នាក់ ហើយក៏ប្រាប់ដែរថា អ្នកដែលរួមដំណើរទៅលេងប្រទេស ប៉េរូ ជាមួយគ្នា គ្មានអ្នកណាម្នាក់ឆ្លងវីរុសកូរ៉ូណានោះឡើយ»។
ពេលត្រលប់មកដល់សហរដ្ឋអាមេរិកវិញ កីឡាករ Rodgers មានរឿងរ៉ាវជាច្រើនដែលត្រូវគិតគូរ មានដូចជាប្រព័ន្ធថែទាំសុខភាព ដែលមិនទាន់បានដោះស្រាយ ក្រោមឥទ្ធិពលនៃការរាតត្បាត ការហាមមិនឲ្យចេញក្រៅផ្ទះ ដែលនៅតែបន្ត និងការនៅដាច់ពីអ្នកដទៃជាដើម៕ AFP/VN