ក្រុងមីឡាន៖ ក្រុម Roma បាន​ប្រកាស​ពី​ការ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ ក្នុង​ការ​លក់​ក្លិប​ឲ្យ​ទៅ​ក្រុមហ៊ុន​បក្ស​សម្ព័ន្ធ Friedkin Group ដោយ​បញ្ជាក់​ថា ​ល័ក្ខខ័ណ្ឌ​នានា ត្រូវ​បាន​យល់​ព្រម​កាល​ពី​ថ្ងៃ​ពុធ ហើយ​ព័ត៌មាន​លម្អិត​​នៃ​ប្រតិបត្តិការ ត្រូវ​បាន​អះ​អាង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ CONSOB ដែល​ជា​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ទទួល​បន្ទុក​គ្រប់គ្រង​ទីផ្សារ​មូលប័ត្រ​អ៊ីតាលី។

ក្លិប​នៅ​ក្របខ័ណ្ឌ Serie A បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​នោះ នៅ​លើ​វេបសាយ​ផ្លូវ​ការ​របស់​ខ្លួន​កាល​ពី​ម្សិលមិញ ដោយ​បង្ហាញ​ពី​កិច្ច​ព្រមព្រៀង ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បញ្ចប់​នៅ​ចុង​ខែ​នេះ​។

លោក Jim Pallotta ប្រធាន​ក្លិប Roma បាន​និយាយ​ថា៖ «​ខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​បញ្ជាក់​ថា យើង​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​បក្ស​សម្ព័ន្ធ Friedkin Group ពាក់ព័ន្ធ​នឹង​ការ​លក់ AS Roma។ យើង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ នឹង​ធ្វើ​ការ​រួម​គ្នា ដើម្បី​បញ្ចប់​នីតិវិធី​ផ្លូវ​ច្បាប់​នានា ដែល​នឹង​នាំ​ឲ្យ​ក្លិប​ត្រូវ​ផ្លាស់​ប្ដូរ​ម្ចាស់​»​។

លោក​ប្រធាន​រូប​នេះ បាន​បន្ត​ទៀត​ថា​៖ «​ជាង​មួយ​ខែ​ចុង​ក្រោយ​នេះ លោក Dan និង Ryan Friedkin បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ពេញ​ទំហឹង​របស់​ពួក​គេ ក្នុង​ការ​បញ្ចប់​កិច្ច​ព្រមព្រៀង​នេះ និង​នាំ​ក្លិប​ឆ្ពោះ​ទៅ​រក​ភាព​វិជ្ជមាន​មួយ​។ ខ្ញុំ​ប្រាកដ​ថា ពួក​គេ នឹង​ក្លាយ​ជា​ម្ចាស់​ដ៏​អស្ចារ្យ​នា​ពេល​អនាគត​សម្រាប់​ក្លិប AS Roma​»​។

ប្រតិបត្តិការ​នេះ នឹង​ឃើញ​ថា ម្ចាស់​ក្លិបបច្ចុប្បន្ន AS Roma SPV នឹង​លក់​ហ៊ុន​ទាំង​អស់​ចំនួន ៨៦​,​៦ ភាគរយ ​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​បក្ស​សម្ព័ន្ធ Friedkin Group​។

លោក Dan Friedkin ប្រធាន ​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បក្ស​សម្ព័ន្ធ​នេះ បាន​និយាយ​ថា​៖ «​យើង​ទាំង​អស់​គ្នា​នៅ​ក្រុមហ៊ុន Friedkin Group ពិត​ជា​រីករាយ​ណាស់ ដែល​បាន​បោះ​ជំហាន​ទៅ​មុខ ក្នុង​ការ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ទីក្រុង និង​ក្លិប​ដ៏​ល្បីល្បាញ​មួយ​នេះ​។ យើង​ទន្ទឹង​រង់ចាំ​បញ្ចប់​ការ​ទិញ​ឲ្យ​បាន​ឆាប់​តាម ដែល​អាច​ធ្វើ​ទៅ​បាន និង​រង់ចាំ​ដាក់​ខ្លួន​ពួក​យើង​ទៅ​ក្នុង​គ្រួសារ​នៃ​ក្រុម AS Roma​»​៕ AFP/VN