ក្រុងមីឡាន: ក្រុម Roma បានកម្តៅសាច់ដុំសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅដើមសប្តាហ៍ក្រោយនេះ ជាមួយនឹងក្រុម Liverpool តាមរយៈការយកឈ្នះលើក្រុម SPAL ដោយងាយក្នុងលទ្ធផល ៣-០ កាលពីថ្ងៃសៅរ៍ ប៉ុន្តែ ក្តីសង្ឃឹមនៃការប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Europa league របស់ AC Milan បានជួបការខកចិត្ត ក្រោយពីការរងបរាជ័យដ៏មិននឹកស្មានដល់ ១-០ ក្រោមស្នាដៃក្រុមបាតតារាង Benevento។
ក្រុម Benevento ដណ្តើមបានពិន្ទុក្នុងការប្រកួតក្របខ័ណ្ឌ Serie A ជាលើកទី១របស់ពួកគេ កាលពីខែធ្នូ ឆ្នាំមុន ក្នុងទីក្រុង Naples ក្នុងការប្រកួតជាលើកទី១របស់លោក Gennaro Gattuso ក្នុងនាមជាគ្រូបង្វឹករបស់ក្រុម AC Milan នៅពេលដែលអ្នកចាំទី Alberto Brignoli បានរកគ្រាប់បាល់តាមស្មើនៅជិតបញ្ចប់ការប្រកួត។
ប៉ុន្តែ ការរងបរាជ័យកាលពីថ្ងៃសៅរ៍ នាកីឡដ្ឋាន San Siro ពិតជាផ្តល់នូវការអាម៉ាស់មុខខ្លាំងជាងមុនសម្រាប់អតីតក្រុមយកប្រចាំទ្វីបអឺរ៉ុបមួយនេះ ដែលចំណាត់ថ្នាក់លេខ៦ និងកៅអីទៅលេងក្នុងក្របខ័ណ្ឌ Europa League របស់ពួកគេកំពុងតែស្ថិតក្រោមការគំរាម។
លោក Gattuso បាននិយាយទាំងខឹងសម្បាថា៖ «នៅពេលដែលអ្នកលេងដោយគ្មានព្រលឹង អ្នកទទួលការអាម៉ាស់មុខបែបនេះ។ យើងត្រូវតែសុំអភ័យទោសទៅកាន់អ្នកគាំទ្រ ពីព្រោះយើងពាក់អាវដ៏មានកិត្យានុភាព ហើយយើងមិនអាចជួបភាពអាម៉ាស់បែបនេះឡើយ»៕ IS