ក្រុងជេដដាហ៍: ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីតែ ១ គ្រាប់ក្នុងការប្រកួត ដើម្បីជួយឲ្យក្រុម Juventus ឈ្នះពានជាលើកទី ១ របស់ពួកគេនៅរដូវកាលថ្មីតាមរយៈការយកឈ្នះ ១-០ លើក្រុមសល់សមាជិកត្រឹមតែ ១០ នាក់ AC Milan ក្នុងការប្រកួតពាន Super Cup របស់អ៊ីតាលី កាលពីថ្ងៃពុធក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
Ronaldo ដែលបានផ្ទេរទៅកាន់ក្លិបយក្សអ៊ីតាលីកាលពីឆ្នាំមុនពីក្លិប Real Madrid ខណៈពួកគេសម្លឹងរកការឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី ១ បើគិតចាប់តាំងពីឆ្នាំ ១៩៩៦ បានតែតដើម្បីរកគ្រាប់បាល់ឈ្នះនៅនាទី ទី ៦១។
ក្រុម AC Milan បានលេងការប្រកួតរយៈពេល ១៥ នាទីចុងក្រោយជាមួយនឹងសមាជិក ១០ នាក់ក្រោយពីខ្សែបម្រើអន្តរជាតិកូតឌីវ័រ Franck Kessie បានរងពិន័យកាតក្រហមភ្លាមៗសម្រាប់ការប្រជែងដណ្តើមបាល់ដ៏គ្រោះថ្នាក់ទៅលើ Emre Can។
តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់រូបនេះដែលបច្ចុប្បន្នបានឈ្នះពានចំនួន ២៨ ក្នុងនោះរាប់បញ្ចូលទាំងពាន Champions League ៥ លើក និងពានក្របខ័ណ្ឌលីកជាច្រើនពីប្រទេសអង់គ្លេស និងអេស្ប៉ាញ និងពានព្រឹត្តិការណ៍ Euro ជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់បានឲ្យដឹងថា៖ «ខ្ញុំមានពានជាលើកទី ១ របស់ខ្ញុំជាមួយ Juventus ហេតុនេះខ្ញុំពិតជារីករាយណាស់»។
Ronaldo បានបន្ថែមទៀតថា៖ «ខ្ញុំពិតជាចង់ឈ្នះពាននេះ ដើម្បីចាប់ផ្តើមដ៏ល្អមួយក្នុងឆ្នាំ ២០១៩។ នេះគ្រាន់តែចាប់ផ្តើមប៉ុណ្ណោះ យើងនឹងធ្វើដំណើរម្តង ១ ជំហាន។ យើងបានឈ្នះពាននេះ បច្ចុប្បន្នយើងត្រូវតែរក្សាការធ្វើការងារដ៏លំបាកដើម្បីឈ្នះពានបន្ទាប់ទៀត»។
ការប្រកួតនេះត្រូវបានបិទបាំងដោយភាពចម្រូងចម្រាសជាមួយនឹងអំពាវនាវឲ្យមានការផ្លាស់ប្តូរទីតាំងប្រកួត ជុំវិញបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈដែលស្ត្រីត្រឹមតែអាចអនុញ្ញាតឲ្យចូលទស្សនាការប្រកួតលុះត្រាតែពួកគេបានរួមដំណើរជាមួយនឹងបុរសម្នាក់។
លោក Gaetano Micciche ប្រធានក្របខ័ណ្ឌលីកកីឡាបាល់ទាត់របស់អ៊ីតាលីបានចាត់ទុកថា ការប្រកួតនេះជាការរៀបចំដ៏ជោគជ័យមួយ ខណៈដែលមានស្ត្រីចូលរួមទស្សនាដល់ទៅ ១៥០០០ នាក់ក្នុងចំណោមអ្នកចូលរួមសរុប ៦២ ០០០ នាក់។
លោក Micciche បានឲ្យដឹងថា៖ «វាបានក្លាយជារាត្រីដ៏អស្ចារ្យមួយដែលជាកម្មវិធីកីឡាមួយមានអ្នកគាំទ្រច្រើនពេញកីឡដ្ឋាន។ ខ្ញុំសង្ឃឹមថាវាជាចំណុចចាប់ផ្តើមសម្រាប់បដិវត្តន៍សង្គមក្នុងប្រទេសនេះ»៕ IS