ក្រុងកៀវ: ក្នុងសម័យកាលមួយ នៅពេលដែលការឈ្នះពានរង្វាន់ផ្ទាល់ខ្លួន ស្ថិតក្នុងលក្ខណៈសំខាន់ជាង ការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្ររវាងក្រុម Real Madrid និង Liverpool និងការប្រជែងគ្នារវាងតារាឆ្នើម Cristiano Ronaldo និង Mohamed Salah អាចនឹងកាត់សេចក្តីចំពោះម្ចាស់ជយលាភីពាន Ballon d''Or បន្ទាប់។
Ronaldo បានឈ្នះពានរង្វាន់កិត្តិយសនេះ ក្រោយពីបានជួយឲ្យក្រុម Real ឈ្នះពានក្របខ័ណ្ឌអឺរ៉ុប ក្នុងឆ្នាំ ២០១៤ ២០១៦ និងឈ្នះម្តងទៀត កាលពីឆ្នាំមុន។ ប៉ុន្តែ វានឹងក្លាយជារឿងមិនសមហេតុផលក្នុងការកាត់សេចក្តីថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃសៅរ៍នេះ គឺជាការប្រជែងគ្នារវាងកីឡាករទាំង ២ ខណៈដែលទាំងក្រុម Real និង Liverpool សុទ្ធសឹងមានភាពខ្លាំង និងមុតស្រួចក្នុងតំបន់ប្រយុទ្ធដូចគ្នា។
ប៉ុន្តែ នេះគឺជាយុគសម័យនៃការឈ្នះពានជាបុគ្គល ក្នុងពេលវេលាមួយដែល Ronaldo និង Lionel Messi បានគ្រប់គ្រងពាន Ballon d''Or អស់រយៈពេល ១ ទសវត្សរ៍មកហើយ។
ការលើកឡើងទៅលើពានរង្វាន់ប្រចាំឆ្នាំនេះសម្រាប់កីឡាករដ៏ឆ្នើមបំផុតក្នុងពិភពលោក ក្លាយជាប្រធានបទពិភាក្សាកាន់តែក្តៅគគុក។
Ronaldo បានឈ្នះពានរង្វាន់នេះ ២ លើកចុងក្រោយ ប៉ុន្តែ តើរូបគេអាចឈ្នះម្តងទៀត ក្រោយពីបានឈានចូលដល់វ័យ ៣៣ ឆ្នាំកាលពីពេលថ្មីៗនេះ? Ronaldo អាចនឹងធ្វើឲ្យមានភាពជាក់លាក់ក្នុងទីក្រុងកៀវ ស្របពេលដែលនេះគឺជាឱកាសមាសមួយសម្រាប់ Salah នៅមុនពេលរូបគេដឹកនាំក្រុមជម្រើសជាតិអេហ្ស៊ីប ក្នុងព្រឹត្តិការណ៍ World Cup។
តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់រូបនេះ បានស៊ុតបាល់បញ្ចូលទី ៤១ គ្រាប់ ក្នុងរាល់យុទ្ធនាការទាំងអស់ នៅរដូវកាលនេះ ប៉ុន្តែ ក្នុងនោះ ២៨ គ្រាប់ បានកើតឡើងចាប់តាំងពីចុងខែមករា។ ប៉ុន្តែ Salah ក៏បានជួបរដូវកាលប្រកបដោយផ្លែផ្កាផងដែរ ខណៈតារាឆ្នើមអន្តរជាតិអេហ្ស៊ីបរូបនេះបានស៊ុតបាល់បញ្ចូលទីសរុប ៣២ គ្រាប់ដើម្បីបង្កើតកំណត់ត្រាថ្មីក្នុងក្របខ័ណ្ឌ Premier League ពីការប្រកួត ៣៨ លើក។
សរុបទាំងអស់ រូបគេរកបានដល់ទៅ ៤៤ គ្រាប់ក្នុងរាល់យុទ្ធនាការទាំងអស់ ចាប់តាំងពីផ្ទេរមកពីក្លិប Roma ក្នុងនោះរាប់បញ្ចូលទាំងការរកបាន ១១ គ្រាប់ក្នុងពេលក្រុមឈានទៅវគ្គផ្តាច់ព្រ័ត្រនៃ Champions League ផងដែរ។
ការប្រកួតនៅថ្ងៃសៅរ៍នេះ នឹងចាប់ផ្តើមនៅម៉ោង ១:៤៥ ទៀបភ្លឺ៕