ក្រុង​មីឡាន៖ លោក Maurizio Sarri បាន​​ពន្យល់​ពី​ការ​សម្រេច​របស់​គាត់​ក្នុង​ការ​អនុញ្ញាត​ឲ្យ​កីឡាករ​ Cristiano Ronaldo សម្រាក​ពី​ការ​ប្រកួត​ជាមួយ​​ជ័យជម្នះ​ ២-០ ​របស់ ​Juventus លើ​ក្រុម Brescia ​ដោយ​និយាយ​ថា​ ខ្សែ​ប្រយុទ្ធ​វ័យ​ ៣៥ ឆ្នាំ​រូប​នេះ ​មិន​អាច​ចូល​រួម​ប្រកួត​ ៧៥ លើក ​ក្នុង ១ ឆ្នាំ​បាន​​នោះ​ទេ​។

កីឡាករ Ronaldo ​មិន​បាន​បង្ហាញ​ខ្លួន​ទេ​ថ្មីៗ​នេះ​ ​ក្រោយ​ពី​រូប​គេ​រក​បាន ​១០ ​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​ ៦ ​លើក​នៅ​ក្របខ័ណ្ឌ​ Serie​ A ​ដើម្បី​បង្គ្រប់​គ្រាប់​បាល់​សរុប​ដែល​រូប​គេ​រក​បាន​ចំនួន​ ២០ គ្រាប់ ​នៅ​រដូវ​កាល​នេះ ​ប៉ុន្តែ​កីឡាករ ​Paulo Dybala និង Juan Cuadrado​ ​រក​បាន​ម្នាក់ ​១ ​គ្រាប់ ​​ក្នុង​ការ​អវត្តមាន​របស់​រូប​គាត់​កាល​ពី​ថ្ងៃ​អាទិត្យ​។

លោក Sarri ក៏​មិន​បាន​ដាក់​កីឡាករ​ Douglas Costa ដែល​រង​របួស​, Federico Bernardeschi, Sami Khedira និង Merih Demiral ឲ្យ​ចូល​លេង​​ដែរ ​ប៉ុន្តែ​កីឡាករ​Giorgio Chiellini បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ខែ​សីហា​ក្នុង​នាម​ជា​កីឡាករ​ជំនួស​​នៅ​តង់​ទី ​២​។

គ្រូ​បង្វឹក​ក្លិប​ Juventus លោក Sarri ​បាន​គិត​ថា តារា​ឆ្នើម​ព័រទុយហ្កាល់​ Ronaldo ត្រូវ​ការ​ពេល​វេលា ​ដើម្បី​សម្រាក​យក​កម្លាំង​ដោយសារ​តែ​រូប​គេ​មាន​បន្ទុក​ការងារ​ច្រើន​ពេក​ទាំង​​សម្រាប់​ក្លិប​នេះ​ និង​ជម្រើស​ជាតិ​របស់​រូប​គេ​​ផង​ដែរ​។

លោក ​Sarri​ បាន​និយាយ​ថា​៖ «​វា​ពិត​ជា​លំបាក​មែន​ហើយ ​ប៉ុន្តែ​យើង​មាន​កីឡាករ​ខ្លាំងៗ​ជា​ច្រើន​នាក់​ទៀត​ ហើយ​កីឡាករ​ខ្លះ​ទៀត​អវត្តមាន​ផង​ដែរ​»​។

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «ពួក​គេ​ទាំង​អស់​គ្នា ​គឺ​​ជាកីឡាករ​ដែល​មាន​តួនាទី​ចម្រុះ​​។​ យើង​មាន​ស្ថានភាព​ជា​ច្រើន​ដែល​ត្រូវ​​ដោះ​ស្រាយ​»​​។

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ត​ថា៖ «​Ronaldo គឺ​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​។​ ថ្ងៃ​នេះ​ Ronaldo ត្រូវ​សម្រាក​ហើយ​ព្រោះ​គាត់​មិន​អាច​លេង ​៧៥ ​ប្រកួត​ក្នុង ​១ ​ឆ្នាំ​បាន​ទេ រវាង​ក្រុម​ជម្រើស​ជាតិ​ និង​ក្លិប​នេះ​ ដូច្នេះ​ហើយ​យើង​បាន​សម្រេច​អនុញ្ញាត​ឲ្យ​គាត់​សម្រាក​យក​កម្លាំង​»។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ពាក់ព័ន្ធ​នឹង​កីឡាករ​ Chiellini ថា៖ «​គាត់​​បាន​​ដាក់​ចិត្ត​កាយ​​នៅ​ជាមួយ​​​ក្រុម​នេះ​។ ​គាត់​បាន​និយាយ​ដូច្នេះ​តាំង​ពី​ថ្ងៃ​ម្សិលមិញ​។ គាត់​បាន​លះបង់​កម្លាំង​កាយ​ចិត្ត​​អស់​រយៈពេល​ ៦ ខែ​មក​​​ហើយ​​»​។

លោក​ Sarri បាន​ទទួល​ស្គាល់​ថា ទម្រង់​លេង​របស់​ក្រុម​គាត់​ជាមួយ​ក្រុម​ Brescia បាន​បន្សល់​ទុក​ឱកាស​គ្រប់គ្រាន់​សម្រាប់​ការ​កែ​លម្អ​ក្រោយ​ពី​ឃើញ​ក្លិប​​ម្ចាស់​ជើងឯក​ Serie A នេះ​បាន​បង្កើន​​ជ័យជម្នះ​លើក​ទី ​២ ​របស់​ខ្លួន​ក្នុង​ការ​ប្រកួត ​៥ ​លើក​​ចុង​ក្រោយ​នេះ​។​​

បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ Napoli ​និង​ Hellas ​Verona​ និង​ជ័យជម្នះ​ទៅ​លើ​ក្រុម Fiorentina នោះ​​បាន​បង្ហាញ​ផ្លូវ​នាំ​ឲ្យ​ស្មើ​គ្នា​ ១-១ ជាមួយ​​ក្រុម AC Milan នៅ​ការ​ប្រកួត​ Coppa Italia មុន​ពេល​បាន​ជ័យជម្នះ​លើ​ក្រុម ​Brescia ​​កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​ពួក​គេ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម SPAL នៅ​ថ្ងៃ​សៅរ៍​ ​ដោយ​កីឡាករ​​ Ronaldo គ្រោង​នឹង​ចាប់​ផ្តើម​បង្ហាញ​ខ្លួន​លើក​ទី ​១ ០០០ ​របស់​ខ្លួន​​នៅ​ពេល​នោះ​។

លោក Sarri បាន​បន្ថែម​ថា៖ «​យើង​អាច​បង្កើន​ទម្រង់​លេង​នៅ​​គ្រប់​អ្វីៗ​ទាំង​អស់។ នៅ​តំបន់​ការពារ​ យើង​មាន​ឱកាស​សម្រាប់​បង្កើន​ទម្រង់​លេង​​ថែម​ទៀត​ ហើយ​យើង​ក៏​មាន​ឱកាស​សម្រាប់​បង្កើន​នៅ​តំបន់​ប្រយុទ្ធ​ផង​ដែរ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ ​«​យើង​បាន​ធ្វើ​ឲ្យ​បាល់​ប៉ះ​បង្គោល​ទី​ ៥ ​លើក​ក្នុង​ ​២ ​​ប្រកួត​​ចុង​ក្រោយ ​ដូច្នេះ​ហើយ​យើង​មាន​សំណាង​តិច​ណាស់​។ យើង​ត្រូវ​ផ្ដោត​លើ​ខ្លួន​ឯង​ជា​ជាង​សម្លឹង​មើល​អ្នក​ដទៃ​​»៕ AFP/SN