ក្រុង​ប៉ារីស៖ កីឡាករ​ Cristiano Ronaldo រក​បាន​គ្រាប់​បាល់​អន្តរជាតិ​លើក​ទី ​៩៩ ​ខណៈ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​បាន​កៅអី​ដោយ​សុវត្ថិភាព​សម្រាប់​ជុំ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​ Euro 2020 កាល​ពី​ថ្ងៃ​អាទិត្យ​ជាមួយ​ជ័យជម្នះ​ក្រៅ​ទឹក​ដី​ ២-០ ទៅ​លើ​ជម្រើស​ជាតិ​លុច​សំបួ​ ខណៈ​ជម្រើសជាតិ​បារាំង​បាន​បញ្ចប់​យុទ្ធនាការ​ឆ្លង​ផុត​វគ្គ​ជម្រុះ​ដោយ​ជោគជ័យ​។​

កីឡាករ​ Bruno Fernandes រក​បាន ​១ ​គ្រាប់ ​​បើក​ឆាក​នៅ​នាទី​ទី ​៣៩ ​មុន​ពេល​កីឡាករ​ Ronaldo បាន​បន្ថែម ​១ ​គ្រាប់​ទៀត ​ក្នុង​នាទី​ទី​ ៨៦ ​ដើម្បី​បន្ត​ឈរ​នៅ​លេខ ​២ ​នៅ​ក្នុង​ពូល​ B តាម​ពី​ក្រោយ​ជម្រើស​ជាតិ​អ៊ុយក្រែន​ដែល​ឈរ​នៅ​កំពូល​តារាង​ក្រោយ​ពី​ពួក​គេ​បាន​ប្រកួត​ស្មើ​គ្នា​ ២-២ ជា​មួយ​ជម្រើស​ជាតិ​សែប៊ី​។​

ខ្សែ​ប្រយុទ្ធ​អ៊ីរ៉ង់​​ Ali Daei បាន​ជាប់​កំណត់ត្រា​ពិភព​លោក​ជាមួយ​ការ​រក​បាន​គ្រាប់​បាល់​អន្តរជាតិ ​១០៩ ​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន ​១៤៩ ​លើក ​រវាង​ឆ្នាំ ​១៩៩៣ ​ដល់​ឆ្នាំ ​២០០៦​។​​

កីឡាករ​ Ronaldo បាន​និយាយ​ថា៖ «​កំណត់ត្រា​ទាំង​អស់​នឹង​មាន​ការ​​បំបែក​ជា​មិន​ខាន​​ ហើយ​ខ្ញុំ​នឹង​បំបែក​កំណត់ត្រា​នោះ​»។​

ព័រទុយហ្គាល់ ​គឺ​ជា​​ប្រទេស​ទី ​១៧ ​ដែល​បាន​ឱកាស​​ឡើង​ទៅ​ព្រឹត្តិការណ៍​ពហុ​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​ក្រោយ​​នេះ ​ដែល​នឹង​ចាប់​ផ្តើម​នៅ​ទីក្រុង​រ៉ូម​ ប្រទេស ​អ៊ីតាលី ​នៅ​ថ្ងៃទី ​១២ ខែ​មិថុនា​ដោយ​ចូលរួម​ជាមួយ​ម្ចាស់​ជើងឯក​ពិភព​លោក ​គឺ​ប្រទេស ​បារាំង​ អេស្ប៉ាញ អ៊ីតាលី​ និង​អង់គ្លេស​។

គ្រូ​បង្វឹក​ព័រទុយហ្គាល់​លោក Fernando Santos ​បាន​និយាយ​ថា៖ ​«​យើង​មិន​អាច​ធ្វើ​ឲ្យ​ការ​ប្រកួត​មាន​កម្រិត​អស្ចារ្យ​​ទាំង​អស់​​នោះ​ទេ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ចំពោះ​កីឡាករ​របស់​ខ្ញុំ ​ព្រោះ​យុទ្ធនាការ​ជម្រុះ​នេះ​មាន​ការ​លំបាក​ជាង​យើង​រំពឹង​ទុក​ទៅ​ទៀត​»។​

គ្រូ​បង្វឹក​រូប​​នេះ​បាន​បន្ថែម​ថា៖ ​«​យើង​​បាន​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​សំខាន់​​នេះ​​រយៈពេល ​១១ ​លើក​ជាប់​គ្នា​។ អ្នក​ត្រូវ​តែ​ជឿ​ជាក់​ចំពោះ​កីឡាករ​ទាំង​នេះ​»។​

ក្រុម​ព័រទុយហ្គាល់​បាន​ដឹង​ថា​ ពួក​គេ​នឹង​កក់​កន្លែង​របស់​ខ្លួន​នៅ​ព្រឹត្តិ​ការណ៍​ Euro ២០២០​ ជាមួយ​​ជ័យជម្នះ​ ឬ​តាមរយៈ​លទ្ធផល​​ប្រកួត​​ជាមួយ​ក្រុម​​សែប៊ី​ពី​ការ​ប្រកួត​របស់​ពួក​គេ​នៅ​ក្នុង​ទីក្រុង​ Belgrade ប្រទេស ​សែប៊ី​។

ប៉ុន្តែ​ក្រុម​ព័រទុយហ្គាល់ ​គឺ​ត្រូវ​ប្រឹងប្រែង​ក្នុង​ការ​ប្រកួត​ជាមួយ​​ក្រុម​លុចសំបួ​ដែល​ជាប់​ចំណាត់​ថ្នាក់​ទី ​៩៦ ​ពិភព​លោក ​ដែល​បាន​ប្រកួត​ស្មើ​គ្នា​នឹង​ជម្រើស​ជាតិ​បារាំង​ ០-០ ក្នុង​វគ្គ​ជម្រុះ​ World Cup 2018។​

ទន្ទឹម​នោះ​ដែរ​ ជម្រើស​ជាតិ​បារាំង​​ជា​ម្ចាស់​ជើងឯក​ពិភព​លោក​បាន​ឈរ​នៅ​កំពូល​តារាង​នៃ​ពូល​ H ខណៈ​កីឡាករ​ Corentin Tolisso និង​កីឡាករ​ Antoine Griezmann រក​បាន​ម្នាក់ ​១ ​គ្រាប់​ជួយ​ឲ្យ​បារាំង​ឈ្នះ​ជម្រើស​ជាតិ​អាល់បានី​ ២-០ ​នៅ​ទីក្រុង​ Tirana ប្រទេស ​អាល់បានី​។​

គ្រូ​បង្វឹក​បារាំង​លោក Didier Deschamps បាន​និយាយ​ក្រោយ​ពី​ការ​ប្រកួត​លើក​ទី ​១០០ ​ក្រោម​ការ​ដឹកនាំ​របស់​គាត់​ថា៖ «​ខ្ញុំ​ពិត​ជា​ជឿជាក់​លើ​កូន​​ក្រុម​​ទាំង​នេះ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ត​ថា៖ «​វា​ជា​មោទន​ភាព​ផ្ទាល់​ខ្លួន​មួយ ​ប៉ុន្តែ​វា​ល្អ​ដែល​បាន​ឃើញ​អ្វី​ដែល​កូន​ក្រុម​សម្រេច​បាន​រួម​គ្នា​ ហើយ​ជួន​កាល​ វា​អាច​កាន់​តែ​​លំបាក​បន្តិច​ ជា​​ការ​ផ្លាស់ប្ដូរ​កីឡាករ​ដែល​រង​របួស​ ប៉ុន្តែ​ស្មារតី ​គឺ​នៅ​ដដែល​»។​​

កាល​​ពី​ថ្ងៃ​អាទិត្យ​នោះ​ដែរ​ ជម្រើសជាតិ​អង់គ្លេស​បាន​លត់​ជម្រើស​ជាតិ​កូសូវ៉ូ​​​ ៤-០ នៅ​ពេល​កីឡាករ​ Harry Winks, Harry Kane, Marcus Rashford និង​ Mason Mount រក​បាន​ម្នាក់ ​១ ​គ្រាប់ ​ដើម្បី​ធានា​ឲ្យ​អង់គ្លេស​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ពូល​ A ដោយ​រក​បាន ​៣៧ ​គ្រាប់ ​គ្រាន់​តែ​ក្នុង ​៨ ​ប្រកួត​ប៉ុណ្ណោះ​។​

គ្រូ​បង្វឹក​អង់គ្លេស​លោក Gareth Southgate បាន​និយាយ​ថា៖ «​យើង​ដឹង​ថា នៅ​តែ​មាន​ការងារ​ខ្លះ​ទៀត​ត្រូវ​ធ្វើ ​ប៉ុន្តែ​ខ្ញុំ​មិន​អាច​ចាប់​កំហុស​កីឡាករ​នៅ​ក្នុង​យុទ្ធនាការ​នេះ​ទេ ​ព្រោះ​ពួក​គេ​មិន​គួរ​ឲ្យ​បារម្ភ​ទេ​»៕ AFP/SN​