ក្រុងប៉ារីស: Juventus បានចាប់ផ្តើមយុទ្ធនាការ Champions League របស់ខ្លួន ជាមួយនឹងជ័យជម្នះ ២-០ នៅលើទឹកដីក្រុម Valencia ក្នុងការប្រកួត ១ ដែលត្រូវបានរំខានដោយការផ្តល់ការពិន័យកាតក្រហម ដ៏ចម្រូងចម្រាសសម្រាប់ Cristiano Ronaldo ស្របពេលក្រុមខ្លាំងប្រចាំយុទ្ធនាការ Manchester City បានចាញ់ក្រុម Lyon ដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ២-១ កាលពីថ្ងៃពុធ។
ការបង្ហាញខ្លួនជាលើកទី១ក្នុង Champions League របស់ Ronaldo សម្រាប់ក្រុម Juventus មានរយៈពេលតិចជាងកន្លះម៉ោង ខណៈដែលតារាឆ្នើមអន្តរជាតិព័រទុយហ្គាល់រូបនេះ បានរងពិន័យកាតក្រហម ក្រោយពីការប៉ះទង្គិចជាមួយនឹងខ្សែការពារ Jeison Murillo របស់ក្រុម Valencia។
ក្រោយពីការប៉ះទង្គិចគ្នាជាមួយនឹង Ronaldo ខ្សែការពារសញ្ជាតិកូឡុំប៊ី Murillo បានដួលទៅលើទីលានដោយយកដៃខ្ទប់មុខ ហើយលោកអាជ្ញាកណ្តាល Felix Brych បានធ្វើការពិភាក្សាជាមួយនឹងមន្ត្រីជំនួយការរបស់ខ្លួននៅខាងក្រៅកន្លែងចាំទី នៅមុនពេលផ្តល់ការពិន័យកាតក្រហមដល់ខ្សែប្រយុទ្ធដែលរកបានគ្រប់បាល់ច្រើនជាងគេប្រចាំយុទ្ធនាការនេះ។
ខណៈដែលធ្វើការរិះគន់ទៅលើការខ្វះនូវបច្ចេកវិទ្យាវីដេអូក្នុងយុទ្ធនាការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus បានឲ្យដឹងថា៖ «រឿងតែ១ដែលខ្ញុំអាចនិយាយបានគឺថា វីដេអូជំនួយការអាជ្ញាកណ្តាល (VAR) អាចជួយឲ្យអាជ្ញាកណ្តាលធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វាពិតជារឿងដ៏ខកចិត្ត យើងស្ទើរតែចាញ់ដោយសារតែករណីនោះ ហើយយើងនឹងអវត្តមាន Ronaldo សម្រាប់ការប្រកួតបន្ទាប់»។
ជាមួយគ្នានេះ ក្រុម Manchester United ឡើងទៅឈរនៅលើកំពូលតារាងនៃពូល H ក្រោយពីការបន្តនូវទម្រង់លេងយ៉ាងល្អរបស់ខ្លួន តាមរយៈការផ្តួលក្រុម Young Boys ៣-០ ក្នុងទីក្រុង Bern ដើម្បីកត់ត្រាជ័យជម្នះជាលើកទី៣ជាប់ៗគ្នាក្នុងរាល់យុទ្ធនាការទាំងអស់៕ IS