ឡុងដ៍៖ ខ្សែ​ប្រយុទ្ធ Wayne Rooney ​និយាយ​ថា រូប​គេ​មាន​ការ​ខឹង​សម្បា និង​ខក​ចិត្ត ដែល​​ខ្លួន​នឹង​មិន​បាន​ចូលរួម​លេង​ជាមួយ Derby County ក្រុម​នៅ​ឯ​លីគ​កម្រិត​ទី២ Championship របស់​អង់គ្លេស ដោយសារ​តម្រូវ​ឱ្យ​នៅ​ដាច់​ពី​គេ បើ​ទោះ​ខ្លួន​ធ្វើ​តេស្ត​អវិជ្ជមាន​វីរុស​កូរ៉ូណា​យ៉ាង​ណា​ក៏​ដោយ​។

អតីត​ប្រធាន​ក្រុម​ Manchester United និង​ជម្រើស​ជាតិ​អង់គ្លេស ដែល​ពេល​នេះ កំពុង​ធ្វើ​តួនាទី​ជា​កីឡាករ​ផង និង​គ្រូបង្វឹក​ផង សម្រាប់​ក្រុម Derby មាន​មិត្ត​ម្នាក់​មក​សួរ​សុខ​ទុក្ខ ដែល​មិត្ត​រូប​នោះ តម្រូវ​ឱ្យ​ទៅ​ធ្វើ​តេស្ត​ជំងឺ​កូវីដ ១៩ ហើយ​ក្រោយ​មក​ក៏​​ឃើញ​ថា ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​នេះ​។​

ក្នុង​សេចក្ដី​ប្រកាស​មួយ តាមរយៈ​បណ្ដាញ​សង្គម Twitter របស់​ខ្លួន Rooney បាន​រៀបរាប់​ឱ្យ​ដឹង​ថា​៖ «​គ្រាន់​តែ​ដឹង​ដំណឹង​ថា តេស្ត​រក​ជំងឺ​កូវីដ ១៩ របស់​ខ្ញុំ ដែល​បាន​បង្ហាញ​ថា ខ្ញុំ​មិន​មាន​ឆ្លង​វីរុស​នេះ​ទេ ​នោះ​ខ្ញុំ និង​គ្រួសារ រីករាយ​ណាស់ តែ​មាន​អារម្មណ៍​ខឹង​សម្បា និង​ខក​ចិត្ត​យ៉ាង​ខ្លាំង ​ដែល​ពេល​នេះ ខ្ញុំ​នៅ​តែ​ត្រូវ​នៅ​ដាច់​ពី​អ្នក​ដទៃ ហើយ​ខ្ញុំ​ត្រូវ​ខាន​លេង​ប្រកួត​សំខាន់ៗ​របស់​ក្រុម Derby​»​។​

កាសែត The Sun បាន​ធ្វើ​សេចក្ដី​រាយការណ៍ កាល​ពី​ថ្ងៃ​អាទិត្យ​ថា Rooney វ័យ ៣៤ ​ឆ្នាំ មាន​អារម្មណ៍​មួម៉ៅ ក្រោយ​មិត្ត​របស់​ខ្លួន​មក​សួរ​សុខ​ទុក្ខ​ដល់​ផ្ទះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ជូន​អំណោយ​នាឡិកា​ដៃ ១ គ្រឿង​ ទាំង​ដែល​រូប​គេ គួរ​តែ​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ​ក៏​ដោយ​។ មិត្ត​របស់​គេ​រូប​នោះ ក្រោយ​មក​ទទួល​បាន​លទ្ធផល​​តេស្ត​វិជ្ជមាន​។​

កីឡាករ Rooney មិន​បាន​ដឹង​ពី​កង្វល់​​ ដែល​​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ ១៩ អ្វី​ទាំង​អស់ ខណៈ​​ដែល​រូប​គេ​បាន​ចូលរួម​លេង​ជាមួយ​ក្រុម​ Derby ធម្មតា ក្នុង​ប្រកួត​ ដែល​ចាញ់​ក្រុម Watford ១-០ ពោល​គឺ ១ ថ្ងៃ​ក្រោយ​មាន​ការ​សួរ​សុខ​ទុក្ខ​ហ្នឹង​៕ AFP/VN