ក្រុងប៉ូតូៈ អ្នកចាត់ការក្រុមជម្រើសជាតិព័រទុយហ្គាល់លោក Fernando Santos បានកោតសរសើរកីឡាករ Cristiano Ronaldo ថាជា «អ្នកមានទេពកោសល្យបាល់ទាត់» ក្រោយពីគាត់រកបាន ៣ គ្រាប់តែម្នាក់ឯងជួយឲ្យឈ្នះក្រុមជម្រើសជាតិស្វ៊ីស ៣-១ ធ្វើឲ្យព័រទុយហ្គាល់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Nations League នៅក្នុងទឹកដីខ្លួនឯងនៅទីក្រុងប៉ូតូប្រទេសព័រទុយហ្គាល់។
កីឡាករ Ronaldo រកបាន ១ គ្រាប់ដោយការស៊ុតបាល់ free-kick យ៉ាងល្អនៅនាទីទី ២៤ ដោយនាំមុខក្រុមជម្រើសជាតិស្វ៊ីស ១ គ្រាប់ ប៉ុន្តែត្រូវបានស្វ៊ីសរកបាន ១ គ្រាប់វិញដោយការស៊ុតបាល់ពិន័យ ១១ ម៉ែត្រយ៉ាងល្អនៅនាទី ៥៦ ក្រោយពីអាជ្ញាកណ្ដាលបានកាត់សេចក្ដីរយៈពេលមួយសន្ទុះធំក្រោមជំនួយពីវីដេអូអាជ្ញាកណ្ដាល VAR ហើយក្រោយពីនោះមក Ronaldo បានបន្ថែម ២ គ្រាប់ទៀតនៅពេលជិតចប់ការប្រកួតនេះ។
លោក Santos បាននិយាយថា៖ «ខ្ញុំបានធ្វើជាគ្រូបង្វឹករបស់គាត់តាំងពីឆ្នាំ ២០០៣ ហើយខ្ញុំអាចដឹងច្បាស់ថា គាត់នឹងទៅផ្លូវណា។ គាត់គឺជាអ្នកមានទេពកោសល្យម្នាក់។ អ្នកមានទេពកោសល្យមានច្រើនដូចជាខាងគូររូប និងឆ្លាក់រូបជាដើម ប៉ុន្តែគាត់គឺជាអ្នកមានទេពកោសល្យខាងបាល់ទាត់!»។
តារាបាល់ទាត់រូបនេះបានបង្កើតភាពល្បីល្បាញបន្ថែមទៀតនៅពេលគាត់បានស៊ុតបញ្ចូលទី ២ គ្រាប់ទៀតនៅរយៈពេល ២ នាទីចុងក្រោយនៃការប្រកួតនេះ ហើយគាត់នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិអង់គ្លេស ឬហូឡង់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យសប្ដាហ៍នេះ។
ក្រុមជម្រើសជាតិព័រទុយហ្គាល់បានឡើងដល់វគ្គ ៤ ក្រុមចុងក្រោយដោយគ្មានវត្តមាន Ronaldo ទេដោយសារគាត់បានសម្រាកពីការប្រកួតអន្តរជាតិទាំងអស់ដើម្បីផ្ដោតលើរដូវកាលដំបូងរបស់គាត់នៅក្រុម Juventus។
ប៉ុន្តែម្ចាស់ស្បែកមាស (Ballon d''Or) ៥ ជំនាន់ Ronaldo បានវិលទៅលេងឲ្យក្រុមជម្រើសជាតិវិញកាលពីខែមីនាហើយតែងតែមានការចាប់អារម្មណ៍ខ្លាំងជាពិសេសនៅថ្ងៃមួយដែលមានគេរាយការណ៍ថា ពាក្យបណ្ដឹងទៅលើរូបគាត់ពាក់ព័ន្ធករណីចាប់រំលោភត្រូវបានគេទម្លាក់ចោលវិញ ប៉ុន្តែតាមពិតគេមិនទាន់ទម្លាក់ចោលនោះទេ។
នៅចំពោះមុខហ្វូងមហាជនដែលស្រឡាញ់ និងចូលចិត្តក្នុងប្រទេសនេះ ម្ចាស់ស្បែកមាសរូបនេះបានបង្កើតភាពអស្ចារ្យជាថ្មីម្ដងទៀតនៅលើទីលានប្រកួតនៅពេលគាត់បានស៊ុតបាល់ free-kick ចូលទីយ៉ាងល្អអស្ចារ្យក្នុងការប្រកួតលើកនេះ។
ទោះយ៉ាងណាម្ចាស់ស្បែកជើងមាសរូបនេះលែងជាតារាតែមួយគត់ដែលរះនៅប្រទេសនេះទៀតហើយក្រោយពីមានកីឡាករវ័យក្មេងមួយចំនួនដូចជា Bernardo Silva ដែលកំពុងរះនៅក្លិប Man City ហើយក្លិបនេះអាចនឹងទិញកីឡាករក្មេងម្នាក់ទៀតគឺ Joao Felix ផងដែរ។
ក្លិប Man City ត្រូវបានរាយការណ៍ថា គ្រោងនឹងទិញកីឡាករ Felix ក្នុងតម្លៃខ្លួន ១២០ លានអឺរ៉ូស្មើ ១៣៥ លានដុល្លារអាមេរិកពីក្លិប Benfica ប៉ុន្តែកីឡាករវ័យ ១៩ ឆ្នាំរូបនេះបានបាត់បង់ឱកាសដ៏អស្ចារ្យក្នុងការបង្ហាញស្នាដៃជាអន្តរជាតិជាមួយឱកាសស៊ុត ១ គ្រាប់នៅមុនពេលបញ្ចប់ការប្រកួតនេះដោយសារមានការកាត់មុខពីកីឡាករ Ronaldo។
ទោះជាមានលទ្ធផលមិនល្អសម្រាប់ជម្រើសជាតិស្វ៊ីសក៏ដោយ គ្រូបង្វឹកជម្រើសជាតិស្វ៊ីសលោក Vladimir Petkovic នៅតែបានអបអរសាទរចំពោះក្រុមជម្រើសជាតិព័រទុយហ្គាល់ដោយនិយាយថា៖ «សូមអបអរចំពោះជ័យជម្នះរបស់ក្រុមជម្រើសព័រទុយហ្គាល់ដែលេមានភាពវៃឆ្លាត និងបង្កើតភាពអស្ចារ្យ ខណៈដែលពួកគេអាចស៊ុតបញ្ចូលទីបាន ៣ លើកក្នុងចំណោមឱកាសស៊ុតបាល់ ៤ លើកគឺពិតជាអស្ចារ្យមែនទែន»៕ SN