ក្រុងប៉ារីស៖ ក្រុមដែលទៅពីប្រទេសអេស្ប៉ាញ Sevilla និង Shakhtar Donetsk របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានធ្វើដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចៗគ្នាក្នុងក្របខ័ណ្ឌ Europa League ក្រោយពីមានជ័យជម្នះរៀងៗខ្លួនលើក្រុមគូបដិបក្ខ Wolverhampton Wanderers (Wolves) និង Basel។
សម្រាប់ក្រុម Sevilla ដែលធ្លាប់លើកពានកម្រិតទី២ របស់តំបន់អឺរ៉ុបនេះ ដល់ទៅ ៥ សម័យកាល ទម្រាំយកឈ្នះ Wolves ទាំងប៉ផុតប៉ផើយ ១-០ បាន អាចជាចាត់ទុកថាជាសំណាង ព្រោះនៅដើមវគ្គទី១ ក្រុមទៅពីក្របខ័ណ្ឌ Premier League របស់អង់គ្លេសក៏មានឱកាសស៊ុតបាល់ពិន័យ ១១ ម៉ែត្រដែរ តែគួរឲ្យស្ដាយ កីឡាករ Raul Jimenez ដែលមុនហ្នឹង មិនដែលភ្លាត់ក្នុងចំណោមការបាល់ពិន័យនេះ ៨ លើកកន្លងមក មិនអាចទាត់បាល់ផុតដៃអ្នកចាំទី Yassine Bounou បាន។
ប្រសិនបើ Sevilla ក្រុមនៃក្របខ័ណ្ឌ La Liga ត្រូវបានក្រុមគូប្រជែងនាំមុខ នោះលទ្ធផលចុងក្រោយ ប្រហែលអាចប្រែប្រួលខុសពីនេះក៏ថាបាន ដោយសារកម្លាំងចិត្តនៃក្រុមទាំង ២ នឹងមានខុសគ្នាជាមិនខាន។
តែយ៉ាងណា Sevilla ក្រុមដែលមានបទពិសោធជោគជាំ សម្រាប់ការប្រកួតប្រជែងនៅក្របខ័ណ្ឌមួយនេះ នៅតែបង្ហាញឲ្យឃើញថា ពួកគេគឺជាក្រុមមានសិទ្ធិលើកពាននេះម្ដងទៀត បន្ទាប់ពីការតែតបញ្ចូលទីរបស់កីឡាករ Lucas Ocampos នៅនាទីទី៨៨។
បើទោះបីជាក្រុមឆ្លងផុតវគ្គ ៨ ក្រុមនេះ ទាំងត្រដាបត្រដួស ក៏ពិតមែនតែគ្រូបង្វឹក លោក Julen Lopetegui នៅតែសរសើរកូនក្រុមរបស់ខ្លួន ដោយលោកបាននិយាយទៅកាន់ទូរទស្សន៍ BT Sport ដូច្នេះ ថា៖ «ខ្ញុំមានមោទនភាពមែនទែនចំពោះកូនក្រុមរបស់ខ្ញុំ។ យើងត្រូវតែមានការអត់ធ្មត់ឲ្យបានច្រើន ពេលប្រកួតជាមួយក្រុមល្អៗដូចនេះ។ យើងមានឆន្ទៈ ដែលនាំឲ្យពួកយើងប្រឹងប្រែងយ៉ាងខ្លាំង ហើយការងារធ្ងន់ជាងនេះទ្វេដង កំពុងរង់ចាំយើង ព្រោះយើងត្រូវប្រឈមជាមួយក្រុមដ៏ធំបំផុតសម្រាប់វិស័យបាល់ទាត់ពិភពលោក គឺក្រុម Manchester United»។
ចំណែកឯក្រុម Shakhtar បានឡើងទៅវគ្គ ១/២ ដែរ ដោយត្រូវទៅជួបក្រុមរបស់ប្រទេសអ៊ីតាលី Inter Milan ក្រោយពីបំបាក់ក្រុមរបស់ស្វ៊ីស Basel ៤-១ ដែលគ្រាប់បាល់ទាំង ៤ គ្រាប់នោះ ធ្វើបានដោយកីឡាករ ៤ រូបផ្សេងគ្នា គឺកីឡាករ Junior Moraes នាទីទី២, Taison នាទីទី២០, Alan Patrick នាទីទី៧៥ (ប៉េណាល់ទី) និង Dodo នាទីទី៨៨។
ដូច្នេះ សម្រាប់ក្របខ័ណ្ឌ Europa League ដែលបានកែប្រែរូបមន្តប្រកួតខុសពីដើមនោះ ឥឡូវនេះបានឈានដល់វគ្គ ៤ ក្រុមចុងក្រោយហើយ ដោយក្រុមទាំង ៤ នោះសុទ្ធតែធ្លាប់លើកពាននេះដូចគ្នា ក្នុងនោះ នៅថ្ងៃទី ១៧ ខែសីហា ក្រុម Sevilla ដែលធ្លាប់ឈ្នះច្រើនជាងគេ ត្រូវជួបក្រុម Manchester United ដែលធ្លាប់លើកពាននេះម្ដង។
ថ្ងៃទី ១៨ ខែសីហា អតីតជើងឯកពាននេះ ៣ ដង Inter Milan ត្រូវតទល់ជាមួយក្រុម Shakhtar ដែលធ្លាប់ឈ្នះ ១ លើក។ ចាប់ពីគូខ្លះនៅវគ្គ ១៦ ក្រុម, វគ្គ ១/៤, វគ្គ ១/២ និងវគ្គផ្ដាច់ព្រ័ត្រ សុទ្ធតែធ្វើឡើងនៅអាល្លឺម៉ង់៕ AFP/VN