អាមេរិកៈ កីឡាករបាល់បោះ Ben Simmons ដែលទើបតែចុះកុងត្រាជាថ្មីរយៈពេល ៥ ឆ្នាំក្នុងតម្លៃ ១៧០ លានដុល្លារអាមេរិកជាមួយក្លិប Philadelphia 76ers នោះបានបញ្ជាក់ពីថ្ងៃអង្គារថា រូបគេនឹងមិនបានលេងឲ្យជម្រើសជាតិអូស្ត្រាលីនៅ World Cup នោះទេ។
តារាបាល់បោះសញ្ជាតិអូស្ត្រាលីរូបនេះនិយាយតាម Twitter ថារូបគាត់នឹងមិនទៅចូលរួមប្រកួតជើងឯក FIBA ដែលរៀបចំនៅប្រទេសចិននៅថ្ងៃទី ៣១ ខែសីហានោះឡើយ។
កីឡាករ Simmons និយាយថា៖ «ខ្ញុំសូមប្រាប់អ្នកគ្រប់គ្នាថា ក្រោយពីបានពិគ្រោះយោបល់ជាមួយតំណាងរបស់ខ្ញុំហើយ ខ្ញុំបានសម្រេចចិត្តទាំងបង្ខំក្នុងការមិនទៅចូលរួមការប្រកួតនៅ World Cup នៅប្រទេសចិន»។
កីឡាកររូបនេះបន្តថា៖ «យើងបានសម្រេចចិត្តថាវាល្អបំផុតដែលប្រើពេលវេលានៅខែកញ្ញា ដើម្បីត្រឡប់ទៅរដ្ឋ Philadephia ដើម្បីសម្របខ្លួននឹងមិត្តរួមក្រុមថ្មី និងត្រៀមខ្លួនសម្រាប់រដូវកាល NBA នៅពេលខាងមុខផងដែរ។
តំណាងរបស់ Simmons លោក Rich Paul បានប្រាប់ ESPN រួចហើយពីថ្ងៃសៅរ៍ថា កីឡាករ Simmons នឹងមិនបានលេងឲ្យជម្រើសជាតិអូស្ត្រាលីនៅក្នុងព្រឹត្តិការណ៍នេះទេ បើទោះជាកីឡាករវ័យ ២២ ឆ្នាំរូបនេះបាននិយាយពីខែឧសភាថា រូបគេទន្ទឹងរង់ចាំការប្រកួតតំណាងឲ្យប្រទេសរបស់រូបគេក្ដី។
Simmons និយាយយោងទៅរកការប្រកួតមិត្តភាពជាមួយសហរដ្ឋអាមេរិកនៅថ្ងៃទី ២២ ដល់ ២៤ ខែសីហា នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលីថា៖ «ខ្ញុំនឹងត្រឡប់មកអូស្ត្រាលីវិញដើម្បីរៀបចំជំរំ ហ្វឹកហាត់ និងលេងជាមួយជម្រើសជាតិអូស្ត្រាលីនៅក្នុងការប្រកួតតាំងពិព័រណ៍នៅពេលខាងមុខ»។
កីឡាកររូបនេះបន្ថែមថា៖ «ខ្ញុំពិតជារំភើបចិត្តណាស់ពីទេពកោសល្យដែលយើងបានបង្កើតឡើងជាមួយក្រុមជម្រើសជាតិនេះជាពិសេសគឺការរំពឹងដល់ការខិតជិតដល់ឆ្នាំ ២០២០ ដែលខ្ញុំនឹងមានកិត្តិយសធ្វើជាតំណាងប្រទេសខ្ញុំនៅលើឆាកប្រកួតកីឡាធំបំផុតក្នុងពិភពលោកនៅព្រឹត្តិការណ៍អូឡាំពិកក្នុងទីក្រុងតូក្យូ»។
កីឡាករ Simmons ត្រូវបានជ្រើសរើសជាកីឡាករលេខ ១ នៅឆ្នាំ ២០១៦ ហើយក្រោយពីរងរបួសមក រូបគេមិនបានបង្ហាញខ្លួននៅរដូវកាលក្របខ័ណ្ឌ NBA ឆ្នាំ ២០១៦-១៧ នោះទេ ប៉ុន្តែរូបគេបានទទួលពានរង្វាន់ជាកីឡាករឆ្នើមប្រចាំឆ្នាំ ២០១៧-១៨។
កីឡាកររូបនេះបានពិន្ទុគិតជាមធ្យមគឺរកគ្រាប់បាលបាន ១៦,៩ បោះមិនចូល ៨.៨ និងបោះឲ្យអ្នកផ្សេងបញ្ចូលកន្ត្រក ៧.៧ សម្រាប់ក្លិប 76ers កាលពីរដូវកាលមុនជាពេលរូបគេបានទទួលពានរង្វាន់ NBA All-Star ជាលើកដំបូង៕ SN