ក្រុង​ម៉ាឌ្រីដ​: ក្រុម Real Sociedad បាន​បន្ត​ការ​ចាប់​ផ្ដើមរដូវកាល​ថ្មី​ដែល​នឹក​ស្មាន​មិន​ដល់ នៅ​ក្រប​ខ័ណ្ឌ La Liga អេស្ប៉ាញ ដោយ​ការ​ឡើង​ទៅ​ឈរ​ទី​កំពូល​តារាង​បណ្ដោះ​អាសន្នកាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ឈ្នះ ៣-០ លើ​ក្រុម​ម្ចាស់​ផ្ទះ Real Betis​។

ក្រុម​ Villarreal បាន​ដណ្ដើម​តំណែង​លេខ ១ ពេល​ធ្វើ​ការ​ប្រកួត​មុន ដោយ​ការ​យក​ឈ្នះ ២-១ លើ​ក្រុម Valencia នៅ​ទឹក​ដី​របស់​ខ្លួន la Ceramica តែ​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​របស់​ក្រុម Sociedad បាន​រុញ​ពួកគេ​ឡើង​ទៅ​នៅ​ទី​កំពូល​ជាមួយ​នឹង​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​។​​

មក​ទល់​ពេល​នេះ មាន ៦ ក្រុម មាន​ពិន្ទុ​ប្រដេញ​គ្នា​នៅ​​កំពូល​តារាង La Liga ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ ៦ សប្ដាហ៍ ខណៈ​ក្រុម​ជើង​ឯក​ចាស់ Real Madrid បាន​បោះ​បង់​តំណែង​ទី ១ ក្រោយ​ភ្លាត់​ប្រកួត​ចាញ់​ក្រុម Cadiz នៅ​ផ្ទះ​ខ្លួន​ឯង កាល​ពី​ថ្ងៃ​សៅរ៍​។ ដូច​គ្នា​ដែរ ក្រុមយក្ស​មួយទៀត Barcelona ធ្លាក់​ទៅ​ដល់​លេខ ៩ ដោយសារ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​​​ Getafe​ គ្រាន់​តែ​ថា ទើប​ប្រកួត​បាន ៤ លើក​ប៉ុណ្ណោះ​។

Oiarzabal (ស្ដាំ) ស៊ុត​បាល់​ប៉េណាល់ទីបាន​សម្រេច ជួយ​ឱ្យ​ក្រុម Sociedad នាំ​មុខ ២-០ អំឡុង​ការ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ Betis កាល​ពី​ថ្ងៃ​អាទិត្យ​។

សម្រាប់ ៣ គ្រាប់ ដែល​ធ្វើ​ឱ្យ​ក្រុម Real Sociedad បាន ៣ ពិន្ទុ​នេះ ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​បម្រើ​ទាំង ៣ រូប ក្នុ គឺ Cristian Portu នាទីទី​៤៣ Mikel Oyarzabal នាទីទី៧៤ (ប៉េណាល់​ទី) និង Adnan Januzaj នាទីទី​៨៨​។

ក្រោយឈ្នះ​ប្រកួត​សប្ដាហ៍​ទី ៦ នេះ ក្រុម Sociedad ឈរ​លេខ ១ ក្នុង​តារាង​លីគ​កំពូល​ មាន ១១ពិន្ទុ ស្មើ​គ្នា​ជាមួយ​ក្រុម​លេខ ២ Villarreal ខណៈ​ក្រុម​ពី​លេខ ៣ ដល់​លេខ ៦ មាន​ដូច​ជា​​ Real Madrid, Getafe, Cadiz និង Granada មាន ១០​ពិន្ទុ​ដូច​គ្នា តែ​លើស​ខ្វះ​គ្នា ចំនួន​គ្រាប់​បាល់ ហើយ​ចំនួន​ការ​ប្រកួត មាន​ក្រុម​ខ្លះ​តិច​ជាង ១​លើក​៕ AFP/VN