ក្រុង​ឡុងដ៍: អ្នក​ចាំទី Hugo Lloris បាន​អះអាង​ថា ខ្លួន​បាន​ធ្វើ​ការ​ផ្សះ​ផ្សារសម្រុះ​សម្រួល​​ជាមួយ​ខ្សែ​ប្រយុទ្ធ Son Heung-min ក្រោយ​កីឡាករ​របស់ក្រុម Tottenham Hotspur (Spurs) ទាំង ២ មាន​ជម្លោះ​ដ៏​ក្ដៅ​គគុក​មួយអំឡុង​ការ​ប្រកួត ដែល​ក្រុម​ខ្លួន​យក​ឈ្នះ​ក្រុម Everton យ៉ាង​ប្រផិត​ប្រផើយ ១-០ កាល​ពីថ្ងៃ​ចន្ទ​។​​

នៅ​ពេល​កីឡាករ​ Son ធ្វើ​ដំណើរ​ត្រឡប់​ទៅ​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​ជាមួយ​មិត្ត​រួម​ក្រុម ក្រោយ​បញ្ចប់​វគ្គ​ទី​១ កីឡាករ​អន្តរ​ជាតិ​បារាំង Lloris បាន​រត់​សំដៅ​ទៅ​កាន់​កីឡាករ​កូរ៉េ​ខាង​ត្បូង ហើយ​ក៏​ស្រែក​ដាក់ និង​រុញ​ស្មា មុន​នឹង​កីឡាករ Son ដែល​ជា​ធម្មតា​មាន​អត្ត​ចរិក​ស្ងប់​ស្ងាត់ បាន​តប​ត​វិញ​ទាំង​ខឹង​សម្បា ខណៈ​ទាំង​ ២​ នាក់ ក៏​ត្រូវ​មិត្ត​រួម​ក្រុម​ គឺ​កីឡាករ Harry Winks និង Moussa Sissoko ចាប់​បំបែក​ពី​គ្នា ដោយ​ឃើញ​ការ​ឈ្លោះ​ប្រកែក​នោះកាន់​តែ​ក្ដៅ​ឡើង​ៗ​។​

កីឡាករ​​ Lloris ​មិន​សប្បាយ​ចិត្ត​ជាមួយ​កីឡាករ Son ដែល​មិន​ព្យាយាម​តាម​បិទ​វិញ ក្រោយ​ពី​បាត់​បាល់​នៅ​​តំបន់​កណ្ដាលរហូត​ធ្វើ​ឲ្យ​កីឡាករ​ Richarlison របស់​ក្រុម Everton មាន​ឱកាស​ស៊ុត​ តែ​ខុស​គោល​ដៅ​ ដោយកីឡាករវ័យ ៣៣​ ឆ្នាំ បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា​យើង​បង្កើត​នូវ​កំហុស​មួយ នៅ​មុន ២-៣​ នាទី មុន​ចប់​វគ្គ​ទី​១ ព្រោះ​យើង​មិន​បាន​ធ្វើ​ការ​គាប​សង្កត់ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​។ តែគ្មាន​បញ្ហា​នោះ​ គឺ​បាល់​ទាត់​»​។

តែ​យ៉ាង​ណា កីឡាករ​ទាំង​ ២ Son និង Lloris ទំនង​ជា​សម្រុះ​សម្រួល​គ្នា​បាន ពេល​ដែល​ពួក​គេ បាន​ឱប​គ្នា​ទៅ​វិញទៅ​មក កំលុងពេល​សំឡេង​កញ្ចែ​ចុង​ក្រោយ​បន្លឺ​ឡើង សម្រាប់​ការ​ប្រកួត​នៅ​ក្រុង​ឡុងដ៍​ភាគ​ជើង ដែល​ក្រុម Spurs អាច​ដណ្ដើម​បាន​ជ័យ​ជម្នះ​ជាលើក​ទី ២ របស់​ខ្លួន ចាប់​តាំងការ​ចាប់​ផ្ដើម​វិញ ក្រោយ​ផ្អាក ១ ​រយៈ ដោយសារ​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​។​​

កីឡាករ​ Lloris បាន​និយាយ​បន្ថែម​ថា​៖ «​ជា​រឿង​ធម្មតា​ពេល​នៅ​ក្នុង​បន្ទប់ផ្លាស​សម្លៀក​បំពាក់។ នៅ​ខាង​ក្រៅ អ្នក​អាច​និយាយ​អ្វី​ក៏​បាន ដែល​អ្នក​ចង់​និយាយ​។ អ្វី​ដែល​បាន​កើត​ឡើង វា​គ្រាន់​តែ​ជា​ផ្នែក​នៃ​បាល់​ទាត់​ប៉ុណ្ណោះ។

និយាយ​ដោយ​ស្មោះ យើង​ស្ថិត​ក្នុង​ស្ថាន​ភាព ដែល​យើង​មិន​សប្បាយ​ចិត្ត​ជាមួយ ដូច្នេះយើង​ត្រូវ​តែ​តវ៉ា​គ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​ទាំងអស់​គ្នា កំពុង​ស្ថិត​ក្នុង​គោល​ដៅ​តែ ១​។ តែ​យ៉ាង​ណា រឿង​សំខាន់​បំផុត​ គឺ​ផ្ដោត​លើ​ក្រុម​ទាំង​មូល ព្រោះយើង​អាច​ត្រឹម​តែ​ធ្វើ​វា ក្នុង​នាម​ក្រុម​តែ​ ១​»​។

តែ​សម្រាប់​គ្រូ​បង្វឹក​របស់ក្រុម Spurs លោក Jose Mourinho ហាក់​ដូច​ជា​សប្បាយ​ចិត្ត​ទៅ​វិញ នៅ​ពេលកូន​ក្រុម​កើត​ជម្លោះជាមួយ​គ្នា​បែប​នេះ ព្រោះ​លោក​យល់​ថា វា​មិន​មែន​ជាការ​បែក​បាក់​សាមគ្គី​នោះ​ទេ ផ្ទុយ​ទៅ​វិញវា​បង្ហាញ​ឲ្យ​ឃើញ​នូវ​ចំណង់យ៉ាង​ខ្លាំង​ក្លា ដែល​ចង់​បាន​ជ័យ​ជម្នះ។

លោក Mourinho បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​វា​ជា​រឿង​ប្រសើរ​ណាស់។ វាប្រហែល​ជា​មក​ពី​លទ្ធផល​នៃ​ការ​ប្រជុំ​របស់​ពួក​យើង ដូច្នេះបើ​អ្នក​ចង់​បន្ទោស​នរណា​ម្នាក់ បន្ទោស​ខ្ញុំ​មក​ចុះ។ ខ្ញុំ​បាន​សុំ​ឲ្យ​ពួក​គេ​ត្រូវ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មកឲ្យ​បាន​ច្រើន​ជាង​នេះ និង​ដាក់​សម្ពាធ​គ្រប់​គ្នា​ទាំង​អស់ ដោយ​គ្មាន​នរណា​ម្នាក់​ អាច​លេង​ដោយ​ស្រួល​ៗ​ឡើយ​»​។

បុរស​សញ្ជាតិ​ព័រទុយហ្គាល់ បាន​បន្ត​ទៀត​ថា​៖ «គ្រាន់​តែ​ថា​ ការ​ឈ្លោះ​ប្រកែក​នោះ មិន​គួរ​កើត​ឡើង​នៅ​លើ​ទីលាន​នោះ​ឡើយ វាគួរ​តែ​កើតនៅក្នុង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់ តែ​អ្វី​ដែល​ប្រធានក្រុម​បាន​ធ្វើ គេ​គ្រាន់​តែ​ចង់​បា្រប់​មិត្ត​រួម​ក្រុម​ថា អ្នក​ត្រូវ​ធ្វើ​អ្វី​បន្ថែម​តែ​ប៉ុណ្ណោះ»​៕ AFP/VN