ក្រុង​សេអ៊ូល៖ ខែ្ស​ប្រយុទ្ធ Son Heung-min របស់​ក្រុម​មាន់​ខ្នាយ​មាស Tottenham- Hotspur បាន​ផ្ដាច់​ខ្លួន​ពី​អ្នក​ដទៃ ដោយ​នៅ​តែ​ក្នុង​បន្ទប់ ក្រោយ​កីឡាករ​មិត្ត​រួម​ជាតិ​កូរ៉េ​ខាង​ត្បូង ៦ ​រូប​ បាន​ធ្វើ​តេស្ត​វិជ្ជមាន​នៃ​ជំងឺ​កូវីដ ១៩ នៅ​​ថ្ងៃ​បំពេញ​ភារកិច្ច​ប្រកួត​អន្តរជាតិ​ក្នុង​ប្រទេស​អូទ្រីស​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្រ្តី​សហព័ន្ធ​កាល​ពី​ថ្ងៃ​ចន្ទ​។

ទោះបី​ជា​កីឡាករ Son វ័យ ២៨ ​ឆ្នាំ តេស្ត​អវិជ្ជមាន​ក៏​ដោយ​ក៏​រូប​គេ និង​កីឡាករ​ដទៃ​ទៀត ត្រូវ​បាន​ប្រាប់​ឱ្យ​ស្នាក់​នៅ​​ក្នុង​បន្ទប់​សណ្ឋាគារ នាក្រុង​វីយែន​តែ​ប៉ុណ្ណោះ លើក​លែង​តែ​ត្រូវ​ហ្វឹកហាត់​​។

ទោះ​ជា​មាន​ករណី​វិជ្ជមាន​ក្ដី ក៏​ក្រុម​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ការ​​ប្រកួត​មិត្តភាព​ជាមួយ​ម៉ិកស៊ិក​រួច​ហើយ​ដែរ ដោយ​ជា​លទ្ធផល​ក្រុម​ទៅ​ពី​អាស៊ី​មួយ​នេះ ​ចាញ់ ៣-២ ហើយ​មាន​កាល​វិភាគ​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​រួម​ទ្វីប​កាតា នៅ​ថ្ងៃ​អង្គារ​នេះ តែ​ត្រូវ​រង់ចាំ​លទ្ធផល​តេស្ដ​ដំណាក់កាល​ចុង​ក្រោយ​សិន​។​

សហព័ន្ធ​បាល់ទាត់​កូរ៉េ​ខាង​ត្បូង​អះអាង​ប្រាប់​ AFP ថា កីឡាករ Kwon Chang-hoon, Lee Dong-jun, Hwang In-beom, Na Sang-ho, Kim Moon-hwan និង​អ្នក​ចាំទី Jo Hyeon-woo សុទ្ធ​តែ​មាន​វិជ្ជមាន​ទាំង​អស់​គ្នា​។

ជាមួយ​គ្នា​នេះ មន្រ្តី​សហព័ន្ធ ​១ ​រូប បាន​ប្រាប់​ថា៖ «​ការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កាតា​នឹង​ដំណើរការ​ធម្មតា ប្រសិន​បើ​កីឡាករ​យ៉ាង​ហោច​ណាស់ ១៣ នាក់ ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ពី​ការ​ធ្វើ​តេស្ត​ចុង​ក្រោយ​»​។

សប្ដាហ៍​កន្លង​ទៅ​នេះ ឃើញ​ថា អត្តពលិក​បាល់ទាត់​អន្តរជាតិ​មួយ​ចំនួន​ធ្វើ​តេស្ត​ទទួល​បាន​លទ្ធផល​វិជ្ជមាន​នៃ​វីរុស​នេះ ក្នុង​នោះ​រួម​មាន​ទាំង​ខ្សែ​ប្រយុទ្ធ​ឆ្នើម Mohamed Salah របស់​ក្រុម​ហង្ស​ក្រហម Liverpool និង​ខ្សែ​បម្រើ Alan Browne របស់​ក្រុម​ជម្រើស​ជាតិ​សារ.​អៀរឡង់​ផង​ដែរ​។

សម្រាប់​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ Son ដែល​ជាប់​ឈ្មោះ​ជា​កីឡាករ​អាស៊ី​ដ៏​ឆ្នើម នៅ​ឯ​ក្របខ័ណ្ឌ Premier League អង់គ្លេស​រួម​ចំណែក​បញ្ជូន​បាល់​ឱ្យ​ Hwang Ui-jo ស៊ុត​ឱ្យ​កូរ៉េ​ខាង​ត្បូង​បើក​ការ​នាំ​មុខ។ ​

ប៉ុន្តែ​ម៉ិកស៊ិក​ទម្លុះ​សំណាញ់​ទី ៣ គ្រាប់​ ផ្ទួនៗ​នៅ​វគ្គ​ទី ២ ហើយ​ទោះ​ជា​កីឡាករ Kwon Kyung-won អាច​រក​បាន​ ១ គ្រាប់​ ​ក៏នៅ​មិន​អាច​តាម​ស្មើ​វិញ​បាន​ដែរ​៕ AFP/VN​