ក្រុង​ឡុងដ៍៖ លោក​ Erik ten ​Hag ​គ្រូ​បង្វឹក​​ក្លិប​ Ajax ​ពី​ថ្ងៃ​ចន្ទ​បាន​សំរេច​ចិត្ត​ថា​ គាត់​​នឹង​មិន​ទទួល​តំណែង​ជា​គ្រូ​បង្វឹក​នៅ​ក្លិប​ Bayern​ Munich​ នៅ​​ពេល​នេះ​ទេ​ដោយ​​និយាយ​ថា ​គាត់​​នឹង​បន្ត​ដឹកនាំ​​ក្លិប​ម្ចាស់​ជើងឯក​ហូឡង់​នេះ ​រហូត​ដល់​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​។

ក្លិប​ Bayern បាន​បណ្ដេញ​គ្រូ​បង្វឹក​លោក Niko Kovac កាល​ពី​ថ្ងៃ​អាទិត្យ ​ដែល​បង្ក​ឲ្យ​មាន​ការ​​សង្ស័យ​យ៉ាង​ខ្លាំង​ថា តើ​អ្នក​ណា​នឹង​បន្ត​ដឹកនាំ​ក្លិប​ដ៏​​ធំ​មួយ​ដែល​លេង​នៅ​​ក្របខ័ណ្ឌ​អាល្លឺម៉ង់​ Budesliga នេះ​?

លោក Ten Hag ត្រូវ​បាន​រាយការណ៍​ថា បាន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​ជា​ជម្រើស​ទី ​១ ​ក្រោយ​ពី​គាត់​បាន​ដឹកនាំ​ឲ្យ​ក្រុម​ Ajax ឲ្យ​​ឡើង​​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ក្របខ័ណ្ឌ​ Champions League ពី​រដូវកាល​មុន​ និង​បាន​​ចាប់​ផ្ដើម​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​រដូវកាល​នេះ​ផង​ដែរ​។​​

លោក Ten Hag គឺ​ជា​គ្រូ​បង្វឹក​បម្រុង​របស់​ក្លិប​ Bayern ពី​ឆ្នាំ ​២០១៣-១៥​ ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ប៉ុន្តែ​គាត់​បាន​ប្រាប់​អ្នក​កាសែត​ពី​ថ្ងៃ​ចន្ទ​ថា គាត់​​មិន​ទាន់​ចង់​ត្រឡប់​​ទៅ​​​រដ្ឋ​ Bavaria ប្រទេស ​អាល្លឺម៉ង់​​ វិញ​នៅ​ឡើយ​ទេ​។​​

នៅ​ពេល​គេ​​សួរ​នៅ​កីឡដ្ឋាន​ Stamford Bridge មុន​ពេល​ក្លិប​ Ajax ​ប្រកួត​ជាមួយ​ក្រុម​ Chelsea ក្នុង​ក្របខ័ណ្ឌ​ Champions League ពី​ថ្ងៃ​អង្គារ​​ថា តើ​គាត់​នឹង​បន្ត​​ស្ថិត​នៅ​ក្លិប​ Ajax ឬ​យ៉ាង​ណា​​? គាត់​បាន​និយាយ​​ថា៖ «​ខ្ញុំ​អាច​បញ្ជាក់​ពី​បញ្ហា​នោះ​បាន​គឺ​ថា ​ខ្ញុំ​មាន​ទំនាក់ទំនង​រឹងមាំ​មួយ​ជាមួយ​ក្រុម​របស់​ខ្ញុំ​ និង​​គ្រប់​គ្នា​នៅ​ក្លិប​ Ajax ដូច្នេះ​​ខ្ញុំ​អាច​បញ្ជាក់​ថា ខ្ញុំ​នឹង​បន្ត​ស្ថិត​នៅ​ក្លិប​ Ajax នៅ​រដូវកាល​នេះ​»។​

ទោះ​បី​យ៉ាង​ណា​ លោក Ten Hag ដែល​ជាប់​កុងត្រា​ជាមួយ​ក្រុម Ajax រហូត​ដល់​ឆ្នាំ ​២០២២ ​នោះ ​មិន​បាន​បញ្ជាក់​ទាំង​ស្រុង​ថា គាត់​នឹង​មិន​ទៅ​ដឹកនាំ​ក្រុម​នេះ​ឲ្យ​បាន​ច្បាស់​នោះ​ទេ​។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​​ថា៖ «​Bayern គឺ​ជា​ក្លិប​ដ៏​​អស្ចារ្យ​មួយ​ដែល​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​កក់ក្ដៅ ​និង​រីករាយ​ធ្វើ​ការ​នៅ​ទី​នោះ​ ហើយ​ពួក​គេ​នៅ​តែ​ស្ថិត​នៅ​ក្នុង​បេះដូង​របស់​ខ្ញុំ ​ប៉ុន្តែ​ឥឡូវ​​ខ្ញុំ​ចង់​បន្ត​ស្ថិត​នៅ​ក្លិប​ Ajax ដល់​​ចប់​រដូវ​កាល​នេះ​​»៕ AFP/SN