ក្រុង​ឡុងដ៍៖ កីឡាករ​វាយ​កូន​បាល់​ Dominic Thiem បាន​បង្ហាញ​ពី​​ទម្រង់​លេង​ដ៏​អស្ចារ្យ ​ដោយ​បាន​យក​ឈ្នះ​កីឡាករ​ Novak Djokovic ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​នៃ​ព្រឹត្តិការណ៍​ ATP Finals កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​​ Djokovic ដែល​ត្រូវ​បាន Thiem ចាត់​ទុក​ថា ជា​វីរបុរស​របស់​ខ្លួន​នោះ ក៏​នឹង​វិល​ទៅ​ជួប​​កីឡាករ​ Roger Federer ផង​ដែរ។​

សម្រាប់​ការ​ប្រកួត ​នៅ​ទីលាន​ O2 នាទី​ក្រុង​ឡុងដ៍​នេះ កីឡាករ​អូទ្រីស​​ មាន​ចំណាត់​ថ្នាក់​លេខ ​៥ ​ពិភព​លោក Thiem ​​បាន​ប្រកួត​ឈ្នះ​វីរបុរស​​របស់​ខ្លួន​ Djokovic ក្នុង​លទ្ធផល ៦-៧, ៦-៣ និង ៧-៦ ហើយ​ជ័យ​ជម្នះ​នេះ បាន​ជួយ​ឲ្យ​រូប​គេ ​ឡើង​ចំណាត់​ថ្នាក់​ ទៅ​ជា​អ្នក​ជាប់​ចំណាត់​ថ្នាក់​លេខ ​២ ​ពិភព​លោក។ ​

ជុំវិញ​ការ​ទទួល​បាន​ជ័យជម្នះ​ដ៏​រំភើប​នេះ Thiem បាន​និយាយ​​ថា៖ «​នេះ​ពិត​ជា​ការ​ប្រកួត​ដ៏​ពិសេស​អស្ចារ្យ​មួយ ​ព្រោះ​វា​ជា​អ្វី​ដែល​ខ្ញុំ​បាន​អនុវត្ត​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ​តាំង​ពី​កុមារ​ភាព​មក​ម្ល៉េះ។ វា​ពិត​ជា​ពិសេស​មែន​ទែន ​ដែល​ខ្ញុំ​បាន​យក​ឈ្នះ​វីរបុរស​នៃ​ការ​ប្រកួត​របស់​យើង​ ហើយ​ខ្ញុំ​បាន​ឡើង​ទៅ​វគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ​ដែល​ជា​វគ្គ​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ផង​ដែរ​»។​

កីឡាករ​រូប​នេះ ​បាន​បន្ថែម​ទៀត​ថា៖ «​ការ​ត្រឡប់​ជា​ឈ្នះ​វិញ​នេះ ​គឺ​ជា​សំណាង​តិច​តួច​​បំផុត ​ប៉ុន្តែ​វា​គឺ​ជា​ការ​ប្រកួត​មិន​គួរ​ឲ្យ​​ជឿ​ និង​ជា​​ការ​ប្រកួត​មួយ ​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន ព្រោះ​ Djokovic ជា​កីឡា​ករ​ល្អ​បំផុត ​នៅ​លើ​ពិភព​លោក​ ហើយ​ខ្ញុំ​​បាន​​ធ្វើ​អ្វី​​​ពិសេស​»​។

ដោយ​ឡែក​កីឡាករ​ Federer បាន​រក​ឃើញ​ជ័យជម្នះ ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ចុង​ក្រោយ​នៃ​រដូវកាល​នេះ ដោយ​បាន​ឈ្នះ​កីឡាករ​អ៊ីតាលី​ Matteo Berrettini ៧-៦ (៧/២) និង ៦-៣ នៅ​ក្នុង​ការ​ប្រកួត​ជុំ​ចុង​ក្រោយ​របស់​ពួក​គេ​ ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ Federer នឹង​ត្រូវ​ជួប Djokovic ក្នុង​​វគ្គ​ផ្តាច់​ព្រ័ត្រ​ នៃ​ពាន​រង្វាន់​ Wimbledon ​សម្រាប់​ឆ្នាំ​នេះ​ ដើម្បី​កំណត់​ថា តើ​នរណា​​នឹង​ឈាន​ទៅ​វគ្គ​បន្ត​ពី​ពូល​ Bjorn​ Borg។

កីឡាករ​ស្វ៊ីស​ជាប់​ចំណាត់​ថ្នាក់​លេខ ​៣ ​ពិភព​លោក ​ Federer បាន​ខក​ចិត្ត​យ៉ាង​ខ្លាំង ​ក្រោយ​ពី​ចាញ់​កីឡាករ​ Thiem នៅ​ក្នុង​ការ​ប្រកួត​វិល​ជុំ​បើក​ឆាក​ ហើយ​ម្ចាស់​ជើង​ឯក ​៦ ​ជំនាន់​រូប​នេះ ត្រូវ​បាន​គេ​​សួរ​ក្រោយ​ឈ្នះ​​​កីឡាករ​ Berrettini ថា តើ​រូប​គេ​នៅ​មាន​អារម្មណ៍​​ភ័យ​ខ្លាច​ចំពោះ​​កីឡាករ​ Djokovic ដែល​ធ្លាប់​បាន​​ឈ្នះ​រូប​គេ​ នៅ​ព្រឹត្តិការណ៍ Wimbledon ដែរ​ឬ​យ៉ាង​ណា​? Federer បាន​ឆ្លើយ​តប​​ថា៖ «យើង​នឹង​ឃើញ​ការ​ពិត​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ វា​មិន​ជះ​ឥទ្ធិពល​ដល់​ការ​ប្រកួត​នេះ​ទេ​»។​

កីឡាករ​ស្វ៊ីស​រូប​នេះ បាន​បន្ថែម​ថា៖ «ទឹក​ជា​ច្រើន​បាន​ហូរ​នៅ​ក្រោម​ស្ពាន​តាំង​ពី​នោះ​មក​»។​ កីឡាករ​ Djokovic កំពុង​តាម​ស្វែងរក​ការ​លើក​ពាន​រង្វាន់​ ATP Finals ជា​លើក​​ទី ​៦ ​ដើម្បី​ប្រជែង​គ្នា​នឹង​កំណត់ត្រា​របស់​កីឡាករ​ Federer ហើយ​ក៏​កំពុង​ខិតខំ​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ ​១ ​ពិភព​លោក​ នៅ​ចុង​ឆ្នាំ​នេះ​ជាមួយ​កីឡាករ​ Rafael Nadal ផង​ដែរ​៕ AFP/SN