ក្រុង​ប៉ារីស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហ្វាំងឡង់ បាន​បំបាក់​មុខ​កីឡាករ Marcus Thuram ដោយ​ការ​យក​ឈ្នះ​​ក្រុម​បារាំង ២-០ កាល​ពី​ថ្ងៃ​ពុធ ចំ​​ថ្ងៃ​ដែល​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Borussia Moenchengladbach ដើរ​តាម​ផ្លូវ​ឪពុក​របស់​ខ្លួន លោក Lilian Thuram ជាមួយ​នឹង​ការ​បង្ហាញ​វត្តមាន​លើក​ដំបូង​ឱ្យ​ក្រុម​ ដែល​មាន​រហស្សនាម​ថា «​Les Bleus​»​។

កីឡាករ​ Thuram ត្រូវ​បាន​លោក​គ្រូបង្វឹក Didier Deschamps ដាក់​ឱ្យ​លេង​ក្នុង​ប្រកួត​មិត្តភាព​នា​​កីឡដ្ឋាន Stade de France ដែល​មាន​រយៈពេល​ជាង ២២ ​ឆ្នាំ​ហើយ​ គិត​តាំង​ពី​​​ឪពុក​របស់​គេ​បាន​ឈ្នះ​ពាន World Cup ក្នុង​ទីលាន​តែ ​១ ​នេះ ហើយ​ទោះ​ជា​មាន​ទម្រង់​លេង​ល្អ​​ក៏​ដោយ ក៏​ខ្សែ​ប្រយុទ្ធ​ស្លាប​ឆ្វេង​នេះ មិន​អាច​ធ្វើ​អ្វី​ខ្សែ​ការពារ​ដ៏​រឹង​របស់​ក្រុម​ហ្វាំងឡង់​បាន​ដែរ​។

ឱកាស​ដ៏​ល្អ​របស់​កីឡាករ​វ័យ ២៣ ​ឆ្នាំ គឺ​កើត​ឡើង​ពេល​ការ​ប្រកួត​ដំណើរ​ការ​បាន ១៥ ​នាទី ដោយ​បាន​​លោត​តែត​ពេញ​ទំហឹង​ តែ​គួរ​ឱ្យ​ស្ដាយ​បាល់ហោះ​ទៅ​បុក​របារ​ទី ខណៈ​​ក្រោយ​មក​ ព្យាយាម​ស៊ុត​បាល់​ក្នុង​លម្ហ​តែ​បាល់​ហោះ​រំលង​ទី​។

បន្ទាប់​ពី​ម្ចាស់​ផ្ទះ​វាយ​សម្រុក​ច្រើន​លើក​ច្រើន​សា មិន​សម្រេច ដល់​វេន​ក្រុម​ភ្ញៀវ​ម្ដង ហើយ​ខ្សែ​ប្រយុទ្ធ​ Marcus Forss និង​ខ្សែ​បម្រើ Onni Valakari រួម​ចំណែក​ស៊ុត​បញ្ចូល​ទី​​ម្នាក់ ១ គ្រាប់ ឱ្យ​ហ្វាំងឡង់​នាំ​មុខ​ម្ចាស់​ជើងឯក​ពាន​រង្វាន់​ពិភព​លោក ២-០ នៅ​មុន​ចប់​វគ្គ​ទី១។ ចូល​ដល់​វគ្គ​ទី២ ក្រុម​ទាំង ២ មិន​អាច​ធ្វើ​គ្នា​បាន​ឡើយ ដូច្នេះ​ចុង​ក្រោយ​បារាំង​ចាញ់ ២-០​។

លទ្ធផល​នេះ ប្រាកដ​ណាស់​នឹង​ធ្វើ​ឱ្យ​លោក Deschamps ខក​ចិត្ត​ តែ​គាត់​អាច​​នឹង​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​របស់​​ Thuram ដែល​​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​កីឡាករ​លំដាប់​ពិភព​លោក​​ល្បី​ៗ​មួយ​ចំនួន ក្នុង​នោះ​រួម​ទាំង Paul Pogba និង Olivier Giroud ផង​ដែរ​។

ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ​ Thuram ​ប្រាប់​ទូរទស្សន៍៍ M6 ថា​៖ «​យើង​លេង​បាន​ល្អ នៅ​តង់​ទី ១ ទោះ​របូត​គ្រាប់​បាល់​ក៏​ដោយ​។ ខ្ញុំ​ព្យាយាម​រៀន​សូត្រ​យ៉ាង​ច្រើន​ពី​កីឡាករ​ជម្រើស​ជាតិ​ដទៃ​ ហើយ​ព្យាយាម​យក​បទពិសោធ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច។ ខ្ញុំ​សង្ឃឹម​ថា នឹង​បន្ត​ធ្វើ​បែប​ហ្នឹង​ទៅ​មុខ​ទៀត​»​។

តែ​កីឡាករ​រូប​នេះ ​អាច​នៅ​​​មិន​​ប្រាកដ​ទេ​ថា នឹង​មាន​វត្តមាន​ពេល​ក្រុម​មាន់​គក​ប្រកួត​កម្មវិធី Nations League ទល់​នឹង​ជើងឯក​អឺរ៉ុប​ព័រទុយហ្គាល់ និង​ស៊ុយអែត ដែរ​ឬ​អត់​​?។

Deschamps សប្ដាហ៍​មុន ​និយាយ​ថា កូន​ប្រុស​របស់​អតីត​មិត្តរួម​ក្រុម​ជម្រើស​ជាតិ​បារាំង មាន​កម្រិត​ប្រសើរ​ជាង​មុន​​តាំង​ពី​ក្លាយ​ជា​សមាជិក​របស់​ក្រុម​ Moenchengladbach ដោយ​​ចេញ​ពី​ក្លិប​ Guingamp ក្នុង​ខែ​កក្កដា ឆ្នាំ ​២០១៩​។

Thuram រក​បាន​ ៣ គ្រាប់​ដែរ ក្រោយ​លេង​ ១១ លើក ឱ្យ​ក្រុម​នៅ​ Bundesliga​ ​រដូវកាល​នេះ ហើយ​ជា​អត្តពលិក​បាល់ទាត់​ទី ១ នៅ​អាល្លឺម៉ង់ ដែល​​លុត​ជង្គង់​ម្ខាង​​តវ៉ា ក្រោយ​បុរស​ស្បែក​​​ខ្មៅ George Floyd ស្លាប់​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​ប៉ូលិស នា​ក្រុង Minneapolis។​

ឪពុក​របស់​គេ គឺ​លោក Lilian Thuram ​បង្ហាញ​ខ្លួន​ច្រើន​ជាង​គេ​បំផុត​ឱ្យ​បារាំង ចំនួន ១៤២ ​លើក ហើយ​ឈ្នះ​ពាន ២ ដង គឺ World Cup 1998 និង Euro 2000៕ AFP/VN