ក្រុង​មីឡាន៖ ក្រោយ​ផ្អាក​សកម្មភាព​រយៈពេល ៣ ​ខែ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នូវ​​វីរុស​កូរ៉ូណា ឥឡូវ​នេះ​ ក្របខ័ណ្ឌ Serie A របស់​ប្រទេស​អ៊ីតាលី បាន​ចាប់​ផ្ដើម​ការ​ប្រកួត​ប្រជែង​របស់​ខ្លួន​ឡើង​វិញ​ហើយ កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​ទៅ ដោយ​គូ​ដំបូង​គេ​ គឺ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ម្ចាស់ផ្ទះ​ Torino និងក្រុម​ Parma ហើយ​លទ្ធផល គឺ​ស្មើ​គ្នា ១-១​។

ខ្សែ​ការពារ​សញ្ជាតិ​កាមេរូន Nicolas Nkoulou គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ដំបូង​គេ​សម្រាប់​ការ​វិល​វិញ​របស់​លីក​ទី​១ ​នេះ ក្រោយ​មាន​ឱកាស​តែត​បាល់​ទាត់​ចេញ​ពី​ជ្រុង​បាន​សម្រេច​នៅ​នាទីទី ​១៥ ហើយ​ក៏​ជា​គ្រាប់​បាល់​នាំ​មុខ​របស់​ក្រុម Torino ផង​ដែរ តែ​នាទីទី ​៣១ ខ្សែ​បម្រើ Juraj Kucka ក៏​ស៊ុត​បាល់​ក្នុង​តំបន់​គ្រោះ​ថ្នាក់​បាន​សម្រេច​ឲ្យ​ក្រុម​ភ្ញៀវ​តាម​ស្មើ​វិញ ១-១។​​​​

សម្រាប់​ការ​​ប្រកួត​ដែល​ធ្វើ​ឡើង​ដោយ​បិទទ្វារ នៅឯ​កីឡដ្ឋាន Stadio Olimpico នាក្រុង​ទូរីន​នេះ ត្រឹម​តែ ៣ ​នាទី​នៃ​វគ្គ​ទី​២ ពោល​គឺ​នា​ទីទី ​៤៨ ឃើញ​ថា ក្រុម​ម្ចាស់​​ផ្ទះ​ទទួល​បាន​បាល់​ពិន័យ ​១១ ​ម៉ែត្រ តែ​គួរ​ឲ្យ​សោក​ស្ដាយ ដែល​ខ្សែ​ប្រយុទ្ធ Andrea Belotti មិន​អាច​ស៊ុត​បាល់​គេច​ឲ្យ​ផុត​ពី​ដៃ​របស់​អ្នក​ចាំ​ទី Luigi Sepe បាន​។

បន្ទាប់​ពី​នោះ ក្រុម​ទាំង ​២ បាន​​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ទម្លុះ​សំណាញ់​ទី​ឲ្យ​បាន តែ​ការ​ប្រកួត​ដំបូង​ក្រោយ​អវត្តមាន​ ​១០៣ ​​ថ្ងៃ​នេះ​ បាន​បញ្ចប់​លទ្ធផល​ទៅ​ត្រឹម​តែ​ ១-១ ប៉ុណ្ណោះ។ ក្រុម​ Torino បាន​បញ្ចប់​កំណត់ត្រា​ចាញ់ ៦ ​ដង​ជាប់​ៗ​គ្នា ក្រោយ​ដណ្ដើម​បាន ១ ​ពិន្ទុ​ជា​លើក​ដំបូង គិត​តាំង​ពី​ថ្ងៃ​ទី ​១២ ខែ​មករា ​មក​នោះ តែ​ស្ថិត​នៅ​ចំណាត់​​ថ្នាក់​ទី ​១៥ ​ដដែល ជាមួយ​នឹង ២៨ ​ពិន្ទុ រី​ឯ​ក្រុម​ Parma ហក់​ឡើង​ទៅ​លេខ ​៧ ​​មាន ៣៦ ​ពិន្ទុ​។

មុន​​ចាប់​ផ្ដើម​ប្រកួត កីឡាករ​​ទាំង​ ​២ ​ក្រុម និង​អាជ្ញា​កណ្ដាល​គ្រប់​រូប​នាំ​គ្នា​មក​ឈរ​ជា​រង្វង់​ ដើម្បី​ធ្វើ​ការ​គោរព​វិញ្ញាណ​ក្ខន្ធ ១ ​នាទី ​ចំពោះ​ជន​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ ​១៩ ដែល​បាន​ឆក់​ជីវិត​មនុស្ស​ជាង ៣៤ ៥០០ ​នាក់ នៅ​​អ៊ីតាលី ហើយ​ជាមួយ​គ្នា​នេះ​ដែរ ក្រុម Torino បាន​សរសេរ​សារ​នៅ​លើ​​អាវ​របស់​ខ្លួន សម្រាប់​ផ្ញើ​ទៅ​កាន់​បុគ្គលិក​សុខាភិបាល​ទាំង​អស់​ថា​៖ «​អរគុណ​ណាស់ វីរ​បុរស- វីរ​នារី​របស់​យើង​គ្រប់​រូប​»​។​

លើស​ពី​នេះ​ទៀត កីឡាករ Nkoulou ក្រោយ​រក​គ្រាប់​បាល់​បាន គេ​ក៏​បាន​លុត​ជង្គង់​ម្ខាង ដើម្បី​សម្ដែង​ការ​គោរព​ដល់​សព​របស់​បុរស​សញ្ជាតិ​​អាមេរិក George Floyd ដែល​​​បាន​ស្លាប់​ដោយ​ស្នាដៃ​ប៉ូលិស នៅ​រដ្ឋ​មីនេស​សូតា រហូត​ដល់​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ទូទាំង​ពិភព​លោក​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌​សង្គម និង​ការ​​ប្រកាន់​ពូជ​សាសន៍​។

បើ​ទោះ​ជា​បាន​លទ្ធផល​ត្រឹម​ស្មើ​ក៏​ដោយ ក៏​គ្រូ​បង្វឹក​របស់​ក្រុម​ Torino លោក Moreno Longo នៅ​តែ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​កូន​ក្រុម​របស់​លោក​ធ្វើ​បាន​ដែរ ដោយ​លោក​បាន​ថ្លែង​ថា​៖ «​ទម្រង់​លេង​នេះ ផ្ដល់​ឲ្យ​ពួក​យើង​នូវ​សញ្ញា​ដ៏​ល្អ​មួយ គឺ​ពួក​យើង​ចាប់​ផ្ដើម​ប្រសើរ​​ឡើង​វិញ​ហើយ​។ យើង​ពេញ​ចិត្ត​ពេញ​ថ្លើម​នឹង​ទម្រង់​លេង មិន​មែន​លទ្ធផល​​ទេ​។ យើង​បាន​លេង​ដោយ​មាន​សាមគ្គីភាព​ក្នុង​ក្រុម បើ​ទោះ​ជា​កំពុង​ប្រឈម​នឹង​ពេល​វេលា​លំបាក​ក៏​ដោយ​។ យើង​គិត​ពី​ភាព​វិជ្ជមាន​សម្រាប់​ប្រកួត​ខាង​មុខ ទោះ​ជា​ដំណើរ​ផ្លូវ​ នៅ​វែង​ឆ្ងាយ និង​លំបាក​ក៏​ដោយ​»​។

ចំណែក​ក្រុម​​ការពារ​ជើងឯក​ Juventus ដែល​កំពុង​ឈរ​នៅ​កំពូល​តារាង​ មុន​នឹង​ការ​ប្រកួត​គាំង​ដំណើរ​ នឹង​ត្រឡប់​មក​កាន់​ទីលាន​ប្រកួត​ប្រជែង​វិញ នៅ​យប់​ថ្ងៃ​ចន្ទ ដោយ​ត្រូវ​តទល់​ជាមួយ​នឹង​ក្រុម​ម្ចាស់​ផ្ទះ Bologna ពោល​គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពីរង​បរាជ័យ ក្នុង​វគ្គ​ប៉េណាល់​​ទី​កាត់​សេចក្ដី​ជាមួយ​នឹង​លទ្ធផល ៤-២ របូត​​ពាន​រង្វាន់​ Italian Cup ឲ្យ​ទៅ​​ក្រុម Napoli៕ AFP/VN