ភ្នំពេញ៖ ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ​៥ ​នឹង​បើក​ឲ្យ​មាន​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ឡើង​វិញ ជា​លក្ខណៈ​​បិទ​ទ្វារ​គ្មាន​អ្នក​ទស្សនា ​បន្ទាប់​ពី​ផ្អាក​ការ​ប្រកួត​មួយ​រយៈ​ ដោយ​បញ្ហា​មេរោគ​ឆ្លង​កូរ៉ូណា ​ប៉ុន្តែ​មិន​ទាន់​បន្ត​ការ​ប្រកួត​ពាន​រង្វាន់ ​Tv5 ​Boxing ​Knock Oseries​K Cement ​នៅ​ឡើយ ​ដោយ​ទុក​ឱកាស​ឲ្យ​កីឡាករ​សម្រាក​ហ្វឹក​ហាត់​ឲ្យ​បាន​គ្រប់គ្រាន់​ ​ព្រោះ​ពាន​រង្វាន់​នេះ បាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ​។​

លោក ​អូ ឡាឡា​ អ្នក​សម្របសម្រួល​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​ប្រចាំ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥​ ​បាន​​ប្រាប់​​ភ្នំពេញ​ ប៉ុស្តិ៍​ ​ថា​៖ «ការ​​ប្រកួត​ពាន​រង្វាន់​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​ បាន​លើក​ទៅ​សប្តាហ៍​ក្រោយ​ គឺ​ថ្ងៃ​សៅរ៍​ទី ​៩ ​ខែ​ឧសភា ​ចំណែក​ការ​ប្រកួត​​សប្តាហ៍​នេះ​ ​សុទ្ធ​តែ​ជា​កីឡាករ​ឆ្នើមៗ ​មាន​ជើង​ចាស់ ​និង​ជើង​ថ្មី​ចម្រុះ​ទៅ​តាម​សមត្ថភាព​រីក​ចម្រើន»​។​

នៅ​ក្នុង​ចំណោម​​សមាសភាព​កីឡាករ ដែល​ត្រូវ​ប្រកួត​គ្នា​សប្តាហ៍​នេះ​ ក៏​មាន​ការ​វិល​មក​ជួប​គ្នា​រវាង អ្នក​ប្រដាល់​​ជើង​ចាស់​ទម្ងន់​ធ្ងន់ ​៧១ ​គ.ក្រ នន់​ ជំនិត និង​ ចៅ​ ផលឌឿ​ ផង​ដែរ ដែល​អ្នក​ទាំង ​២ ​សុទ្ធ​តែ​ស្គាល់​សង្វៀន​ប្រដាល់​ជិត ​២០ ​ឆ្នាំ​ដូច​គ្នា។

ប្រវត្តិ​ប្រកួត ​និង​អតីតកាល​របស់​អ្នក​ប្រដាល់​វ័យ​ចំណាស់​ទាំង ​២ ​រូប​នេះ ​ធ្លាប់​បង្ហាញ​សមត្ថភាព​កន្លង​មក ​មិន​ជា​អស្ចារ្យ​ខ្លាំង​ណាស់​ណា​នោះ​ឡើយ ​ប៉ុន្តែ​ការ​ប្រកួត​របស់​គេ ​នៅ​តែ​មាន​ប្រជាប្រិយភាព ​និង​កេរ្តិ៍​ឈ្មោះ​ល្បី​កម្រិត​មធ្យម ​ដល់​បច្ចុប្បន្ន​។ ​និយាយ​ពី​ នន់ ​ជំនិត ​នៅ​តែ​រក្សា​បាន​នូវ​ក្បាច់​ប្រចាំ​ត្រកូល​ គឺ​កណ្ដាប់​ដៃ​ធ្ងន់ ​រហ័ស ​កម្លាំង​អស្ចារ្យ ​ធ្លាប់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​ច្រើន​​។

ចំណែក​កីឡាករ ​ចៅ ​ផលឌឿ ​វិញ​ស្នៀត​ចម្រុះ​មាន​ជង្គង់​ ទាត់ កណ្តាប់​ដៃ​​ ក៏​មិន​អាច​មើល​​ស្រាល​បាន​ដែរ ​ពិសេស​មាន​ស្នៀត​ការពារ​ល្អ ​ទោះ​ជា​ទទួល​រង​នូវ​ការ​វាយ​លុក​ខ្លាំង​ពី​ដៃ​គូ​ក៏​មិន​ងាយ​នឹង​សន្លប់​នោះ​ឡើយ​។ ​ពួក​គេ​មាន​វ័យ​ចាស់​ច្រើន​ហើយ​ តែ​កល​ល្បិច​នៃ​ការ​ប្រកួត​​នៅ​តែ​ល្អ​ដដែល​ ស្រប​ពេល​កម្លាំង​ប្រកួត​របស់​គេ​ ចំនួន ​៥ ទឹក ​ធ្លាក់​ចុះ​មិន​នៅ​ល្អ​ដូច​ដើម​នោះ​ទេ​។​

លោក​ សេង ​កដិកា​ នាយក​គ្រប់គ្រង​កម្មវិធី​ប៉ុស្តិ៍​លេខ ​៥ បាន​និយាយ​ថា​៖ «​ការ​ដាក់​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យ​ចំណាស់​ ឲ្យ​ប្រកួត​គ្នា​បែប​នេះ​ ក្នុង​បំណង​ជួយ​ពួក​គាត់​នៅ​បន្ត​អាជីព ព្រោះ​នៅ​មាន​ប្រជាប្រិយភាព ​និង​ជា​ការ​បាន​ប្រាក់​ចំណូល​ផង​ដែរ​។​​ ជំនួប​នេះ​ គេ​លំបាក​ស្មាន​មុន​ពី​លទ្ធផល​ណាស់​ ប៉ុន្តែ​ល្អ​មើល​ ខណៈ​ដែល​កន្លង​មក​ពួក​គេ​ធ្លាប់​ជួប​ប្រកួត​គ្នា​ញឹកញាប់ ​និង​មាន​ចាញ់​មាន​ឈ្នះ​ទៅ​វិញ​ទៅ​មក​»។​

មាន​គូ​ចាប់​អារម្មណ៍​មួយ​ទៀត គឺ​ការ​ជួប​គ្នា​រវាង​កីឡាករ​ជើង​ថ្មី​ កែវ​ សំរិទ្ធ​ និង​ជើង​ចាស់ ​ធា នុ​រាជ ហើយ​ជំនួប​នេះ ​ធា ​នុរាជ បាន​​និយាយ​ថា​៖​ «កែវ ​សំរិទ្ធ ​​ដៃ​ធ្ងន់​ដែរ ​ប៉ុន្តែ​ខ្ញុំ​ធានា​ប្រកួត​ឈ្នះ​បាន​ ​ព្រោះ​ស្គាល់​ច្បាស់ ​និង​ធ្លាប់​ប្រកួត​ឈ្នះ​ចំនួន ​២ ​ដង​មក​ហើយ​»។ ក្រៅ​ពី​នេះ ​សោម​ ពិសិដ្ឋ​ ត្រូវ​ជួប ច្រឹក​ កុសល ​ដែល​​ពួក​គេ​​វ៉ៃ​បាន​ល្អ ​និង​មាន​កម្លាំង​​រឹង​មាំ​​៕