ភ្នំពេញ៖ ក្រុម​សាលាបាល់​ទាត់​ជាតិ​អាយុ​ក្រោម​ ១៨ ​ឆ្នាំ (U18 កម្ពុជា) ​នឹង​​ត្រូវ​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុម​ U18 Fukushima របស់​ជប៉ុន នៅ​ពហុកីឡដ្ឋាន​ជាតិ នា​រសៀល​ម៉ោង​៥ ថ្ងៃ​ពុធ​​នេះ ចំណែក​​ក្រុម​ហ្វុតសាល​ជម្រើសជាតិ​​កម្ពុជា ​ក៏​ត្រូវ​ធ្វើ​ការ​ប្រកួតដក​ស្រង់​បច្ចេក​ទេស​ជាមួយ​ក្រុមហ្វុត​សាល​​ខ្លាំង​ក្នុង​ស្រុក ដោនថោន​ស្ព័ត នា​ល្ងាច​ថ្ងៃ​នេះ​ផង​ដែរ។

ក្រុមហ្វុតសាល​ជម្រើសជាតិ​​កម្ពុជា និង​​ក្រុម​ម្ចាស់​ជើង​ឯក​ហ្វុត​សាល​ថ្នាក់​ជាតិ ​ប្រចាំ​ឆ្នាំ​ ២០១៨ ដោនថោនស្ព័ត ​នឹង​ត្រូវ​ប្រកួត​មិត្ត​ភាព នៅមជ្ឈមណ្ឌល​ហ្វឹក​ហ្វឺនកីឡា ពហុកីឡដ្ឋាន​ជាតិ (ច្រក​ចូល​វត្ត​សំពៅ​មាស) នា​ល្ងាច​ម៉ោង ៦ ថ្ងៃ​ពុធ​នេះ ដើម្បី​ពង្រឹង​សមត្ថ​ភាព​បន្ថែម ត្រៀម​​ចូល​រួម​​ការ​ប្រកួត​ពាន​រង្វាន់ AFF Futsal Championship 2018 ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី នា​ថ្ងៃ​ទី​ ៥ ដល់​ថ្ងៃ​ទី​ ១១ ខែវិច្ឆិកា។

​​

បើ​ទោះ​បីជា ក្រុមហ្វុតសាល​​ជម្រើសជាតិ​កម្ពុជា ​បាន​ជួប​ការ​បរាជ័យ​ទាំង​៣​ប្រកួត សម្រាប់​ការ​ប្រកួត​ដក​​ស្រង់បច្ចេក​ទេស ជាមួយ​ក្រុម​ហ្វុត​សាល​លីកកំពូល ​ថៃ ក្នុងពេល​ចេញ​ទៅ​ហ្វឹក​ហាត់​នៅ​ថៃ​កន្លង​មក​នេះ គឺ​​ចាញ់​ក្រុម Rachanavy FC ៥-១ ចាញ់​ក្រុម​ Samumsakhon University ៤-១ និង​បន្ត​ចាញ់​​ក្រុម ​Bangkok City FC ៩-១ កាល​ពី​ថ្ងៃ​ទី ​២៦ ខែតុលា ប៉ុន្តែ​ ការ​វិល​មក​ជួប​ក្រុម​ដោនថោនស្ព័ត លើក​នេះ ត្រូវ​បាន​គេ​រំពឹង​ថា ក្រុម​ហ្វុតសាល​កម្ពុជា អាច​នឹង​ទទួល​បាន​លទ្ធ​ផល​ល្អ។

ការ​​ប្រឹង​ប្រែង យក​ឈ្នះ​ក្រុម​ដោនថោនស្ព័ត ​​សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​នេះ វា​ជា​អ្វី​ដែល​ក្រុម​ហ្វុតសាលកម្ពុជា ​ត្រូវ​ធ្វើ ដើម្បី​លើក​ទឹក​ចិត្ត ក៏​ដូចជា​ធ្វើ​ឲ្យ​អ្នកគាំ​ទ្រ​មានទំនុក​ចិត្ត សម្រាប់​ដំណើរ​ចេញ​ទៅ​ប្រកួត​ពាន​ AFF Futsal Championship 2018 ដោយ​​ក្នុង​នោះ​កម្ពុជា ឈរ​នៅ​ពូល​A ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​ហ្វីលីពីន ខណៈ​ពូល​B មាន​ថៃ វៀតណាម ​ប្រ៊ុយណេ និង ​ទី​ម័រខាង​កើត។

ដោយ​ឡែក ការ​​ប្រកួត​រវាង​ក្រុម U18 កម្ពុជា និងក្រុម U18 Fukushima ​វា​បាន​ក្លាយជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍។ បើ​ទោះ​បីជា​ជំនួប​រវាង​ក្រុម​ទាំង​២ ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​រឹត​ចំណង​មិត្តភាព សាមគ្គីភាព ពិសេស​​អបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ប៉ុន្តែ​ការ​ប្រកួតនេះ​ នឹង​មាន​ភាព​ស្វិត​ស្វាញ។

ក្រុម U18 កម្ពុជា និងក្រុម U18 Fukushima ​នឹង​ប្រឹង​ប្រែង​​ប្រកួតគ្នា ​អស់​ពី​សមត្ថ​ភាព ព្រោះ​ក្រុម​ទាំង​២​សុទ្ធតែ​ចង់​ដឹង​ពី​សមត្ថ​ភាព​ពិត​ និង​ចង់​ទទួល​បាន​បទពិសោធថ្មីៗ​​បន្ថែម ដើម្បី​យក​ទៅ​ពង្រឹង​គុណ​ភាព​លេង​របស់​ពួក​គេ ហើយ​អ្នក​ទស្សនា អាច​ចូល​រួម​មើល​ការ​ប្រកួត​នេះ ដោយ​សេរី គឺ​គ្មាន​ការ​លក់​សំបុត្រ​នោះ​ទេ៕