ភ្នំពេញ៖ ​ក្រុម​ជម្រើស​ជាតិ​ថៃ​អាយុ​ក្រោម ១៩ ​ឆ្នាំ បាន​លត់​ក្រុម ​U19 កោះ​ម៉ារីណា​ខាង​ជើង រហូត​ដល់ ២១-០ នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ប្រចាំ​ពូល ​G នៃ​​ពាន​រង្វាន់​ជើងឯក​យុវជន អាស៊ី​អាយុ​ក្រោម ១៩ ឆ្នាំ (AFC U19 Championship qualification 2020) កាល​ថ្ងៃ​ពុធ ហើយ​ជ័យជម្នះ​ដ៏​ធំធេង​នេះ វា​ហាក់​បាន​គំរាម​កំហែង​ទៅ​​ក្រុម​​ម្ចាស់​ផ្ទះ​កម្ពុជា ដែល​នឹង​ត្រូវ​ជួប​ក្រុម​ថៃ​មួយ​នេះ​នៅ​ថ្ងៃ​សុក្រ​ផង​ដែរ។

ការ​យក​ឈ្នះ​ក្រុម​កោះ​ម៉ារីណា​ខាង​ជើង ២១-០ នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ល្ងាច​​ម្សិលមិញ​នោះ វា​មិន​​ត្រឹម​តែ​បាន​ជួយ​ឲ្យ​ក្រុម ​U19 ថៃ បាន​ឡើង​ទៅ​ឈរ​នៅពូល ​G ជាមួយ​ការ​ឈ្នះ​ទាំង ​២ ​ប្រកួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លទ្ធផល​ដែល​មិន​ធ្លាប់​កើត​មាន នៅ​ក្នុង​ការ​ប្រកួត AFC U19 មួយ​នេះ វា​ហាក់​បាន​គំរាម​ផង​ដែរ ទៅ​ដល់​ក្រុម ​U19 កម្ពុជា ខណៈ​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​កោះ​ម៉ារីណា​ខាង​ជើង ត្រឹម ៩-០ នោះ។

គម្លាត​នៃ​ការ​រក​បាន​គ្រាប់​បាល់​លើ​ក្រុម​កោះ​ម៉ារីណា របស់​ក្រុម​ទាំង ​២ វា​បាន​បង្ហាញ​ឲ្យ​ឃើញ ពី​ភាព​ខុស​គ្នា​រវាង​គុណភាព​លេង​រវាង​ក្រុម​ថៃ និង​ក្រុម​កម្ពុជា ពិសេស​គុណភាព​នៅ​តំបន់​ប្រយុទ្ធ ហើយ​ភាព​ខ្លាំង​របស់​ក្រុម ​U19 ថៃ វា​កំពុង​តែ​​បង្ហាញ​ឲ្យ​ឃើញ ដូច​គ្នា​ទៅ​នឹង​អ្វី ដែល​គ្រូ​បង្វឹក​ក្រុម​កម្ពុជា​កំពុង​បង្ហាញ​ការ​បារម្ភ ​ជុំវិញ​ភាព​រីក​ចម្រើន​របស់​ក្រុម​ថៃ គឺ​វា​ខុស​គ្នា​ទៅ​នឹង​ការ​ប្រកួត​ពាន​ AFF U18 Championship នៅ​​វៀតណាម ដែល​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​ថៃ ៥-៤។

លោក Koji Gyotoku គ្រូ​បង្វឹក​ក្រុម ​U19 កម្ពុជា​បាន​ថ្លែង ក្រោយ​ពេល​កម្ពុជា​បាន​ឈ្នះ​ក្រុម​កោះ​ម៉ារីណា​ខាង​ជើង ៩-០ កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ ​«ការ​ប្រកួត​ចុង​ក្រោយ​ជាមួយ​ថៃ ក្នុង​ពាន​រង្វាន់ AFF U18 Championship 2019 នៅ​ប្រទេស ​វៀតណាម យើង​បាន​យក​ឈ្នះ​ថៃ ប៉ុន្តែ​យើង​មិន​អាច​រំពឹង​ខ្ពស់​សម្រាប់​ជួប​​ថៃ នៅ​ក្នុង​ការ​ប្រកួត​បន្ទាប់​នោះ​ទេ ព្រោះ​យើង​ឃើញ​ថា ថៃ​មាន​ទម្រង់​លេង​ល្អ​ជាង​លើក​មុន»។

គួរ​បញ្ជាក់​ថា ក្រុម ​U19 កម្ពុជា នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​លើក​ទី ​៣ ​របស់​ខ្លួន ជាមួយ​ក្រុម ​U19 ថៃ នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ខណៈ​ការ ​២ ​ប្រកួត​កន្លង​មក​នេះ កម្ពុជា បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី ៥-៤ ក្នុង​ថ្ងៃ​បើក​ឆាក មុន​ពេល​ឈ្នះ​ក្រុម​កោះ​ម៉ារីណា​ខាង​ជើង ក្នុង​លទ្ធផល ៩-០ ចំណែក ​២ ​ប្រកួត​របស់​ថៃ គឺ​បាន​លត់​ក្រុម​ប្រ៊ុយណេ ៩-០ និង​បំបាក់​កោះ​ម៉ារីណា ២១-០ លើក​នេះ។

កម្ពុជា ចាប់​ប្រមូល​ផ្តុំ​ក្រុម​ត្រៀម​ទៅ​ប្រកួត​ស៊ីហ្គេម នៅ​ហ្វីលីពីន

ដោយ​ឡែក​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​បឋម​ចំនួន ​២៥ ​នាក់ សម្រាប់​ប្រមូល​ផ្តុំ​ហ្វឹកហាត់ ត្រៀម​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ ​២០១៩ នៅ​ប្រទេស ​ហ្វីលីពីន ជា​ផ្លូវ​ការ​ហើយ ប៉ុន្តែ​នៅ​ក្នុង​ចំណោម​អ្នក​ទាំង ​២៥ ​នាក់​នោះ កម្ពុជា​នៅ​មិន​ទាន់​ដាក់​បញ្ចូល​កីឡាករ​លើស​អាយុ​ចំនួន ​២ ​នាក់ ​ទៅ​តាម​ការ​អនុញ្ញាត​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម​នៅ​ឡើយ​ទេ។

ចំពោះ​កីឡាករ​​មាន​អាយុ​ក្រុម ​២២ ឆ្នាំ ដែល​មាន​ក្នុង​​បញ្ជី​ឈ្មោះ​ជា​បឋម​នេះ រួម​មាន​កីឡាករ ទៀត គឹមហេង, ស៊ិន សុផាណាត់, សាន គឹមហេង, អ៊ិន សូដាវីដ, អ៊ុក សុវណ្ណ, សឿត បារាំង, ម៉ៅ ពិសិដ្ឋ, សាវែង សំណាង, ប្រាក់ ធីវ៉ា, ឈង់ ប៊ុនណាត, ណាររ៉ុង កក្កដា, ឃៀង ម៉េងហ៊ួ, កាន់ ពិសាល, យ៉ើ សាហ្វី, កែន ច័ន្ទសុភ័ក្រ្ត, យ៉ើ មូស្លីម, កែវ សុខសិលា, ស៊ិន កក្កដា, ហ៊ុល គឹមហ៊ុយ, សេត រ៉ស៊ីប, ទេស សម្បត្តិ, សៀង ចន្ធា, ឆេង ម៉េង, អ៊ន ចាន់ប៉ូលីន និង លី វ៉ាហេទ។

ជុំវិញ​​ការ​មិន​ទាន់​មាន​ឈ្មោះ​កីឡាករ​លើស​អាយុ​ទាំង ​២ នាក់ ត្រូវ​បាន​មន្រ្តី FFC បាន​ប្រាប់​ថា នឹង​មាន​ការ​ដាក់​បញ្ចូល​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ចុង​ក្រោយ ព្រោះ​ពេល​នេះ ទាំង​​​ក្រុម ​U22 កម្ពុជា ត្រៀម​​ស៊ីហ្គេម នៅ​ហ្វីលីពីន ​និង​ក្រុម​ធំ​ជម្រើសជាតិ​កម្ពុជា សម្រាប់​​ប្រកួត​ជម្រុះជុំ​ទី ​២ ពាន​រង្វាន់ FIFA World Cup Qatar 2022 គឺ​ស្ថិត​ក្រោម​ការ​បង្វឹក​របស់​គ្រូ​បង្គោល Filex Dalmas តែ​មួយ៕