ក្រុងប៉ារីស: អស់រយៈពេល ៤ ខែហើយ បន្ទាប់ពីការប្រកួតចុងក្រោយនៅក្របខ័ណ្ឌ Champions League រដូវកាលនេះ ការចាប់ឆ្នោតសម្រាប់វគ្គ ៨ ក្រុមចុងក្រោយ នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ចំពេលមានភាពមិនច្បាស់លាស់ ដែលនៅតែបន្តថា តើវានឹងមានសុវត្ថិភាពយ៉ាងដូចម្តេចក្នុងការបញ្ចប់ការប្រកួតប្រជែងនៅលីសបោនដូចគ្រោងទុក ហើយដោយមានការប្រកួតចំនួន ៤ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៅតែត្រូវលេងបញ្ចប់។
នៅថ្ងៃទី ១១ ខែមីនា ដែលក្រុម Paris Saint-Germain (PSG) បានយកឈ្នះក្រុម Borussia Dortmund ២-០ ក្នុងការប្រកួតបិទទ្វារ ដើម្បីទទួលបានសិទ្ធិឡើងទៅវគ្គ ៨ ក្រុមចុងក្រោយជាលើកដំបូង ក្នុងរយៈពេល ៤ ឆ្នាំ ហើយកីឡាកររបស់ក្រុម បានអបអរយ៉ាងខ្លាំងជាមួយនឹងអ្នកគាំទ្រដ៏រីករាយ ដែលប្រមូលផ្តុំគ្នានៅក្រៅកីឡដ្ឋាន Parc des Princes។
នៅយប់ដដែល ក្រុមជើងឯកចាស់ Liverpool ត្រូវបានទម្លាក់ដោយក្រុម Atletico Madrid នៅចំពោះមុខអ្នកគាំទ្រចំនួន ៥២ ០០០ នាក់ នាកីឡដ្ឋាន Anfield ដែលជាការប្រមូលផ្តុំដ៏ធំមួយ ដែលអ្នកវិទ្យាសាស្ត្រចក្រភពអង់គ្លេស ក្រោយមកបាននិយាយថា ការជួបជុំនេះបានជួយពន្លឿនការរីករាលដាលនៃវីរុសកូរ៉ូណា។
ក្នុងរយៈពេលប៉ុន្មានថ្ងៃ បាល់ទាត់នៅទូទាំងទ្វីបអឺរ៉ុបត្រូវបានផ្អាក ហើយរហូតដល់ពាក់កណ្តាលខែមិថុនា ទើបសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA អាចបង្ហាញនូវវិធីបញ្ចប់ការប្រកួតដ៏មានតម្លៃនេះ ដែលផ្នែកជួយជំរុញសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ស្ថាប័នគ្រប់គ្រងបាល់ទាត់របស់អឺរ៉ុប មុនពេលមានរោគរាតត្បាតនេះ ដោយវាត្រូវបានប៉ាន់ប្រមាណប្រាក់ចំណូលពាណិជ្ជកម្មសរុបពីការប្រកួត នៅរដូវកាលនេះ នឹងមានចំនួន ៣,២៥ ពាន់លានអឺរ៉ូ (៣,៦៩ ពាន់លានដុល្លារ)។
ដូច្នេះ ផែនការធ្វើដំណើរទៅកាន់រដ្ឋធានីនៃប្រទេសព័រទុយហ្គាល់ សម្រាប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ដែលធ្វើឡើងតែម្ដង ខុសពីរូបមន្តចាស់ ដែលមាន ២ ដង នឹងចាប់ផ្តើមពីថ្ងៃទី ១២ ខែសីហា ហើយបញ្ចប់ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រ នៅឯកីឡដ្ឋាន Estadio da Luz របស់ក្រុម Benfica នៅថ្ងៃទី ២៣ ខែសីហា។ ការប្រកួតវគ្គ ៨ ក្រុម និង ១/២ ផ្ដាច់ព្រ័ត្រ នឹងរៀបចំនៅកីឡដ្ឋាន Estadio Jose Alvalade ដែលជាទឹកដីរបស់ក្រុម Sporting Lisbon។
ជាមួយគ្នានេះ UEFA មិនមានផែនការទី២ សម្រាប់គាំទ្រគម្រោងការនេះឡើយ ទើបធ្វើឲ្យមានចម្ងល់ជាច្រើន ដែលលើកឡើងថា តើវគ្គ ៨ ក្រុមចុងក្រោយ នឹងអាចដំណើរការទៅដូចគ្រោង ឬអត់ បើទោះបីជាប្រធាន UEFA លោក Aleksander Ceferin នៅតែបង្ហាញនូវសុទិដ្ឋិនិយមក៏ដោយ។
លោកប្រធាន Ceferin បានថ្លែងថា៖ «ខ្ញុំមានទំនុកចិត្តថា ជាមួយនឹងការសហការឥតឈប់ និងរឹងមាំរវាងអ្នកពាក់ព័ន្ធទាំងអស់ យើងនឹងបញ្ចប់រដូវកាលតាមវិធីវិជ្ជមានមួយនៅក្រុងលីសបោន ដោយមិនចាំបាច់មានផែនការទី២ នោះទេ»។
មិនខុសគ្នាដែរ UEFA មានផែនការបញ្ចប់ក្របខ័ណ្ឌ ១ ទៀតរបស់ខ្លួន គឺ Europa League តាមរូបមន្តដូចគ្នានេះ ដែលវគ្គ ៨ ក្រុមចុងក្រោយ នឹងត្រូវធ្វើនៅប្រទេសអាល្លឺម៉ង់ ក្នុងនោះវគ្គផ្ដាច់ព្រ័ត្រ គ្រោងរៀបចំនៅក្រុង Cologne នៅថ្ងៃទី ២១ ខែសីហា។ ការចាប់ឆ្នោតសម្រាប់វគ្គ ១/៤ និងវគ្គ ១/២ ផ្តាច់ព្រ័ត្រនៃការប្រកួត ក្នុងកម្មវិធីទាំង ២ នឹងធ្វើឡើងនៅថ្ងៃសុក្រ។
តែទោះយ៉ាងណា មុននឹងឈានដល់ការប្រកួតប្រជែងក្នុងវគ្គដែលនៅឆ្ងាយទាំង ២ ហ្នឹង ត្រូវរៀបចំការប្រកួតវគ្គ ១៦ ចុងក្រោយ ដែលនៅសល់ឲ្យចប់សព្វគ្រប់សិន។
សម្រាប់ Europa League ក្នុងវគ្គ ១៦ ក្រុមនេះមានតែ ៦ គូ ក្នុងចំណោម ៨ គូប៉ុណ្ណោះ ដែលបានធ្វើការប្រកួតនៅជើងទី១ ខណៈនៅ Champions League វិញ ក្រុម Atalanta និង RB Leipzig បានឆ្លងទៅវគ្គ ៨ ក្រុមរួចហើយ រួមជាមួយក្រុម PSG និង Atletico។ ឯការប្រកួតជើងទី ២ ដែលនៅសល់សម្រាប់វគ្គនេះ គឺក្រុម Juventus ប៉ះ Lyon, ក្រុម Manchester City ស្វាគមន៍ Real Madrid, ក្រុម Bayern Munich ប្រឈមជាមួយ Chelsea និងក្រុម Barcelona តទល់ជាមួយ Napoli។
អ្វីដែលសំខាន់សម្រាប់ការប្រកួតរបស់តំបន់អឺរ៉ុបនេះ ក៏មិនខុសពីលីកធំ ១ ចំនួន ដែលកំពុងដំណើរការដែរ គឺនឹងត្រូវរៀបចំដោយអ្នកមានអ្នកគាំទ្រចូលរួមលើកតឹកចិត្តឡើយ ដើម្បីចៀសវាងការប្រមូលផ្ដុំនៃមនុស្ស ដែលមកពីកន្លែងផ្សេងគ្នា បង្កឲ្យមានហានិភ័យកាន់តែខ្ពស់ ក្នុងការឆ្លងជំងឺផ្លូវដង្ហើមថ្មីកូវីដ ១៩៕ AFP/VN