ទី​ក្រុង​ម៉ា្រឌីដ៖ លោក Ernesto Valverde ជា​គ្រូ​បង្វឹក​ក្លិប​ Barcelona បាន​ដឹង​​ខ្លួន​​ថា គាត់​កំពុង​តែ​រង​សម្ពាធ​ កាន់​តែ​ខ្លាំង​ឡើងៗ​​​ក្រោយ​ពី​ក្លិប​ Barcelona បាន​​ចាញ់​ក្រុម​ Levante ៣-១ ប៉ុន្តែ​គាត់​កំពុង​ព្យាយាម​រក្សា​ភាព​អត់ធ្មត់ ​ខណៈ​ពួក​គេ​មាន​បំណង​នាំ​យក​ជ័យ​ជម្នះ​ត្រឡប់​មក​វិញ​នៅ​ពេល​ប្រកួត​នឹង​ក្រុម​ Sparta Prague។​

វា​មិន​មែន​ជា​លើក​ទី ១ ​ទេ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​​លោក​ Valverde​ ដែល​ក្លិប​ Barcelona បាន​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់ ​៣ ​លើក ​ក្នុង​ការ​ប្រកួត​​កាល​​ពី​​ថ្ងៃ​​សៅរ៍​នៅ​ក្នុង​រយៈពេល​ ៧ នាទី​​ដំបូង​នៅ​តង់​ទី ​២ ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ចាញ់​ក្រុម​ Levante​ ៣-១ នៅ​ក្នុង​ក្របខ័ណ្ឌ​អេស្ប៉ាញ​ LaLiga។

ខណៈ​​លទ្ធផល​ផ្សេង​ទៀត​បាន​ធ្វើ​ឲ្យ​ក្លិប​​ Barcelona បន្ត​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​នេះ​ លក្ខណៈ​នៃ​ការ​ចាញ់​នេះ​បាន​ចោទ​ជា​សំណួរ​ជា​ច្រើន​ជុំវិញ​អនាគត​របស់​គ្រូ​បង្វឹក​រូប​នេះ​។​

លោក Valverde បាន​និយាយ​ក្រោយ​ពី​ការ​ប្រកួត​នោះ​ថា គាត់​គ្មាន​បំណង​នឹង​​ចុះ​ចេញ​ពី​តំណែង​នោះ​ទេ​ ហើយ​​គាត់​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា អតីត​គ្រូ​បង្វឹក​នៅ​ក្លិប Athletic Bilbao រូប​នេះ​បាន​ប្រកាស​ថា គាត់​មាន​បំណង ​«​រក្សា​តុល្យភាព​» ​នៅ​ក្នុង​ការងារ​របស់​គាត់​ បើ​ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​ក្រោយ​ពី​មាន​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បែប​នេះ​ក៏​ដោយ​។​​​

លោក​ Valverde​ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​មុន​ពេល​មាន​ការ​ប្រកួត​របស់​ក្លិប​ Barcelona នៅ​សប្តាហ៍​នេះ​ក្នុង​ក្របខ័ណ្ឌ Champions League ថា៖ «​វា​ច្បាស់​ណាស់​ថា​ នៅ​ពេល​អ្នក​ចាញ់​ អ្នក​នឹង​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​កាន់​តែ​ខ្លាំង​»​។

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​យើង​ដឹង​​ពី​អត្ថន័យ​នៃ​ការ​ចាញ់ ​គឺ​វា​តែងតែ​មាន​សម្ពាធ​ខ្លាំង​អ៊ីចឹង​ហើយ​​ព្រោះ​​យើង​បាន​​ដឹង​ថា​ វា​គឺ​បែប​នេះ​ឯង​ ហើយ​វា​​មិន​អី​ទេ​ពី​ព្រោះ​វា​កាន់​តែ​ជួយ​​​ឱ្យ​យើង​ប្រឹង​ប្រែង​លេង​ឲ្យ​បាន​ល្អ​​ថែម​ទៀត​»​។

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​ខ្ញុំ​ដឹង​ថា​ ទំនោរ​ទូទៅ​គឺ​ត្រូវ​ឈរ​នៅ​លើ​កំពូល​តារាង​ ​​​បើ​សិន​ជា​យើង​ធ្វើ​​បាន​ល្អ​ បើ​មិន​ដូច្នោះ​ទេ​យើង​នឹង​ធ្លាក់​ចុះ​​ ​បើ​សិន​យើង​ចាញ់​។​ ខ្ញុំ​ព្យាយាម​រក្សា​តុល្យភាព​»​។

លោក Valverde បាន​បន្ត​ទៀត​ថា៖ «​នៅ​ពេល​យើង​ចាញ់​ការ​ប្រកួត ​ខ្ញុំ​ព្យាយាម​រក​មូលហេតុ​បាល់​ទាត់​។ នៅ​ដើម​រដូវកាល​នេះ​ យើង​លេង​មិន​បាន​ល្អ​​ទេ​​ជា​ពិសេស​ការ​ប្រកួត​នៅ​ក្រៅ​ទឹក​ដី​តែ​ម្ដង​ បន្ទាប់​មក​យើង​មាន​លទ្ធផល​ឈ្នះ ​៣ ​ប្រកួត​»​៕ AFP/SN