ក្រុង​ឡុងដ៍៖ ៣ គ្រាប់ ​របស់​ខ្សែ​ប្រយុទ្ធ Jamie Vardy ហាក់​បី​ដូច​​ជា​មក​បំផ្លាញ​​ក្ដី​សង្ឃឹម​របស់​ក្រុម Manchester City ក្នុង​ការ​ត្រឡប់​មក​ប្រជែង​ពាន​ក្របខ័ណ្ឌ Premier League ខណៈ​​ក្រុម​ម្ចាស់​​ផ្ទះ បណ្ដោយ​​​ឱ្យ​មាន​​​​បាល់​ប៉េណាល់ទី​ដល់​ទៅ ៣ ​គ្រាប់ ក្នុង​ចំណោម​លទ្ធផល ៥-២ ដែល​​​ចាញ់​ក្រុម​ Leicester City កាល​ពី​ថ្ងៃ​អាទិត្យ​។

Man City អវត្ត​មាន​កីឡាករ​សំខាន់​ៗ​ជម្រើស​ដំបូង​មួយ​ចំនួន ដោយសារ​មាន​របួស និង​ឆ្លង​វីរុស​កូរ៉ូណា ហើយ​កង្វះ​ខាត​តំបន់​ការពារ ដែល​ធ្វើ​ឱ្យ​បាត់​​ពាន​រដូវកាល​មុន ឥឡូវ​នេះ​ត្រូវ​ទទួល​មេរៀន​ជា​ថ្មី​ម្ដង​ទៀត​ជាមួយ​នឹង​ល្បឿន​ និង​ភាព​​​វៃ​ឆ្លាត​នៃ​ការ​បញ្ចប់​ទី​របស់​កីឡាករ Vardy ខណៈ​​លោក​ Pep Guardiola របូត​ ៥ គ្រាប់​​​ជា​លើក​ដំបូង ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​របស់​ខ្លួន​។

ក្រុម Leicester ហក់​ឡើង​ទៅ​ទី​កំពូល​នៃ​តារាង​លីក តែ​ត្រូវ​តាម​ពី​ក្រោយ​ក្រុម​ម្ចាស់់​ផ្ទះ​សិន​ មុន​នឹង​អាច​បន្ត​នូវ​ការ​ចាប់​ផ្ដើម​ដ៏​​ឥត​ខ្ចោះ​របស់​ខ្លួន​​រដូវកាល​នេះ ដោយសារ​ខ្សែ​បម្រើ​ប្រយុទ្ធ Riyad Mahrez ស៊ុត​បញ្ចូល​ទី​ក្រុម​ចាស់​​យ៉ាង​ស្អាត​នៅ​នាទីទី​៤ ជួយ​ឱ្យ​ក្រុម Man City បើក​ការ​នាំ​មុខ​។

តែ​ ៣ គ្រាប់ ​របស់ Vardy ក្នុង​នោះ​មាន​ប៉េណាល់ទី ២ គ្រាប់​ផង​ដែរ និង ១ ​គ្រាប់ របស់​កីឡាករ​​បម្រុង James Maddison ព្រមទាំង ១ គ្រាប់​របស់​ខ្សែ​​បម្រើ Your Tielemans ដែល​បាន​ដោយ​ការ​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ លើក​ទី​៣ របស់​ក្រុម​ជួយ​ឱ្យ​ក្រុម​របស់​លោក Brendan Rodgers មាន ៩ ​ពិន្ទុ​ពេញ ក្នុង​ចំណោម ៣ ​ប្រកួត​ដំបូង​របស់​ខ្លួន ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​មិន​ធ្លាប់​ត្រូវ​គេ​ស៊ុត​ដល់​ទៅ ៥ គ្រាប់​ឡើយ ក្នុង​ផ្ទះ​ខ្លួន​ឯង​គិត​តាំង​ពី​ចាញ់​ក្រុម Arsenal ៥-១ កាល​ពី​ឆ្នាំ ​២០០៣។

ក្រោយ​រង​បរាជ័យ​​នេះ លោក Pep ​និយាយ​ថា​៖ «​បញ្ហា​នៅ​ត្រង់​ថា ពួក​យើង​ដាក់​សម្ពាធ​ឱ្យ​ខ្លួន​ឯង​ពេក ដោយ​ចង់​ស៊ុត​បញ្ចូល​ទី​ឱ្យ​បាន​គ្រាប់​ទី២ និង​ទី៣។ យើង​គួរ​អត់​ធ្មត់​ជាង​នេះ​ ព្រោះ​ពួក​យើង​អត់​មាន​កីឡាករ​​ប្រយុទ្ធ​ក្នុង​ប្រអប់​ដូច​យើង​ចង់​បាន​​ឡើយ​។ ខ្ញុំ​មិន​ចុះ​ចាញ់​ទេ ហើយ​​ខ្ញុំ​នឹង​ព្យាយាម​រក​ដំណោះ​​ស្រាយ​ឱ្យ​បាន​»​។​​

ពេល​នេះ ក្រុម​មេឃ​ខៀវ​ត្រូវ​បាន​គេ​រាយការណ៍​ថា ជិត​ទិញ​បាន​ខ្សែ​ការពារ​កណ្ដាល Ruben Dias ពី​ក្រុម​នៅ​ព័រទុយហ្គាល់ Benfica ខណៈ​តម្រូវ​ការ​ចាំបាច់​តំបន់​ការពារ គឺ​ពិត​ណាស់​ជា​កត្តា​ចម្បង ព្រោះ​ Vardy បាន​ធ្វើ​បង្ហាញ​ឱ្យ​ឃើញ​ថា ​ការ​ចាប់​ដៃ​គូ​រវាង Eric Garcia និង Nathan Ake មិន​រឹងមាំ​ឡើយ​។

Vardy ​​ប្រាប់​ត្រួសៗ​ក្រោយ​ការ​ប្រកួត​បញ្ចប់​ថា​៖ «​យើង​ត្រូវ​ធ្វើ​ឱ្យ​ពួក​គេ​ចលាចល ដើម្បី​ឱ្យ​វា​ក្លាយ​ជា​ការ​គាប​សង្កត់​មួយ​។ យើង​ដឹង​ច្បាស់ ប្រសិន​បើ​យើង​ធ្វើ​តាម​គម្រោង​ នោះ​យើង​នឹង​មាន​ឱកាស​​ខ្លះ​​មិន​ខាន​​ ហើយ​ទី​បំផុត​យើង​ធ្វើ​បាន​សម្រេច​»​។

សម្រាប់​គូ​ប្រកួត​ផ្សេង​ទៀត នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ ឃើញ​ថា​ក្រុម​ Tottenham Hotspur មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ដែល​ភ្លាត់បាត់ ២ ​ពិន្ទុ ក្រោយ​ត្រូវ​ក្រុម​ភ្ញៀវ​ Newcastle United តាម​ស្មើ ១-១ នៅ​ចុង​ម៉ោង​ ដោយសារ​បាល់​ពិន័យ ១១ ​ម៉ែត្រ​។ ក្រុម Burnley ចាញ់​ក្រុម Southampton ១-០ នៅ​ផ្ទះ​ខ្លួន​ឯង ខណៈ​ក្រុម​ចំណូល​ថ្មី​ Leeds United ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Sheffield United ១-០។

ក្រុម West Ham ក៏​នៅ​តែ​ឈ្នះ ជាមួយ​នឹង​ការ​បំបាក់​ក្រុម​ភ្ញៀវ​​ Wolves ដល់​ទៅ ៤-០ បើ​ទោះបី​អត់​មាន​គ្រូបង្វឹក លោក David Moyes ​ឈរ​បញ្ជា ដោយសារ​ឆ្លង​ជំងឺ​កូវីដ ១៩​ ក៏​ដោយ​៕ AFP/VN