ក្រុង​បាសេឡូណា៖ កីឡាករ​ឆ្នើម​ជម្រើស​ជាតិ​អេស្ប៉ាញ​​ និង​ក្លិប​ Barcelona បាន​ប្រកាស​ថា រូប​គេ​នឹង​ចូល​និវត្តន៍​ពី​អាជីព​បាល់​ទាត់​របស់​ខ្លួន​នៅ​ចុង​ឆ្នាំ​ ២០១៩​ នេះ​។​

កីឡាករ​ Villa ដែល​នឹង​មាន​អាយុ ​៣៨ ​ឆ្នាំ​នៅ​ខែ​ក្រោយ​នេះ ​នឹង​ចូល​និវត្តន៍​នៅ​ចុង​រដូវ​កាល​របស់​ក្លិប​ជប៉ុន​ Vissel Kobe ហើយ​រូប​គាត់​បាន​ប្រកាស​បែប​នេះ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​។​​

ខ្សែ​ប្រយុទ្ធ​រូប​នេះ​រក​បាន​ ១២ ​គ្រាប់​ក្នុង​ការ​ប្រកួត​ ២៦ លើក​នៃ​ក្របខ័ណ្ឌ​ជប៉ុន J. League សម្រាប់​ក្លិប Vissel Kobe ជា​ក្លិប​មួយ​ដែល​រូប​គាត់​បាន​ចូល​រួម​ក្រោយ​ពី​ចាក​ចេញ​ពី​ក្លិប New York City នៅ​សហរដ្ឋ​អាមេរិក​។​

ក្លិប Vissel Kobe បាន​សរសេរ​តាម​ប្រព័ន្ធ​ Twitter ថា៖ «​សូម​អរគុណ​ចំពោះ​អាជីព​បាល់​ទាត់​ដ៏​អស្ចារ្យ​របស់​ Villa»​ ហើយ​បាន​បញ្ជាក់​នៅ​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​ខ្លួន​ថា កីឡាករ Villa នឹង​ចូល​និវត្តន៍​នៅ​ចុង​រដូវ​កាល​នេះ​។​

កីឡាករ Villa បាន​រីករាយ​នឹង​អាជីព​ដ៏​ល្អ​របស់​ខ្លួន​ដោយ​បាន​ក្លាយ​ជា​តារា​បាល់​ទាត់​ជាមួយ​ក្លិប Sporting Gijon មុន​ពេល​ធ្វើ​ដំណើរ​ទៅ​​ក្លិប​ Real Madrid ​និង​បន្ត​ទៅ​ក្លិប Valencia។​

ក្រោយ​ពី​រក​បាន​ជាង ​១០០ ​គ្រាប់ ​សម្រាប់​ក្លិប Valencia កីឡាករ​ Villa បាន​ចូល​រួម​នឹង​ក្លិប​ Barcelona បាន​រយៈពេល ៣ រដូវកាល​ និង​​ជួយ​ឲ្យ​ក្លិប​នេះ​ឈ្នះ​ពាន​រង្វាន់​ LaLiga ២ ​លើក​ និង​ពាន​រង្វាន់​ Champions League ១ ​លើក ​មុន​ពេល​រូប​គេ​បន្ត​ដំណើរ​ទៅ​ចូលរួម​នៅ​ក្លិប Atletico Madrid។​​

ក្រោយ​មក​ទៀត​កីឡាករ​ Villa បាន​ចំណាយ​ពេល ​៤ ​រដូវ​កាល​ជាមួយ​ក្លិប​ New York City និង​បាន​ចំណាយ​ពេល​មួយ​រយៈ​ពេល​ខ្លី​នៅ​ក្លិប Melbourne City មុន​ពេល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ប្រទេស ​ជប៉ុន​ ចុង​ក្រោយ​នេះ​​។​

កីឡាករ​រូប​នេះ​ក៏​​លេង​បាន ​៩៨ ​លើក​សម្រាប់​ជម្រើស​ជាតិ​អេស្ប៉ាញ​ដោយ​ឈ្នះ​ពាន​រង្វាន់​ Euro 2008 និង​ពាន​រង្វាន់​ World Cup 2010 ព្រម​ទាំង​បាន​ពាន​រង្វាន់​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​សម្រាប់​ជម្រើស​ជាតិ​រហូត​ដល់​ចំនួន​ ​៥៩ ​គ្រាប់​ផង​ដែរ​។​​

កីឡា​ករ Villa បាន​ឈ្នះ​ពាន​រង្វាន់​ស្បែក​ជើង​មាស​នៅ​ក្របខ័ណ្ឌ​ Euro 2008 ផង​ដែរ​ខណៈ​រូប​គាត់​បាន​ស៊ុត​បញ្ចូល​ទី​ ៥ ​លើក ​នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ World Cup ២០១០​។

កាល​ពី​ថ្ងៃ​អង្គារ​ ក្លិប​ចុង​ក្រោយ​របស់​កីឡាករ​ Villa ​​នៅ​ប្រទេស ​ជប៉ុន ​បាន​ប្រកាស​ថា កីឡាក​ររូប​នេះ ​គឺ​ជា​​វិនិយោគិន​ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​ក្លិប​ Queensboro FC ដែល​គ្រោង​នឹង​លេង​នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ USL Championship ដែល​ចាប់​ផ្ដើម​នៅ​ឆ្នាំ ​២០២១៕ AFP/SN