ខ្សែប្រយុទ្ធ Vinicius Junior នៅក្លិប Real Madrid ជឿជាក់ថាខ្សែប្រយុទ្ធ Kylian Mbappe នឹងចេញពីក្លិបបារាំង PSG ជាមួយក្ដីរំពឹងក្នុងការលេងជាមួយខ្សែប្រយុទ្ធ Neymar។
អនាគតកីឡាករ Mbappe ស្ថិតក្រោមការសង្ស័យនៅឡើយតាំងពីគាត់បានប្រកាសថា គាត់អាចនឹងមានគម្រោងថ្មីៗក្នុងការចូលរួមក្នុងក្លិបល្បីៗណាមួយ ប៉ុន្តែប្រធានក្លិប PSG លោក Nasser Al-Khelaifi បាននិយាយថា គាត់ច្បាស់ ២០០ ភាគរយថា កីឡាករវ័យ ២០ ឆ្នាំរូបនេះនឹងបន្តលេងនៅក្លិប PSG។
កីឡាករ Vinicius ដែលចូលរួមក្លិប Madrid ក្នុងតម្លៃខ្លួន ៤៥ លានអឺរ៉ូកាលពីខែកក្កដា ឆ្នាំ ២០១៨ នោះនិយាយថា គាត់នឹងគាំទ្រឲ្យមានការត្រឡប់មកវិញរបស់កីឡាករ Neymar ឬទិញ Mbappe ។
កីឡាករ Vinicius បានប្រាប់បន្តថា៖ «ខ្ញុំចង់លេងជាមួយកីឡាករ Neymar ជាការពិតហើយក៏ចង់លេងជាមួយកីឡាករ Mbappe ផងដែរ។ អ្នកគាំទ្រក្លិប Madrid ទាំងអស់បានសុបិនឃើញពួកគេទាំង ២ នៅទីនេះដោយសារខ្ញុំនៅទីនោះ»។
ខ្សែប្រយុទ្ធរូបនេះបានបន្តថា៖ «អ្នកគាំទ្រក្រុមទាំងអស់នៅក្នុងពិភពលោកចង់ឃើញ Mbappe លេងក្រោមពណ៌របស់ពួកគេ។ យើងមិនស្គាល់គ្នានោះទេ ប៉ុន្តែយើងបានជជែកគ្នាតាម Instagram។ ខ្ញុំសូមសរសើរគាត់ដែលបានឈ្នះពានមួយចំនួនទៅហើយ ខណៈគាត់ទើបតែចាប់ផ្ដើមអាជីពរបស់គាត់នោះ។ ប្រសិនបើគាត់មកទីនេះ វានឹងប្រសើរអស្ចារ្យមែនទែន»។
ក្លិប Madrid បានចំណាយប្រាក់ច្រើនដើម្បីទិញកីឡាករក្មេងៗក្រោយពីមានការខកចិត្តនៅក្នុងរដូវទើបបញ្ចប់នេះដែលពួកគេបានត្រឹមចំណាត់ថ្នាក់លេខ ៣ នៅក្របខ័ណ្ឌ LaLiga និងមិនអាចការពារតំណែងជាម្ចាស់ជើងឯក Champions League ។
ហើយកីឡាករក្មេងៗដែលក្លិបនេះទើបតែទិញបានថ្មីៗនេះមានដូចជាកីឡាករ Eder Militao, Rodrygo Goes, Luka Jovic, Ferland Mendy និង Takefusa Kubo ដែលបានទៅដល់ក្លិបនេះក្នុងតម្លៃខ្លួនសរុបទាំងអស់ ៣០៨ លានអឺរ៉ូ ប៉ុន្តែកីឡាករ Vinicius បានអះអាងថា ក្លិបនេះទំនងជានឹងចំណាយប្រាក់ជាច្រើនដើម្បីទិញយកកីឡាករ Mbappe។
កីឡាករសញ្ជាតិប្រេស៊ីលវ័យ ១៨ រូបនេះបាននិយាយថា៖ «អ្នកគ្រប់គ្នាចង់បានគាត់មកទីនេះ ហើយខ្ញុំជឿជាក់ថាគាត់នឹងមកទីនេះនៅក្នុងពេលឆាប់ៗនេះ ហើយប្រសិនបើមានគាត់ យើងនឹងទទួលបានជ័យជម្នះជាច្រើនជាមិនខានឡើយ»៕ SN