ក្រុងឡុងដ៍: ក្រុមតោខៀវ Chelsea យកជ័យជម្នះ ក្នុងលទ្ធផល ៣-០ លើក្រុមទៅពីបារាំង Rennes ដែលសល់គ្នាតែ ១០ នាក់ បន្ទាប់ពី Dalbert ត្រូវបណ្ដេញចេញ ដោយសារបង្កកំហុស ទទួលបានកាតលឿង ២ លើក ខណៈកំហុសទាំងនោះ សុទ្ធតែនៅក្នុងតំបន់គ្រោះថ្នាក់ ហើយ Timo Werner អត់ភ្លាត់សូម្បី ១ គ្រាប់ ពេលស៊ុតបាល់ពិន័យ ១១ ម៉ែត្រម្ដងៗ។
សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃពុធនេះ កំហុសដំបូងរបស់ខ្សែការពារសញ្ជាតិប្រេស៊ីល កើតឡើងនៅនាទីទី៩ ពេលគេទាក់ជើងរបស់ Werner ក្នុងប្រអប់ប៉េណាល់ទី ហើយក្រោយមក ទទួលបានកាតលឿងលើកទី២ នៅប៉ុន្មាននាទីមុនចប់វគ្គទី១ នៅពេលការស៊ុតរបស់ Tammy Abraham ដែលទៅបុកជើងរបស់ Dalbert បានធ្វើឱ្យបាល់ប្លាតទៅប៉ះដៃ ដែលលាតសន្ធឹងរបស់គេ។
ខ្សែប្រយុទ្ធ Werner វ័យ ២៤ ឆ្នាំ ដែលទំនងជាទទួលភារៈទាត់បាល់ប៉េណាល់ទី ជំនួស Jorginho ធ្វើបានសម្រេចនូវគ្រាប់បាល់ ១១ ម៉ែត្រ ទាំង ២ លើកនេះ ហើយក្រុមម្ចាស់ផ្ទះ Chelsea នាំមុខបណ្ដោះអាសន្ន ២-០ នៅតង់ទី១ ខណៈតង់ទី២ Abraham បន្ថែម ៣-០ នៅនាទីទី៥០ ហើយក៏ជាលទ្ធផលផ្លូវការសម្រាប់ប្រកួតលើកទី៣ របស់ក្របខ័ណ្ឌអឺរ៉ុបនេះផងដែរ។
ជ័យជម្នះ ២ លើក ជាប់ៗគ្នានេះ ធ្វើឱ្យក្រុម Chelsea របស់អង់គ្លេស បន្តឈរទី ១ ក្នុងពូល E ដដែល បើទោះស្មើ ៧ ពិន្ទុ ជាមួយក្រុមអេស្ប៉ាញ Sevilla ក៏ដោយ ដោយសារមានគ្រាប់បាល់ចំណេញច្រើនជាង ខណៈក្រុមទាំង ២ កំពុងស្ថិតនៅផ្លូវប្រជែងយកតំណែងទីកំពូល។
រីឯក្រុម Rennes ប្រហែលជាត្រូវស៊ូជាមួយក្រុមរបស់រុស្ស៊ី Krasnodar ដែលទើបចូលមកប្រឡូកក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុបនេះថ្មីថ្មោង ដើម្បីដណ្ដើមតំណែងលេខ ៣ សម្រាប់បានទៅលេងនៅ Europa League វគ្គ ៣២ ក្រុម ដោយពេលនេះ ក្រុមទាំង ២ កំពុងមាន ១ ពិន្ទុដូចគ្នា។
ការប្រកួត នៅឯកីឡដ្ឋានស្អាតចែស (អត់មានអ្នកគាំទ្រ) Stamford Bridge គេឃើញអ្នកចាំទី Edouard Mendy របស់ក្រុមម្ចាស់ផ្ទះ ឈរផ្ទុយពីបង្គោលទីរបស់ក្រុម ដែលខ្លួនទើបចាកចេញ កាលពីខែកញ្ញា ហើយកីឡាករវ័យ ២៨ឆ្នាំ ធ្វើបានយ៉ាងល្អ ដោយការរារាំងមិនឱ្យគ្រាប់បាល់របូតចូលទីសូម្បី ១ គ្រាប់ ដែលវាជាលើកទី៣ នៅ Champions League នេះ។ Mendy បានឱបមិត្តរួមក្រុមចាស់ ក្រោយសំឡេងកញ្ចែចុងក្រោយបន្លឺឡើង។
សម្រាប់កីឡាករ Werner ឥឡូវនេះ រកបាន ៦ គ្រាប់ហើយ ក្នុងចំណោម ៦ ប្រកួតចុងក្រោយរបស់ខ្លួន ខណៈកីឡាករសញ្ជាតិអាល្លឺម៉ង់ សម្របខ្លួនបានយ៉ាងរហ័សនៅរដូវកាលដំបូង ជាមួយក្លិបថ្មី៕ AFP/VN