ក្រុងអាំស្ទែរដាំ: ខ្សែបម្រើ Georginio Wijnaldum របស់ក្រុមហង្សក្រហម Liverpool បានឱ្យឈ្មោះការឈូសស្កាត់ដោយអ្នកចាំទី Jordan Pickford របស់ក្រុម Everton ដែលបណ្ដាលឱ្យខ្សែការពារ Virgil van Dijk មានរបួសធ្ងន់ធ្ងរនោះ ថា ជា «ទង្វើល្ងង់ខ្លៅ» ហើយស្នើឱ្យមានការពិន័យចំពោះអ្នកចាំបង្គោលទីដៃទី ១ របស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ។
កីឡាករ Van Dijk ទំនងជាអវត្តមានរហូតដល់ចប់រដូវកាល ក្រោយរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងជំនួបរវាងក្រុមគូប្រជែងក្នុងក្រុងតែមួយ សម្រាប់ក្របខ័ណ្ឌ Premier League ដែលបញ្ចប់លទ្ធផលជាមួយនឹងភាពចម្រូងចម្រាស ២-២ កាលពីថ្ងៃសៅរ៍ ខណៈការប្រកួតនោះ ក៏ឃើញមានការដេញកីឡាករ Richarlison របស់ក្រុមម្ចាស់ផ្ទះផងដែរ ដោយសារផ្ដួលខ្លួនស្កាត់ជ្រុលពេកចំពោះកីឡាករ Thiago Alcantara។
និយាយនៅឯសន្និសីទកាសែត មុនជំនួបនៅក្របខ័ណ្ឌ Champions League ជាមួយក្រុម Ajax នៅហូឡង់ Wijnaldum បានប្រាប់ថា៖ «ប្រាកដណាស់ យើងសោកស្ដាយ។ វិធីដែល Pickford ប្រើក្នុងការឈូសស្កាត់ ដោយគំនិតផ្ទាល់ខ្លួនខ្ញុំ គឺជាទង្វើល្ងង់ខ្លៅទាំងស្រុង។ ខ្ញុំជឿថា គេគ្មានចេតនាឱ្យ Van Dijk មានរបួសនោះទេ តែវិធីដែលគេធ្វើហ្នឹងគឺខុស ពោលគឺគេមិនខ្វល់ពីអ្វីដែលកើតឡើង ក្រោយការប្រជែងដ៏ជ្រុលហួសហេតុហ្នឹង»។
ខ្សែបម្រើសញ្ជាតិហូឡង់វ័យ ២៩ ឆ្នាំ បន្តទៀតថា៖ «យើងដឹងថា វាជាការប្រកួតប្រជែងរវាងក្រុមនៅក្រុងតែមួយ ហើយគ្រប់គ្នាចង់ឈ្នះការប្រកួតហ្នឹង រហូតដល់ពេលខ្លះគ្រប់គ្រងខ្លួនឯងមិនបាន គឺជារឿងធម្មតា តែនេះ គឺជ្រុលពេកហើយ។ វាមិនមែនត្រឹមតែការឈូសស្កាត់របស់ Pickford ប៉ុណ្ណោះទេ ប្រសិនបើនិយាយពីរឿងនេះ ការផ្ដួលស្កាត់ដោយ Richarlison ចំពោះ Thiago ក៏ជាកំហុសដ៏ធ្ងន់ធ្ងរមួយដែរ»។
តែយ៉ាងណា Pickford នឹងមិនប្រឈមជាមួយការពិន័យណាមួយឡើយ ក្រោយអាជ្ញាកណ្ដាល លោក Michael Oliver អត់មានចំណាត់ការអ្វីសោះ នៅលើទីលាននាពេលនោះ ព្រមទាំងមិនត្រូវបានពិនិត្យឡើងវិញនូវហេតុការណ៍នោះ តាមរយៈវីដេអូជំនួយអាជា្ញកណ្ដាល VAR ទៀតផង។
Wijnaldum បានបន្ថែមថា៖ «ការប៉ះទង្គិច អាចកើតមានជានិច្ច ក្នុងការប្រកួតបាល់ទាត់ ពោលគឺអ្នកអាចនឹងជួបសំណាងមិនល្អនោះ តែទង្វើ ដែលគេបានធ្វើ គឺមិនអាចទទួលយកបានឡើយ។ វារឹតតែធ្ងន់ធ្ងរទៀតនោះ គឺពួកគេ អត់ត្រូវបានពិន័យ។ ក្នុងករណីនេះ Pickford អត់ត្រូវបានពិន័យ បើទោះជាមានរូបភាពវីដេអូនៃហេតុការណ៍នោះ»៕ AFP/VN