អាមេរិក: អ្នក​ប្រដាល់ Deontay Wilder នឹង​ត្រូវ​ឡើង​ប្រកួត​ក្នុង​នាម​ជា​អ្នក​ការពារ​ខ្សែ​ក្រវាត់​ពិភពលោក​ WBC ទម្ងន់​ធ្ងន់​របស់​ខ្លួន​ជាមួយ​អ្នក​​ប្រដាល់ សញ្ជាតិ​អាមេរិក​​ Dominic Breazeale នៅ​ខែ​ឧសភា ​ក្រោយពី​​ខក​បំណង​ចង់​ប្រកួត​សាជាថ្មី​ជាមួយ​​កីឡាករ​អង់គ្លេស​ Tyson Fury។

ម្ចាស់​ជើងឯក​ប្រដាល់​ក្នុង​​ទម្ងន់​ធ្ងន់​មិន​ធ្លាប់​ចាញ់​សោះ Wilder ​​នឹង​ត្រូវ​ឡើង​ប្រកួត​ជាមួយ Breazeale នៅ​ថ្ងៃ​ទី​ ១៨ ខែ​ឧសភា​នៅ​សង្វៀន​​ Barclays Center ក្នុង​បុរី​ញូវយ៉ក​ សហរដ្ឋអាមេរិក​ក្រោយ​ពី​ក្រុម​ប្រឹក្សា​​ប្រដាល់​ពិភពលោក (WBC) សម្រេច​នៅ​​ដើម​ខែ​នេះ​ឲ្យ​ Wilder ​ប្រកួត​​ការពារ​ខ្សែ​ក្រវាត់​​​។

ជុំវិញ​ការប្រកួត​នេះ Wilder បាន​និយាយ​នៅ​ក្នុង​​សន្និសីទកាសែត​នៅ​បុរីញូវយ៉ក​កាល​ថ្ងៃ​អង្គារ​ថា៖ «​ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ណាស់​ ដែល​​​មាន​ឱកាស​​​ទទួល​បាន​​ការសម្រេច​ឲ្យ​ប្រកួត​លើក​នេះ​ ហើយ​​​ខ្ញុំ​ចាត់ទុក​ការប្រកួត​នេះ​គឺ​​​ជា​សត្វ​រុយ​ដែល​ហើរ​ក្រឡឹង​នៅ​លើ​​ក្បាល​របស់​ខ្ញុំ»។

កីឡាករ​ជើងខ្លាំង​រូបនេះ​បាន​បញ្ជាក់​​ថា៖ «​​សត្វ​រុយ​​នេះ​ តាម​​រំខាន​ខ្ញុំ នៅ​ពេល​​​ខ្ញុំ​កំពុង​​រវល់​ធ្វើអ្វីៗ​​ដែល​ខ្ញុំ​ចង់​ធ្វើ ហើយ​ខ្ញុំ​ត្រៀម​ខ្លួន​កម្ចាត់​សត្វ​រុយ​​នេះ​ចេញ​ពី​លើ​ក្បាល​ខ្ញុំ​​​​។ នេះ​ជា​ការ​ប្រយុទ្ធ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ ហើយ​បើ​គិត​តាម​វិស័យ​ប្រដាល់ ជា​សកល​នេះ​គឺជា​ពេល​ដ៏ល្អ​បំផុត​សម្រាប់​ខ្ញុំ​»។

អ្នក​ប្រដាល់​សញ្ជាតិ​អាមេរិក​ Wilder ដែល​ធ្លាប់​ប្រកួត​​ឈ្នះ​ ៤០ ​ដង មិន​ធ្លាប់​ចាញ់ ស្មើ​ ១ ​ដង និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​រហូត​ដល់​ចំនួន​ ៣៩ ​ដង​នោះ ​នឹង​ត្រូវ​​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​​​ជា​លើក​ទី ៩ នៅ​ពេល​ប៉ះ​កីឡា​ប្រដាល់​ Breazeale ដែល​ធ្លាប់​​ឈ្នះ​​ចំនួន ២០ ​លើក​ និង​ចាញ់ ១ ​លើក​​ក្នុង​នោះ​ធ្លាប់​បាន​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​ចំនួន​ ១៨ លើក​ផង​ដែរ​។

អ្នក​ប្រដាល់​វ័យ​ ៣៣ ឆ្នាំ Wilder ​​បាន​ចាប់ផ្តើម​ពេញចិត្ត​​ខ្លាំង​ក្នុង​ការ​ការពារ​ខ្សែ​ក្រវាត់​​របស់​ខ្លួន​នៅពេល​ឡើង​លើ​​សង្វៀន​ប្រកួត​ជាមួយ Breazeale ខណៈ Breazeale ​ប្តេជ្ញា​ចិត្ត​ថា​នឹង​ផ្តល់​មេរៀន​ចាស់​ដៃ​មួយ​ដល់​គូ​ប្រកួត​ខ្លួន​​។

Breazeale បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​បាន​ខ្សែ​ក្រវាត់​ WBC ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ចំពោះ​ការប្រកួត​​នេះ​ ព្រោះ​វា​ស្រប​តាម​ឆន្ទៈ​​របស់​ខ្ញុំ​។ ខ្ញុំ​នឹង​ធ្វើឲ្យ​ពិភពលោក​មាន​ការភ្ញាក់​ផ្អើល​នៅ​​យប់​នោះ​។ ខ្ញុំ​មិន​ខ្លាច​ការ​ប្រកួត​នេះ​ទេ​​ ហើយ​ខ្ញុំ​នឹង​យក​ឈ្នះ​ការ​ប្រកួត​នេះ​ឲ្យ​បាន ប៉ុន្តែ​ខ្ញុំ​ត្រូវដឹង​ថា ដើម្បី​យក​ឈ្នះ​គឺ​​ត្រូវ​ត្រៀម​កម្លាំង​ឲ្យ​បាន​ត្រឹមត្រូវ​»។

តាមពិត Wilder ចង់​​ប្រកួត​ជាថ្មី​ទៀត​ជាមួយ​នឹង​កីឡា​ប្រដាល់​សញ្ជាតិ​​អង់គ្លេស​ Fury ក្រោយ​ពី​​អ្នក​​ទាំង​ ២ ​ប៉ះ​គ្នា​ម្ដង​រួច​មក​ហើយ​នៅ​ទីក្រុង​ឡូសអេនជឺឡេស​សហរដ្ឋអាមេរិក​ក្នុង​លទ្ធផល​ស្មើគ្នា​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​មុន ​ដែល​ធ្វើឲ្យ​មាន​ការ​មិន​អស់​ចិត្ត​ចំពោះ​ការ​ប្រកួត​ក្នុង​ទម្ងន់​ធ្ងន់​នេះ​។

ទោះ​យ៉ាងណា​ក៏ដោយ​ក្ដីសង្ឃឹម​របស់​​អ្នក​ប្រដាល់​ជើង​ខ្លាំង Wilder ក្នុង​ការឡើង​ប្រកួត​ម្ដង​ទៀត​​ជាមួយ​ Fury ទំនង​ជា​គ្មាន​ពន្លឺ​ទេ ព្រោះ​ពេល​នេះ Fury បាន​ចុះ​ហត្ថលេខា​លើ​ការប្រកួត​ជាច្រើន​ទៀត​ជា​មួយ​បណ្ដាញ​ ESPN កាលពី​ខែ​មុន​រួច​បាត់​ទៅ​ហើយ​​៕ SN