សហរដ្ឋ​អាមេរិក៖ ម្ចាស់​ជើងឯក​ទម្ងន់​ធ្ងន់​ពិភព​លោក Deontay Wilder បាន​សើច​ចំអក​ចំពោះ​កណ្ដាប់​ដៃ​របស់​កីឡាករ​ Tyson Fury កាល​ពី​ថ្ងៃ​អង្គារ ​ខណៈ​ដែល​អ្នក​ប្រដាល់​សកល​មិន​ធ្លាប់​ចាញ់​ទាំង ​២ ​រូប​នេះ ​ត្រៀម​ខ្លួន​សម្រាប់​ជំនួប​​គ្នា​ម្ដង​ទៀត​នៅ​រដ្ឋ​ Las Vegas សហរដ្ឋ​អាមេរិក​។​

កីឡាករ Wilder ជា​ម្ចាស់​ជើងឯក​ខ្សែ​ក្រវាត់ WBC ​នឹង​ត្រឡប់​ទៅ​កាន់​សង្វៀន​វិញ​ក្នុង​ការ​ប្រកួត​ជាមួយ​តារា​ប្រដាល់​អង់គ្លេស​ Fury នៅ​ថ្ងៃទី​ ២២ ខែ​កុម្ភៈ​ ​គឺ​ក្រោយ​ពេល ​១៤ ​ខែ ​បន្ទាប់​ពី​អ្នក​ទាំង ​២ ​បាន​ប្រកួត​ស្មើ​គ្នា​លើក​ដំបូង​នៅ​ទីក្រុង​ Los Angeles រដ្ឋ​​កាលីហ្វ័រនីញ៉ា​ សហរដ្ឋ​អាមេរិក​កាល​ពី​ខែ ​ធ្នូ​ ឆ្នាំ ​២០១៨​។​

កីឡាករ Fury ដែល​ត្រូវ​បាន​វាយ​ដួល​ ​២ ​លើក ​ក្រោម​ថ្វី​ដៃ​របស់​កីឡាករ Wilder នៅ​ក្នុង​ជំនួប​លើក​ដំបូង​នោះ​បាន​និយាយ​ថា រូប​គេ​គ្រោង​នឹង​តាម​សងសឹក​ចំពោះ​ការ​វាយ​ឲ្យ​ដួល​នោះ​ដោយ​ជឿ​ថា កីឡាករ Wilder ​នឹង​មាន​ឱកាស​តិចតួច​ក្នុង​ការ​ទទួល​ជ័យជម្នះ​នៅ​ចំពោះ​មុខ​ការ​កាត់​សេចក្ដី​របស់​ចៅក្រម​នៅ​ទីក្រុង​ Las Vegas។​

ទោះ​យ៉ាង​ណា​ កីឡាករ Wilder កាល​ពី​ថ្ងៃ​អង្គារ​បាន​សើច​ចំអក​ចំពោះ​ការ​គំរាម​ផ្ដួល​របស់​កីឡាករ Fury ដោយ​ឆ្លើយ​តប​វិញ​ថា គូ​ប្រជែង​របស់​រូប​គេ ​គឺ​មាន​កណ្ដាប់​ដៃ​ស្រាល​ដូច​សំឡី​អ៊ីចឹង​។​

កីឡាករ​ Wilder ដែល​មាន​ប្រវត្តិ​ប្រកួត ​៤២ ក្នុង​នោះ​ស្មើ ​១​ លើក​ និង ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន ៤១ ​លើក​នោះ​​បាន​និយាយ​ពី​បទពិសោធ​របស់​ខ្លួន​​ចំពោះ​ការ​ប្រយុទ្ធ​លើក​ដំបូង​ជាមួយ​​អ្នក​ប្រដាល់​​ Fury ថា ​គាត់​គ្មាន​អារម្មណ៍​ឈឺ​ចាប់​​បន្តិច​សោះ​ឡើយ​ក្រោយ​ពី​បាន​ប្រកួត​គ្នា​ ១២ ទឹក​រួច​ហើយ​​នោះ​។

កីឡាករ​រូប​នេះ​បាន​និយាយ​តាម​ទូរស័ព្ទ​ថា៖ «​ខ្ញុំ​សូម​​ប្រាប់​អ្នក​ថា ​ខ្ញុំ​គ្មាន​អារម្មណ៍​រង​ការ​គំរាម​កំហែង​ដោយ​កម្លាំង​របស់​គាត់​នៅ​ក្នុង​ទឹក​ណា​មួយ​​សោះ​ឡើយ​»។​

អ្នក​ប្រដាល់​រូប​នេះ​បាន​បន្ថែម​ថា៖ «កណ្ដាប់​ដៃ​របស់​គាត់​ស្រាល​ដូច​សំឡី​ ​គឺ​ខ្សោយ​ខ្លាំង​ណាស់​ ហើយ​ប្រហែល​ជា​ខ្ញុំ​មាន​កម្លាំង​ខ្លាំង​ជាង​គាត់​ទើប​បាន​ជា​ខ្ញុំ​គ្មាន​ការ​ឈឺ​ចាប់​ទាល់​តែ​សោះ​​​។​ ពេល​ខ្លះ​បន្ទាប់​ពី​ការ​ប្រយុទ្ធ​ហើយ ​អ្នក​មាន​អារម្មណ៍​ឈឺ​ចាប់​​។​ ប៉ុន្តែ​នេះ​សូម្បី​តែ​ប្រកួត​ហើយ​ក៏​ខ្ញុំ​នៅ​តែ​គ្មាន​អារម្មណ៍​ឈឺ​ចាប់​បន្តិច​សោះ​»។

អ្នក​ប្រដាល់​ Wilder បាន​បន្ថែម​ថា៖ «​ខ្ញុំ​បាន​រង​កណ្តាប់​ដៃ​របស់​គាត់​ជា​ច្រើន​​ដង ​ប៉ុន្តែ​វា​ហាក់​ដូច​ជា​គ្មាន​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ស្រុត​បន្តិច​សោះ​ដូច្នេះ​ហើយ​ខ្ញុំ​មិន​ញញើត​នឹង​កណ្ដាប់​ដៃ​របស់​គាត់​នោះ​ទេ»​។

កីឡាករ​រូប​នេះ​បាន​សើច​ចំអក​ទៀត​ថា៖ «​គាត់​គ្រាន់​តែ​ជា​បុរស​មាឌ​ធំ​ម្នាក់​​ដែល​​រត់​ពេញ​​លើ​សង្វៀន​តែ​ប៉ុណ្ណោះ​ ហើយ​ការ​ពិត​យើង​នឹង​ដឹង​ច្បាស់​នៅ​ពេល​ខាង​មុខ​នេះ​​ឯង​»​។

អ្នក​ប្រដាល់​ Fury បាន​ប្តូរ​គ្រូ​បង្វឹក​សម្រាប់​ការ​ប្រកួត​ជា​ថ្មី​នៅ​សប្តាហ៍​ក្រោយ​នេះ ​ដោយ​ជ្រើស​យក​លោក Javan “Sugarhill” Steward ​​ក្នុង​ក្ដី​​សង្ឃឹម​ថា​ នឹង​ជួយ​ជំរុញ​កណ្ដាប់​ដៃ​​ផ្តួល​គូ​ប្រជែង​របស់​ខ្លួន​។​

ទោះ​យ៉ាង​ណា​ កីឡាករ Wilder គ្មាន​ចាប់​អារម្មណ៍​ចំពោះ​ការ​ផ្លាស់ប្ដូរ​គ្រូ​បង្គោល​របស់​កីឡាករ​ Fury នេះ​នោះ​​ទេ​។​

អ្នក​ប្រដាល់ Wilder បាន​និយាយ​ថា៖ «​ខ្ញុំ​មិន​ជឿ​ថា គាត់​នឹង​អាច​បង្កើន​កម្លាំង​​បាន​ឡើយ​ ​ទោះ​ជា​គាត់​នាំ​យក​គ្រូ​បង្គោល​មក​ពី​ឋាន​ណា​ក៏​ដោយ​»។​

អ្នក​ប្រដាល់​រូប​នេះ​បាន​បន្ថែម​ថា៖ ​«​អ្នក​មិន​អាច​បង្កើន​កម្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​នេះ​ទេ ​គឺ​មិន​អាច​​ទៅ​រួច​ឡើយ​»៕ AFP/SN