បុរីញូវយ៉កៈ កីឡាករប្រដាល់មិនធ្លាប់ស្គាល់ចាញ់ Deontay Wilder បានផ្ដួលកីឡាករ Dominic Breazeale ក្នុងទឹកទី ១ នៅក្នុងការប្រកួតពីរាត្រីថ្ងៃសៅរ៍ដើម្បីរក្សាខ្សែក្រវាត់ពិភពលោករបស់ខ្លួន World Boxing Council (WBC) ក្នុងទម្ងន់ធ្ងន់។
កីឡាករ Wilder ដែលប្រើកណ្ដាប់ដៃស្ដាំសម្លាប់គូប្រកួតខ្លួនបានច្រើនបំផុតក្នុងប្រវត្តិនៃប្រដាល់ទម្ងន់ធ្ងន់នោះបានផ្ដួលគូប្រកួតខ្លួនដោយវាយតែ ១ ដៃស្ដាំនៅពេលជិតបញ្ចប់ទឹកទី ១ នៅសង្វៀន Barclays Center។
កីឡាប្រដាល់ Wilder បានវាយសន្ធាប់ទៅលើកីឡាករ Breazeale តាំងពីដើមទឹកទី ១ ដោយប្រើកណ្ដាប់ដៃស្ដាំវាយទៅលើគូប្រកួតចំគោលដៅមុនពេលវាយបង្ហើយនៅចុងទឹកទី ១ នោះដោយដាល់ ១ ដៃចំថ្គាមខាងឆ្វេងធ្វើឲ្យ Breazeale ដួលលើសង្វៀន ហើយត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ក្រោយពីរាប់ដល់ ១០។
កីឡាករ Wilder បាននិយាយថា៖ «នៅពេលខ្ញុំប្រើកណ្ដាប់ដៃស្ដាំវាយគាត់ជាលើកដំបូង ជំហររបស់គាត់មានការប្រែប្រួល ហើយនៅពេលដូច្នេះ ខ្ញុំបានវាយសម្រុកយ៉ាងខ្លាំងព្រោះខ្ញុំដឹងថា គាត់កំពុងតែវង្វេងវង្វាន់ និងមានចន្លោះប្រហោងច្រើន»។
ក្រោយពីបានការពារខ្សែក្រវាត់ក្នុងកម្រិតទម្ងន់ធ្ងន់ដោយបានឈ្នះទៅលើកីឡាករ Breazeale នេះហើយកីឡាករ Wilder អាយុ ៣៣ ឆ្នាំទទួលបានប្រវត្តិប្រកួតថ្មីទៀតគឺប្រកួតបាន ៤១ លើកក្នុងនោះស្មើ ១ លើក និងផ្ដួលគូប្រកួតឲ្យបោះបង់ការប្រកួតចំនួន ៤០ លើក។
ចំណែកឯកីឡាករ Breazeale ដែលបានទើបតែចាញ់ ១ ប្រកួតមុននេះជាមួយកីឡាករ Anthony Joshua នោះក៏មានប្រវត្តិប្រកួតថ្មីផងដែរគឺប្រកួតបាន ២០ លើករួមទាំងការប្រកួតចុងក្រោយនេះក្នុងនោះចាញ់ ២ លើក និងផ្ដួលគូប្រកួតចំនួន ១៨ លើក។
នៅមុនពេលប្រកួតរវាងកីឡាករទាំង ២ នេះគេបានឃើញមានការវាយប្រហារជាពាក្យសម្ដីគ្នាជាច្រើនចេញពីកីឡាករ Wilder ដែលបាននិយាយបែបយុទ្ធសាស្ត្រដោយគំរាមថាគាត់មានបំណងវាយសម្លាប់គាត់នៅលើសង្វៀនលើកនេះតែម្ដង។
ទោះជាការប្រើពាក្យវាយប្រហារគ្នានេះគឺជាវិធីសាស្ត្រធម្មតាមួយនៃការទាក់ទាញចំណាប់អារម្មណ៍ពីមហាជនក៏ពិតមែន ប៉ុន្តែពាក្យសម្ដីដ៏ព្រៃផ្សៃដែលកីឡាករ Wilder បានប្រើនៅមុនពេលប្រកួតនេះវាបានធ្វើឲ្យមហាជនដែលចូលចិត្តវិស័យកីឡានេះមានការរិះគន់ថាវាហាក់ដូចជាជ្រុលបន្តិចហើយ។
ពាក្យសម្ដីបែបហិង្សារបស់កីឡាករ Wilder នេះធ្វើឲ្យមហាជនគាំទ្រវិស័យប្រដាល់ខកចិត្តយ៉ាងខ្លាំង ខណៈប្រធាន WBC គឺលោក Mauricio Sulaiman បានប្ដេជ្ញាចិត្តថានឹងសួរចម្លើយពាក់ព័ន្ធនឹងពាក្យសម្ដីនេះ។
ទោះបីយ៉ាងណាកីឡាករ Wilder បាននិយាយគាំទ្រពាក្យសម្ដីរបស់គាត់ភ្លាមៗក្រោយពីបានផ្ដួលគូប្រកួតខ្លួននៅពេលនេះដោយបានបកស្រាយបំភ្លឺពីការប្រើពាក្យបែបហិង្សានេះ។
Wider បាននិយាយថា៖ «អ្វីគ្រប់យ៉ាងបានកើតឡើងដោយសារតែខ្ញុំ។ មានការរៀបចំកម្មវិធីជាច្រើននៅមុនពេលប្រកួតនេះដូចជាការសង្គ្រឺតដាក់គ្នា ការបង្ហាញសាច់ដុំគ្នា និងការបង្ហាញបែបស្អប់គ្នាជាដើម ហើយទាំងអស់នេះគឺគ្រាន់តែជាវិធីទាក់ទាញចំណាប់អារម្មណ៍មហាជនតែប៉ុណ្ណោះ»៕ SN