ក្រុង​ឡុងដ៍​: ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល Willian បាន​អះ​អាង​ថា ខ្លួន​នឹង​ចាក​ចេញ​ពី​ក្រុម​តោ​ខៀវ​ Chelsea ក្រោយ​បញ្ចប់​រយៈ​ពេល​ ៧ ​ឆ្នាំ ដ៏​អស្ចារ្យ នៅ​ទឹក​ដី Stamford Bridge​។ នេះ​បើ​តាម​កីឡាករ​វ័យ ៣២ ​ឆ្នាំ ដែល​កំពុង​មាន​ទំនាក់​ទំនង​ក្នុង​ផ្លាស់​ទៅ​ក្រុម​គូ​ប្រជែង​រួម​ក្រុង Arsenal ផូស្តឲ្យ​ដឹង​ក្នុង​លិខិត​លា​អ្នក​គាំ​ទ្រ​របស់​ក្លិប តាម​រយៈ​បណ្ដាញ​សង្គម​ Twitter​។

ក្នុង​លិខិត​នោះ កីឡាករ Willian រៀប​រាប់​ថា​៖ «​ឥឡូវ​នេះ ដល់​ពេល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មុខ​ហើយ​។ ខ្ញុំ​ប្រាកដ​ជា នឹក​រលឹក​មិត្ត​រួម​ក្រុម​ជាមិន​ខាន​។ ខ្ញុំ​ចាក​ចេញ​ជាមួយ​នឹង​មមោទនភាព ដែល​ខ្ញុំ​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ច្រើន នៅ​ទី​នេះ ហើយ​តែង​តែ​ ប្រឹង​អស់​លទ្ធភាព​ ពេល​ពាក់​ឯក​សណ្ឋាន​របស់​ក្រុម​ Chelsea​»​។

កីឡាករ​ Willian ដែលចាប់​ផ្ដើម​អាជីព​របស់​ខ្លួន​ដំបូង​ជាមួយ​ក្រុម​នៅ​ប្រទេស​កំណើត Corinthians ក្នុង​ក្រុង​ Sao Paulo បាន​ផ្ទេរ​ពី​ក្រុម​នៅ​រុស្ស៊ី Anzhi Makhachkala មក​កាន់​ក្រុម Chelsea កាល​ពី​ឆ្នាំ​ ២០១៣ ក្នុង​នោះបង្ហាញ​ខ្លួន​បាន​ជាង ៣០០​ ការ​ប្រកួត​ឲ្យ​ក្លិប ជាមួយ​នឹង​ការ​ឈ្នះពាន​ក្រប​ខ័ណ្ឌ​កំពូល​​ Premier League ចំនួន ២ ​ដង​។

កុង​ត្រា​របស់​ខ្សែ​បម្រើ​ឆ្នើម​រូបនេះជាមួយ​ក្លិប​ បាន​ផុត​ហើយ​ នា​រដូវក្ដៅ​នេះ ហើយ​ក៏​​មិន​បាន​ព្រម​ព្រៀង​បន្ត​កិច្ច​សន្យា​ថ្មី​ឡើយ។ ដូច្នេះ រូប​គេនឹងធ្វើ​ការ​ស្វែង​រក​ក្រុម​ថ្មី​​រួម​ជាមួយ​នឹង​ខ្សែ​បម្រើ​ម្នាក់​ផ្សេង​ទៀត គឺ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ Pedro ដែល​បាន​ប្រកាស​ឲ្យ​ពី​ការ​ចាក​ចេញ​របស់​ខ្លួន ក្រោយ​រួម​រស់​ជាមួយ​អស់​រយៈ​ពេល ៥ ​ឆ្នាំ​។

ក្នុងលិខិត​នោះ កីឡាករ Willian បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ក្នុង​ខែ​សីហា ឆ្នាំ​ ២០១៣ នៅ​ពេល​ខ្ញុំ​បាន​ទទួល​សំណើ​ពី​ក្រុម​​ Chelsea ខ្ញុំ​ក៏​ប្រាកដ​ក្នុង​ចិត្ត​ថា នេះ​ជា​ក្រុម ដែល​ខ្ញុំ​ត្រូវ​លេង​ជាមួយ​។ ថ្ងៃ​នេះ ខ្ញុំ​ក៏​ច្បាស់​ដែរ​ថា វា​ជាការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​។ នៅ​ទី​នេះ មាន​រឿង​រ៉ាវ​ជាច្រើន បាន​កើត​ឡើង ទាំង​រីក​រាយ និងកើត​ទុក្ខ។ មាន​ការ​ឈ្នះ​ពាន​រង្វាន់ ហើយ​ក៏​មាន​ការ​តឹង​តែង​​នៅក្នុង​ក្រុម​ដូច​គ្នា​ដែរ​»​៕ AFP/VN