អាល្លឺម៉ង់៖ ក្រុម Wolfsburg ដែល​លេង​នៅ Bundesliga ​នៃ​ក្របខ័ណ្ឌ​លំដាប់​កំពូល​របស់​ប្រទេស ​អាល្លឺម៉ង់ បាន​ត្រឡប់​ទៅ​ហ្វឹកហាត់​វិញ​ហើយ បើ​ទោះ​ជា​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា មិន​ទាន់​ធ្លាក់​ចុះ និង​បើ​ទោះ​ជា​មាន​​ចំណាត់​ការ​ពី​​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​ដាក់​​ឲ្យ​មាន​ការ​នៅ​ឃ្លាត​ពី​គ្នា​ក៏​ដោយ​។​

ជំងឺ​កូវីដ ​១៩ កំពុង​បន្ត​ធ្វើ​ទុក្ខ​បុកម្នេញ​វិស័យ​កីឡា​នានា ​ទូទាំង​ពិភព​លោក​ក្នុង​នោះ​ក្របខ័ណ្ឌ​ Bundesliga ក៏​ជា​លីក​មួយ​ ក្នុង​ចំណោម​លីក​អាជីព​ធំៗ​ដទៃ​ទៀត ដែល​សម្រេច​ផ្អាក​ការ​ប្រកួត ​ដែល​​នៅ​សល់​ក្រោយ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ឆ្លង​ដ៏​សែន​គ្រោះថ្នាក់​នេះ​។​​

សម្រាប់​ប្រទេស ​អាល្លឺម៉ង់ មនុស្ស​ជាង​ ១២០ ​នាក់ ត្រូវ​បាន​អះអាង​ថា ​បាន​បាត់បង់​ជីវិត​ក្នុង​ចំណោម​អ្នក​ឆ្លង​យ៉ាង​ហោច​ណាស់​ ២៩ ០០០ ​ករណី ហើយ​ស្រប​ដែល​ពិភព​លោក​កំពុង​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​ និង​​ទប់ស្កាត់​ការ​រាលដាល​នៃ​វីរុស​កូរ៉ូណា​នេះ លោកស្រី​អធិការបតី​ Angela Merkel ​បាន​ចេញ​សេចក្ដី​ណែនាំ​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា ជា​សាធារណៈ​លើស​ពី ២ ​នាក់​។

បើទោះ​ជា​មាន​ការ​បារម្ភ ទាំង​នៅ​ក្នុង​ប្រទេស ​អាល្លឺម៉ង់​ និង​ជុំវិញ​ពិភព​លោក​ក៏​ដោយ ក៏​ក្រុម Wolfsburg នៅ​តែ​ចាប់​ផ្ដើម​ធ្វើ​ការ​ហ្វឹកហាត់​ឡើង​វិញ​ដែរ គ្រាន់​តែ​ថា​ ព្យាយាម​ចែកចេញ​ជា​ក្រុម​តូចៗ ​ទៅ​តាម​ចំនួន​មនុស្ស​ ​ដែល​អាច​ធ្វើ​បាន​ ដើម្បី​ចៀសវាង​ការ​នៅ​ជុំ​គ្នា​ច្រើន​ពេក​។

ជាជាង​ប្រើប្រាស់​កន្លែង​ហាត់ប្រាណ​ នៅ VfL-Center តែ​មួយ​នោះ ក្រុម Wolfsburg ដែល​បច្ចុប្បន្ន​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី ៧ ក្នុង​តារាង​ពិន្ទុ​នៃ​ក្របខ័ណ្ឌ​ទី១ របស់​ប្រទេស ​អាល្លឺម៉ង់ បាន​ឲ្យ​ក្រុម​កីឡាករ​របស់​ខ្លួន​ប្រើ​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់ ៤ ​ផ្សេង​គ្នា​ក្នុង​កីឡដ្ឋាន Volkswagen Arena​។

ក្រោយ​វិល​ត្រឡប់​មក​ហ្វឹកហាត់​វិញ ខ្សែ​ប្រយុទ្ធ​ Daniel Ginczek បាន​និយាយ​ថា​៖ ​«​ច្បាស់​ណាស់ ពួក​យើង​ទាំង​អស់​គ្នា​ចូល​ចិត្ត​លេង​បាល់ទាត់ តែ​ពួក​យើង​ក៏​ត្រូវ​តែ​ដឹង​ដែរ​ថា ពួក​យើង​ត្រូវ​តែ​សម្រប​ខ្លួន​ជាមួយ​នឹង​ស្ថានការណ៍​ដែល​​កំពុង​តែ​កើត​មាន។ វា​ជា​ការងារ​របស់​ពួក​យើង ​ដែល​ត្រូវ​ធ្វើ​ឲ្យ​រាង​កាយ​មាំទាំ​ល្អ​ មិន​ថា​ពួក​យើង​ហាត់​នៅ​ផ្ទះ ឬ​ជា​ក្រុម​តូចៗ ដូច​ថ្ងៃ​នេះ។ គ្រប់​ក្រុម​ទាំង​អស់​ ចែក​ពេល​ចូល​កន្លែង​ហាត់​ប្រាណ​ដោយ​ឡែក​ពី​គ្នា​​ ហើយ​ពួក​យើង​ព្យាយាម​ហ្វឹកហាត់​ពង្រឹង​ជើង និង​ដង​ខ្លួន​»​។

កីឡាករ​មាន​អាយុ​ ​២៨ ​ឆ្នាំ​ សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​ បាន​បន្ត​​ថា​៖ ​«​ក្លិប​បាន​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ណាស់​ ដោយ​ធ្វើ​គ្រប់​យ៉ាង​ទាក់ទង​នឹង​អនាម័យ​។ បន្ទប់​នៅ​កីឡដ្ឋាន​ធំៗ​ណាស់ ហើយ​ក្រុម​នីមួយ​ៗ មាន​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​ផ្ទាល់​ខ្លួន ដែល​វា​អំណោយ​ផល​ឲ្យ​កីឡាករ​ទាំង​អស់ ​អាច​អង្គុយ​ក្នុង​គម្លាត​ឆ្ងាយ​ពី​គ្នា​បាន​។​ គ្រប់​គ្នា​មាន​របស់​ប្រើប្រាស់​រៀងៗ​ខ្លួន​ មាន​ដូច​ជា​កន្សែង​ជូត​ខ្លួន និង​កម្រាល​សម្រាប់​ហាត់​ជាដើម​»​។

ក្របខ័ណ្ឌ Bundesliga នៃ​ប្រទេស ​អាល្លឺម៉ង់ គ្រោង​នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​របស់​ខ្លួន​ឡើង​វិញ ក្រោយ​ថ្ងៃ​ទី ​២ ខែ​មេសា ​ខាង​មុខ ដោយ​ក្រុម Wolfsburg ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​របស់​ក្រុម Bayer Leverkusen តែ​ដោយសារ​ស្ថានការណ៍​បច្ចុប្បន្ន​ការ​ប្រកួត​ដែល​ត្រៀម​ដំណើរការ​ឡើង​វិញ​នេះ ទំនង​ជា​កើត​ឡើង​ដោយ​លំបាក​ណាស់​៕ AFP/ VN