ក្រុងឡុងដ៍៖ ក្រុម Wolverhampton Wanderers (Wolves) ហក់ឡើងទៅដល់លេខ ៦ ក្នុងតារាងក្របខ័ណ្ឌ Premier League ពេលខ្សែប្រយុទ្ធ Raul Jimenez បានជួយធានានូវជ័យជម្នះ ១-០ លើក្រុមម្ចាស់ផ្ទះ Leeds United (Leeds) កាលពីថ្ងៃចន្ទ ខណៈក្រុម West Bromwich Albion និង Burnley ក្លាយជាគូដំបូងគេនៅលីគកំពូលរបស់អង់គ្លេស នារដូវកាលនេះដែលបញ្ចប់ការប្រកួតក្នុងលទ្ធផលត្រឹម ០-០។
ក្រុម Wolves របស់លោក Nuno Espirito Santo អាចរកឃើញជ័យជម្នះជាលើកទី៣ របស់ខ្លួននៅលីគកំពូលបាន ដោយសារកីឡាករ Jimenez ព្យាយាមស៊ុតបាល់នៅវគ្គទី២ ហើយទៅប៉ះក្បាលខ្សែបម្រើ Kalvin Phillips របស់ក្រុម Leeds ចូលទីតែម្ដង។
គ្រាប់ទី៣ របស់ខ្សែប្រយុទ្ធសញ្ជាតិម៉ិកស៊ិក ប្រចាំរដូវកាលនេះ បានជួយឱ្យក្រុម Wolves ឈ្នះ ២ ប្រកួតជាប់ៗគ្នា បន្ទាប់ពីពួកគេយកបាន ៣ ពិន្ទុ ពីក្រុម Fulham ដែរ មុនពេលមានការឈប់សម្រាក ដើម្បីធ្វើការប្រកួតសម្រាប់ក្រុមជម្រើសជាតិ។
គ្រូបង្វឹករបស់ក្រុម Wolves លោក Nuno ថ្លែងថា៖ «វាជាលទ្ធផលល្អមួយ ដោយមានចំណុចខ្លះៗ នឹងត្រូវកែលម្អ។ យើងគ្រាន់បើនៅវគ្គទី២ តែនៅវគ្គដំបូង វាពិតជាតឹងតែងណាស់សម្រាប់យើង។ ក្រុម Leeds ខ្លាំងណាស់ (រឹង និងលឿន)។ យើងត្រូវតែសម្របនឹងស្ថានការណ៍ ហើយត្រូវតែមានលំនឹងជាងនេះ នៅតំបន់ប្រយុទ្ធ។ គ្រាប់បាល់នោះ អាចជាសំណាងជួយ តែយើងបានបង្កើតឱកាស»។
ឥឡូវនេះ ក្រុម Leeds បានរំលងទៅ ២ ប្រកួត ដោយមិនមានជ័យជម្នះឡើយ ខណៈនេះជាការបរាជ័យលើកដំបូងក្នុងលីគ គិតតាំងពីចាញ់ក្រុមជើងឯកចាស់ Liverpool នៅក្នុងការប្រកួតបើកឆាក។
លោក Marcelo Bielsa អ្នកចាត់ការរបស់ក្រុម Leeds បានប្រាប់ថា៖ «នៅវគ្គទី១ យើងបានបង្កើតឱកាសជាច្រើនផ្សេងៗគ្នា ហើយនៅវគ្គទី ២ វាគួរតែល្អជាងហ្នឹង។ យើងបង្កើតឱកាសល្មមតែអាចធ្វើការនាំមុខបាន។ ខ្ញុំមិនគិតថា ពួកគេល្អជាងយើងនោះទេ តែពួកគេរារាំងការវាយសម្រុកបានល្អជាងយើង»។
ការគ្របសង្កត់របស់ក្រុម Leeds នៅតង់ដំបូង ក៏មានឱកាសបំប៉ោងសំណាញ់ទី ១ គ្រាប់ដែរ ដែលជាការតែតរបស់ខ្សែប្រយុទ្ធ Patrick Bamford តែគ្រាប់បាល់នោះ មិនយកជាការ ដោយសារស្ថិតក្នុងជំហរក្រៅល្បែង (offside) ហើយក្រោយមកការទាមទារបាល់ពិន័យ ១១ម៉ែត្រ ក៏ត្រូវបដិសេធទៀត។
បន្ទាប់ពីការស៊ុតបញ្ចូលទីគ្នាទៅវិញទៅមកយ៉ាងច្រើនសន្ធឹក ទាំង ៤៦ ប្រកួត នៅ Premier League គិតតាំងពីថ្ងៃបើករដូវកាលថ្មី កាលពីខែកញ្ញា កន្លងទៅ ពេលនេះទស្សនីយភាពដ៏ល្អមើលហ្នឹង ត្រូវបានបញ្ចប់នៅទឹកដី Hawthorns របស់ West Brom ហើយ។
រវាងក្រុមទាំង ២ West Brom និង Burnley បូកបញ្ចូលគ្នានូវគ្រាប់បាល់ដែលរបូតមានចំនួន ២១ គ្រាប់ តែសម្រាប់ការជួបគ្នា ដែលជាប្រកួតទី ៤៧ នៃយុទ្ធនាការនៅ Premier League បានត្រឹមលទ្ធផល ០-០ ប៉ុណ្ណោះ ពេលអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតផ្លូវការ។
លទ្ធផលនេះ ក៏បង្ហាញឱ្យឃើញដែរថា ទាំង ២ ក្រុម នៅមិនទាន់ស្គាល់រសជាតិជ័យជម្នះនៅឡើយទេ សម្រាប់ប្រកួតក្នុងលីគ នារដូវកាលនេះ ខណៈក្រុម Burnley ទើបមាន ១ ពិន្ទុ ក្រោយបញ្ចប់ការប្រកួត ៤ លើករបស់ខ្លួន។
សម្រាប់ក្របខ័ណ្ឌ Premier League គិតត្រឹមសប្ដាហ៍ទី ៥ នេះ គឺក្រុម Everton កំពុងឈរទី១ ក្នុងតារាងបណ្ដោះអាសន្ន មាន ១៣ ពិន្ទុ តាមពីក្រោយដោយ Aston Villa ដែលប្រកួតតិចជាង ១ លើក ចំនួន ១ ពិន្ទុ៕ AFP/VN