ភ្នំពេញ៖​ ដោយ​​មាន​គោលដៅ​ចង់​ចូលរួម​អភិរក្ស និង​រក្សា​កេរ​ដំណែល​ទម្រង់​សិល្បៈ​​តន្រ្តី​បុរាណ​​​​​ខ្មែរ​ ឲ្យ​​នៅ​គង់វង្ស​បន្ត​នោះ មិត្ត​​តន្រ្តី​​ គឺ​​ជា​សាលា​​ភ្លេង​ដំបូង​​គេ ក្នុង​វិស័យ​ឯកជន​បាន​បើក​ទ្វារ​ទទួល​សិស្ស​​ចូល​រៀន​គ្រប់​វ័យ​ ជាមួយ​​ឧបករណ៍​តន្រ្តី​​​​បុរាណ​​​ខ្មែរ​​មាន​ចំនួន​ ១០ ប្រភេទ និង​​ឧបករណ៍​ភ្លេង​សម័យ​​​បែប​​បរទេស ៤ ប្រភេទ ដែល​​បង្រៀន​ដោយ​គ្រូ​​ជំនាញ​ និង​​មាន​កម្មវិធី​​​បញ្ចូល​​អក្សរ​ភ្លេង​ និង​​​សៀវភៅ ​សម្រាប់​រៀន​ទៀត​​ផង។

សាលា​ភ្លេង «​មិត្ត​តន្ត្រី​» ដែល​បើក​​​បង្រៀន​​សិស្ស​រយៈពេល​ជិត ២ ​ឆ្នាំ​​មក​​​ហើយ​នោះ ​មាន​​ជំនាញ​ឧបករណ៍​ភ្លេង​ ​២​ ផ្នែក​ធំ​ គឺ​ទី​១​ ផ្នែក​ភ្លេង​បុរាណ​ខ្មែរ ចំនួន​​ ១០ ប្រភេទ ​ដូចជា​ទ្រសោ ទ្រអ៊ូ ទ្រខ្មែរ ទ្រឆេ ចាប៉ី ​ខ្លុយ ​ រនាតឯក ​ ពិណ តាខេ ​ឃឹម ​សាដៀវ ស្គរ​ដៃ​ និង​ចាប៉ី​ដង​វែង​ ឯ​ផ្នែក​ទី​២​ គឺ​ឧបករណ៍​ភ្លេង​បរទេស​ចំនួន ​៤ ​ប្រភេទ ​ដូច​ជា​ ព្យ៉ាណូ វីយូឡុង ហ្គីតា និង​ម៉ង់ដូលីន។ ​​ម៉ោង​រៀន​​​របស់​សិស្ស​ មាន​ ​២ ​វេន ​គឺ​រៀន​វេន​​​នៅ​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ មាន​​ម៉ោង​រើស​ចាប់​ពី​ម៉ោង​​ ២ រសៀល​​ដល់​ម៉ោង ៧ ​យប់ និង​​រៀន​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ​(សៅរ៍-អាទិត្យ) មាន​​ម៉ោង​រើស​ចាប់​ពី​ម៉ោង ​​៨ ព្រឹក​ ដល់​​ ៧ យប់​។​

នាយក​សាលា​ «មិត្ត​តន្រ្តី​​» ​លោក ​គាត សុគីម បាន​ឲ្យ​ដឹង​​ថា​​៖ «លើស​ពី​នេះ ​សាលា​យើង​មាន​​កម្មវិធី​ថ្នាក់​ទ្រឹស្ដី​ភ្លេង និង​តែង​និពន្ធ​ជាមួយ​​កម្មវិធី​​បង្រៀន​​បែប​ទំនើប​ ឧបករណ៍​ និង​សៀវភៅ​ភ្លេង​ទៅ​តាម​ឧបករណ៍​​នីមួយៗ​ បង្ក​​​លក្ខណៈ​​ងាយ​ស្រួល​ជា​ច្រើន​ដល់​​សិស្ស​​ក្នុង​​ការ​ហ្វឹក​ហាត់​មេរៀន​ទាំង​នៅ​​ក្នុង​ថ្នាក់ និង​ក្រៅ​ថ្នាក់។ ​​យើង​ខ្ញុំ​សង្ឃឹម​​ថា​ អ្នក​ទាំង​អស់​គ្នា​ នឹង​​មក​ចូល​​រួម​ជាមួយ​យើង ​ដើម្បី​ទទួល​​បាន​នូវ​ចំណេះ​ជំនាញ​​ផ្នែក​តន្ត្រី និង​ចូលរួម​លើក​កម្ពស់​វិស័យ​តូរ្យ​តន្ត្រី​នៅ​កម្ពុជា​ផង​​ដែរ​ ជា​ពិសេស​​សម្រាប់​​ការ​ជួយ​អភិរក្ស​ភ្លេង​បុរាណ​ខ្មែរ​ដែល​មាន​តាំង​ពី​ដូនតា​មក​នោះ»​។​

សាលាភ្លេង ​«មិត្ត​តន្រ្តី»​​ មាន​បង្រៀន​ឧបករណ៍​ភ្លេង​បុរាណខ្មែរ និង​ភ្លេង​បរទេស​។ រូបថត សហ​ការី

ដោយសារ​​ឧបករណ៍​បុរាណ​​ខ្មែរ​​ទាំង​ ១០ ប្រភេទ​​ និង​​ឧបករណ៍​ភ្លេង​​បរទេស​ទាំង​​ ៤ ប្រភេទ​ នឹង​ត្រូវ​សិក្សា​​​ទៅ​តាម​កម្រិត​​នៃ​​ឧបករណ៍​នីមួយៗ​ ដែល​​មាន​ច្រើន​ខែ​ និង​អាស្រ័យ​​តាម​​ទេពកោសល្យ​សិស្ស​ផង​ដែរ​ ​​តម្លៃ​សិក្សា​​គឺ​​សមរម្យ​អាច​ឲ្យ​​សិស្ស​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​អាច​​​មាន​លទ្ធភាព​​​រៀន​​បាន​មាន​​ចន្លោះ​ពី​ ១០ ដុល្លារ ​រហូត​ដល់ ២៥ ដុល្លារ ក្នុង ​១ ​ខែ​​។​​

លោក គាត សុគីម ​​បញ្ជាក់​ថា​៖ «យើង​បាន​រៀបចំ​នូវ​​រយៈពេល​​រៀន​​ឧបករណ៍​នីមួយៗ​មាន​ ៤ កម្រិត​ ហើយ​ ១ ​កម្រិត​អាច​ឲ្យ​សិស្ស​ប្រើ​ពេល​វេលា​​រៀន​​​ចន្លោះ​ពី​ ៣ ទៅ​ ៤ ​ខែ​។ ​ចំពោះ​តម្លៃ​ទូទៅ​សិក្សា​​រយៈពេល​ ១ ​ខែ​ គឺ​មាន​តម្លៃ​​ ១០ ដុល្លារ ខណៈ​​​​ឧបករណ៍​ ៣ បង់​ថ្លៃ​​​សិក្សា​ខុស​គេ​បន្តិច ​ដោយសារ​​ពិបាក​រក​ធនធាន​គ្រូ​មក​​បង្រៀន ​គឺ​មាន​ឧបករណ៍​​ទ្រ​ខ្មែរ និង​​​វីយូឡុង សិស្ស​ត្រូវ​បង់​តម្លៃ​​ ២០ ដុល្លារ ក្នុង​ ១ ​ខែ ហើយ​ឧបករណ៍​សាដៀវ​វិញ ​គឺ​រាង​ថ្លៃ​ជាង​គេ​បន្តិច ​គឺ​បង់​តម្លៃ​ ២៥ ដុល្លារ ក្នុង​ ១ ខែ»។​

ខ្លុយជាឧបករណ៍​ភ្លេងខ្មែរ​ពីបុរាណ​​។ រូប សហ​ការី

តាម​ទម្លាប់ និង​​ភាព​ជាក់​ស្តែង​​នៃ​ការ​ពេញ​និយម​របស់​សិស្ស​រៀន​ផ្នែក​សិល្បៈ​ទាំង​ផ្នែក​ចម្រៀង​​​ក្តី និង​របាំ​ក្តី​ រមែង​មាន​​សម្ទុះ​​ស្រូប​​​បាន​នូវ​​ចំនួន​​សិស្ស​​ចូល​រៀន​លើ​ផ្នែក​សម័យ​ជាង​​បុរាណ​ តែ​សម្រាប់​សាលា ​«មិត្ត​តន្ត្រី» ​វិញ​ បែរ​ជា​ទទួល​បាន​​សិស្ស​ចូល​រៀន​ ឧបករណ៍​ភ្លេង​​បុរាណ​ជាង​ឧបករណ៍​បែប​​​បរ​​ទេស​​ ឬ​ជា​ឧបករណ៍​បែប​សម័យ​ នោះ​​​ទៅ​វិញ​​។

នាយក​សាលា​ភ្លេង​មិត្ត​តន្រ្តី​បង្ហើប​​ថា៖ «យើង​ក៏​មាន​ការ​ងឿង​​ឆ្ងល់​ដែរ​រឿង​នេះ ហើយ​នា​​ពេល​​បើក​សាលា​​ដំបូង​នោះ យើង​រំពឹង​គិត​ថា ច្បាស់​ជា​មាន​សិស្ស​ចូល​រៀន​ឧបករណ៍​ភ្លេង​បរទេស​បែប​សម័យ​ច្រើន​ជាង​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ មិន​ខាន​នោះ​ទេ​​។ តែ​ជាក់​ស្តែង​ពេល​​មាន​សិស្ស​មក​ចុះ​ឈ្មោះ​ចូល​រៀន​នោះ យើង​ឃើញ​ចំនួន​​សិស្ស​ចាប់​អារម្មណ៍​ចូល​រៀន​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ច្រើន​ជាង​​ឧបករណ៍​ភ្លេង​​បរទេស​​​បែប​សម័យ​ទៅ​វិញ។

ហើយ​បើ​តាម​​ការ​សង្កេត-​ និង​ស្ទង់​មតិ​នោះ ពី​សិស្ស​នោះ គឺ​​​មក​ពី​យើង​​មាន​លក្ខណៈ​ងាយ​​ស្រួល​ច្រើន​ទៅ​លើ​ការ​រៀន​​​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​គឺ​​​ទី​១ យើង​មាន​សៀវភៅ មេរៀន​ និង​អក្សរ​ភ្លេង​​នៃ​ឧបករណ៍​នីមួយៗ​ ភ្ជាប់​ជាមួយ​នឹង​​​ទ្រឹស្តី​ និង​មាន​ម៉ោង​ច្រើន​ជ្រើស​​សម្រាប់​សិស្ស​ចូល​រៀន​​​មិន​​អាក់​ដំណើរ និង​បំណង​​​ចង់​រៀន​របស់​ពួក​គាត់​​ ហើយ​​មាន​ថែម​​ទាំង​មាន​គ្រូ​ជំនាញ​តាម​ឧបករណ៍​តែ​ម្តង​»។​​

សម្រាប់​​អ្នក​ចង់​ចូល​​រៀន​ជំនាញ​​​​​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ និង​ឧបករណ៍​ភ្លេង​បរទេស​ទៅ​តាម​ម៉ោង​​​ទំនេរ​​ខ្លួន​ ហើយ​អាច​បង្ក​លក្ខណៈ​​ងាយ​ស្រួល​រៀន​​នោះ ​អាច​​សាកសួរ​​នាំ​តាម​ទូរស័ព្ទ ០១១ ៤៦០ ៩០០ ឬ ០៧០ ៥៩៦ ០៧៦​​ នៅ​​​សាលា​​​ភ្លេង​ «មិត្ត​តន្រ្តី​»​៕​

សិស្ស​ខ្មែរ​ ដែល​បាន​ចូល​រៀន​ឧបករណ៍​ភ្លេង​​​ខ្លុយ​​។ រូបថត សហ​ការី