ភ្នំពេញ៖ ខណៈ​អតិថិជន​មួយ​ចំនួនធំ​ពិបាក​ស្វែងរក​អំណោយ​គាំទ្រ​ស្នាដៃ​ផលិត​ក្នុងស្រុក ជូន​មនុស្ស​ជា​ទីស្រឡាញ់​នោះ សិប្បករ​ខ្មែរ​ភាគច្រើន​បែរជា​មាន​ផលិតផល​ហើយ​នៅ​មិនដឹង​ថា​គួរ​គ្រប់គ្រង​យ៉ាង​ដូចម្ដេច?។

ដោយសារ​ឃើញ​ភាពខ្វះ​ចន្លោះ​រវាង​អតិថិជន​ និង​សិប្បករ «សិប្ប» ក៏​ត្រូវបាន​បង្កើតឡើង​ ដោយ​សហស្ថាបនិក លឹម កណ្ណិកា ​ដើម្បី​ឱ្យ​ទីផ្សារ​ទាំង ២ ជួបគ្នា។

កញ្ញា កណ្ណិកា បាន​មើលឃើញ​ពី​ភាពខ្វះ​ចន្លោះ​នេះ​ក៏ដោយសារ​តែ​កញ្ញា​ធ្លាប់​ធ្វើការ​ជាមួយ​អង្គការ​ប្រឆាំង​ការជួញដូរ​មនុស្ស Destiny Rescue និង​អង្គការ Nomi Network ដែល​មាន​បង្រៀន​របៀប​ឌីហ្សាញ និង​គ្រប់គ្រង​ផលិតផល​ដល់​សិប្បករ​ឱ្យ​មាន​ការផលិត​នៅ​ខ្មែរ និង​ធ្វើ​ដោយ​ជនជាតិ​ខ្មែរ។

សហ​ស្ថាបនិក «សិប្ប» បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍ ថា៖ «រយៈពេល ៣ ឆ្នាំ​ធ្វើការ​ជាមួយ​ពួកគាត់ ខ្ញុំ​សង្កេត​បាន​ថា​ពួកគាត់​ផលិត​ចេញ​នូវ​ផលិតផល​ល្អៗ និង​ស្អាតៗ​ច្រើន ប៉ុន្តែ​ចំណុច​ដែល​ពួកគាត់​មិនមាន​គឺ​ផ្នែក​ទីផ្សារ។ ហើយ​ខ្ញុំ​ក៏មាន​មិត្តភក្តិ​ម្នាក់​ធ្វើការ​ខាង​គ្រប់គ្រង​ធនធាន​មនុស្ស​ដែល​គាត់​ក៏​ជា​សហស្ថាបនិក «សិប្ប» ផងដែរ តែងតែ​មាន​ភាពពិបាក​ក្នុង​ការ​រក​កាដូ​ជូន​បុគ្គលិក​គាត់»។

ផលិតផល​តម្បាញ​ពី​ខេត្ត​កំពត​យកមក​ច្នៃ​ជា​កាបូប​ទាន់សម័យ (ស្ដាំ) និង​រូប​កាបូប​ដែល​បញ្ចូល​ការឌីហ្សាញ​បែប​ទំនើប (ឆ្វេង)។ សហការី

កញ្ញា កណ្ណិកា បាន​រៀបរាប់​ថា៖ «ផ្ដើម​ពី​ចំណុច​នេះ​នាំឱ្យ​ខ្ញុំ​មាន​គំនិត​ក្នុង​ការទាញ​ឱ្យ​ពួកគាត់​ទាំង ២ ជួបគ្នា ហើយ​ដោយ​បទពិសោធ​ធ្វើ​ជាមួយ​សិប្បករ​ស្រាប់​ខ្ញុំ​ក៏​នៅតែ​បន្ត​មាន​ទំនាក់ទំនង​ល្អ​ទើប​យើង​អាច​បើក​សិប្ប​បាន»។

«សិប្ប» បាន​ចាប់ផ្ដើម​ដំណើរការ​ពី​ដើម​ឆ្នាំ ២០១៩ ដោយ​សហស្ថាបនិក​វ័យ ៣០ ឆ្នាំ​រូប​នេះ​បាន​ចាត់ទុក​ថា វា​ជា​អាជីវកម្ម​ធម្មតា ដែល​ផ្តោត​ទៅ​លើ​ការផ្សព្វផ្សាយ​ការងារ​សង្គម​ច្រើន។

កញ្ញា​ក៏បាន​សម្គាល់​ឃើញ​ដែរ​ថា​ប្រជាជន​ជាច្រើន​ដែល​នៅតាម​ខេត្ត​មិន​សូវ​មាន​ការងារ​ធ្វើ។ ខ្លះ​ក៏​ចំណាកស្រុក រីឯ​ខ្លះ​ក៏​ទៅ​ធ្វើការ​បម្រើ​សេវាកម្ម ធ្វើឱ្យ​មាន​បញ្ហា​ដល់​កូនៗ​មិន​មាន​លទ្ធភាព​ទៅ​រៀន។

កញ្ញា​បាន​លើកឡើង​ថា៖ «ឃើញ​រូបភាព​អស់នោះ​ហើយ​ដែល​ជំរុញ​ខ្ញុំ​ចង់ឱ្យ​អាជីវកម្ម​ខ្ញុំ ជា​អាជីវកម្ម​ដែល​អាចបង្កើត​ការងារ​ដល់​ប្រជាជន​មាន​ប្រាក់ចំណូល​ដល់​ពួកគាត់​ និង​កាត់បន្ថយ​ការ​ចំណាកស្រុក»។

សម្ភារ​ពី «សិប្ប» សឹង​តែ ១០០% ធ្វើ​ពី​ដៃ​ និង​ជា​របស់​កែច្នៃ​ដោយ​សិប្បករ​ខ្មែរ​សុទ្ធសាធ។ ផលិតផល​ជិត ៣០ ប្រភេទ​ពី​អង្គការ​ផ្សេងៗ​រួមមាន កាបូបដៃ កាបូបយួរ ខ្សែ​កាបូប កញ្ច្រែង ម៉ាស់ កន្សែង​ចាក់ គ្រឿងអលង្ការ ក្រវិល កងដៃ និង​សម្ភារ​ផ្ទះបាយ​មួយ​ចំនួន​ទៀតផង។

ផលិតផល​សេរ៉ាមិច​ដែល​ជា​ស្នាដៃ​សិល្បករ​ស្មូន​ក្នុង​ស្រុក​សុទ្ធសាធ។ សហការី

សម្ភារ​មាន​ធ្វើ​ពី​ផលិតផល​ធម្មជាតិ​ដូចជា​ចចូត ស្លឹក​ចាក កំប្លោក ដីឥដ្ឋ សេរ៉ាមិច និង​ច្រើន​ទៀត។ កាបូប​ក៏មាន​ធ្វើ​ពី​ក្រណាត់​តម្បាញ​ និង​ស្បែក​រួម​បញ្ជូល​គ្នា ដើម្បី​អភិវឌ្ឍ​ទៅ​ជា​ផលិតផល​ដ៏ទាន់សម័យ។

ក្នុង​អំឡុងពេល​វិបត្តិ​កូវីដ​នេះ​ម៉ាស់​ជា​ផលិតផល​ដែល​លក់ដាច់​ជាងគេ។ អតិថិជន​ បន្ទាប់ពី​ប្រើប្រាស់​បាន​ប្រាប់ថា​វា​មិន​ហប់​ពេក​មិនមាន​ប្រតិកម្ម​ជាមួយ​ស្បែក និង​មាន​គុណភាព​ល្អ។

«សិប្ប» ទទួល​បាន​ភ្ញៀវ​ក្នុង​ស្រុក​ស្ទើរ​តែ ៩០ ភាគរយ។ ការនាំ​ចេញទៅ​ក្រៅ​ប្រទេស​ត្រូវបាន​ធ្វើឡើង​ដើម្បី​សាកល្បង​ទីផ្សារ​ និង​មាន​ខ្លះ​អតិថិជន​កុម្ម៉ង់​ជម្រើស​ម៉ូដ​តាម​តម្រូវ​ការយក​ចេញ​ទៅ​លក់​នៅក្រៅ​ប្រទេស។

ក្រោម​ពន្លឺ​នៃ​ការនាំចេញ​ស្នាដៃ​សិប្បកម្ម​ទៅ​បរទេស កញ្ញា កណ្ណិកា បានបញ្ជាក់​ប្រាប់ថា៖ «សម្រាប់​ផលិតផល​ដែល​នាំ​ចេញ​ទៅ​ជប៉ុន គាត់​មាន​ការពេញចិត្ត​ជាមួយ​គុណភាព​យើង ព្រោះ​យើង​ធ្វើ​ដោយ​មាន​ភាព​ទទួលខុស​ត្រូវ​ទាំង​ពេលវេលា​កំណត់​ជាមួយ​ភ្ញៀវ​ និង​គុណភាព​ទៅតាម​អ្វីដែល​យើង​បាន​សន្យា​ជាមួយ​គាត់។ កត្តា​ទាំងនេះ​ហើយ​ដែល​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​យើង​កាន់តែ​រីកធំឡើង ឥឡូវ​យើង​ថែមទាំង​អាច​ផ្គត់ផ្គង់​ក្រុមហ៊ុន​ធំៗ​បាន​ទៀតផង»។

តម្លៃ​ផលិតផល​អាស្រ័យ​ទៅ​លើ​ប្រភេទ​ដែល​អតិថិជន​ចង់បាន​កត្តា​កិច្ចការ​ពិបាក​ និង​ស្មុគស្មាញ​ក្នុង​ការធ្វើ​ដោយ​ដៃ។ ជាទូទៅ​ផលិតផល «សិប្ប» មានតម្លៃ​ពី ១,៥ ដុល្លា​ឡើង​សម្រាប់​ម៉ាស់។ រីឯ​កាបូប និង​សម្ភារ​ដទៃទៀត​មានតម្លៃ​ពី ៣ ទៅ ៦០ ដុល្លារ។

ផលិតផល​ដែល​សិប្បករ​ត្បាញ​ហើយ​ត្រូវបាន​យកមក​បញ្ចូល​​ និង​រចនា​បែប​សម័យ​ទំនើប។ សហការី

មិន​ខុសពី​ផលិតផល​ក្នុង​ស្រុក​មួយចំនួន​ដែល​ត្រូវ​ប្រឈម​ការរិះគន់​ពី​តម្លៃ​ខ្ពស់ កញ្ញា​ កណ្ណិកា ​បាន​រំឭក​ឱ្យដឹងថា ពេល​បើក «សិប្ប» ដំបូង​ពុំមាន​អ្នក​ចាប់អារម្មណ៍​ទេ។

កញ្ញា​រំឭក​ប្រាប់ថា៖ «ពេល​ឮថា​ផលិតផល​ខ្មែរ​គ្រប់​គ្នា​មានគំនិត​ថា​មិនទាន់​សម័យ គុណភាព​មិនសូវ​ល្អ និង​ថ្លៃ​ទៀត»។

ប៉ុន្តែ​ក្រោយ​មក​កញ្ញា​ព្យាយាម​រៀបចំ​រចនាសម្ព័ន្ធ​ទីផ្សារ​ឱ្យបាន​ត្រឹមត្រូវ​ និង​ធ្វើការ​បញ្ជ្រាប​ផ្នត់គំនិត​ចំពោះ​គុណប្រយោជន៍​នៃ​ការគាំទ្រ​ផលិតផល​ខ្មែរ ដែលជា​ផលិតផល​ល្អ​អាច​ជួយ​ដល់​សិប្បករ រួមចំណែក​គាំទ្រ​ស្នាដៃ​វប្បធម៌​ប្រពៃណី​ខ្មែរ​បន្សល់ទុក​ពី​ដូនតា និង​លើកស្ទួយ​សិដ្ឋកិច្ច​ជាតិ​ទាំងមូល​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

កញ្ញា កណ្ណិកា បាន​ប្រាប់ថា៖ «រហូត​មក​ដល់​ពេលនេះ​ពួកគាត់​បើក​ចិត្ត​ទូលាយ​ច្រើន ហើយ​ក៏​បាន​គាំទ្រ​ប្រើប្រាស់​ និង​យល់ឃើញ​ថា​ផលិតផល​យើង​ក៏​មាន​គុណភាព​ល្អ​ដែរ។ ថ្វីដ្បិតតែ​តម្លៃ​ថ្លៃ​បន្តិច​មែន​ ប៉ុន្តែ​វា​ជា​សមិទ្ធផល​កម្លាំង​ញើស​ឈាម​បងប្អូន​ខ្មែរ​ផ្ទាល់​ដែល​មិន​ងាយស្រួល​ដូចជា​ការផលិត​ដោយ​ម៉ាស៊ីន​ទេ»។

សហស្ថាបនិក «សិប្ប» មាន​គម្រោង​ធ្វើការ​លក់​បោះដុំ ពង្រីក​ការនាំ​ចេញទៅ​ក្រៅ​ប្រទេស ពង្រឹង​ការច្នៃ​ម៉ូដ​ឱ្យ​កាន់តែ​មាន​ភាពទាក់ទាញ បន្ថែម​ផលិតផល​ឱ្យបាន​កាន់តែ​សម្បូរបែប និង​ផ្ដោត​ទៅលើ​ការវេចខ្ចប់​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​ក្រៅ​ស្រុក​បាន។

ផលិតផល ដែល​អាច​ធ្វើជា​គ្រឿង​តុបតែង​ និង​សម្ភារ​ប្រើប្រាស់​បាន។ សហការី

កញ្ញា​បញ្ជាក់ថា៖ «ព្រោះ​ខ្ញុំ​យល់ថា​បច្ចុប្បន្ន​ការវេចខ្ចប់​មិនទាន់​ជា​ទូលំទូលាយ​ទេ​នៅ​ស្រុក​យើង»។

ក្នុង​ដំណើរ​លើ​វិថី​ផ្សព្វផ្សាយ​សិប្បកម្ម​ខ្មែរ​ដែល​មិនមែន​ជា​កិច្ចការ​ងាយស្រួល​នេះ កញ្ញា​ក៏​ថ្លែង​អំណរគុណ​ដល់​អ្នកគាំទ្រ​ផលិតផល​ពី «សិប្ប» និង​ទទូច​ដល់​មហាជន​ងាក​មក​សាកល្បង​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក។

សហ​ស្ថាបនិក «សិប្ប» បាន​និយាយ​ថា៖ «បើសិន​ជា​បងប្អូន​ជួយ​គាំទ្រ​ឱ្យ​ពួកយើង​រស់រាន អាជីវកម្ម​យើង​នឹង​ដំណើរការ​ទៅមុខ​វប្បធម៌​យើង​នៅតែ​រក្សាបាន។ ផ្ទុយ​មកវិញ​បើ​គ្មាន​ការគាំទ្រ យើង​អាច​នឹង​បិទទ្វារ​នៅពេល​ណាមួយ​ក៏​ថា​បាន»

សម្រាប់​ការជាវ​ និង​ពត៌មាន​បន្ថែម «សិប្ប» អាច​ទំនាក់ទំនង​បាន​តាម​គេហទំព័រ​ហ្វេសប៊ុក @sepakcambodia៕

សិប្បករ​ខ្មែរ​បន្ត​ជំនាញ​ពី​ដូនតា​ ដើម្បី​ស្វែងរក​ចំណូល​ប្រចាំថ្ងៃ។ សហការី

ផលិតផល​ធ្វើ​ដោយ​ដៃ​ហាក់​មាន​តម្លៃ​ខ្ពស់​ប៉ុន្តែ​វា​រួមចំណែក​ថែរក្សា​កេរដំណែល​វប្បធម៌​ និង​ប្រពៃណី។ សហការី